ឌូតឺតេធ្វើតេស្ដរកមេរោគ Covid-19 ក្រោយ​រដ្ឋមន្ត្រី​និង​សមាជិក​ព្រឹទ្ធសភាខ្លះ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពី​គេ​

  • 2020-03-12 03:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​ហ្វីលីពីន​ លោក​រ៉ូ​ឌ្រី​ហ្គោ ឌូតឺតេ ត្រូវ​ឲ្យ​ពេទ្យ​ពិនិត្យ​រក​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា ក្រោយ​ពី​រដ្ឋមន្ត្រី​របស់​លោក​៣​នាក់ និង​សមាជិក​​ព្រឹទ្ធសភា​២​នាក់ បាន​និយាយថា​ពួកគេ​បាន​ប៉ះពាល់​អ្នក​ឆ្លង​វីរុស​នេះ​។​

​ព្រឹទ្ធ​សមាជិក បុ​ង ហ្គោ ដែល​ក៏​ជា​ជំនួយការ​របស់​ប្រធានាធិបតី មិន​បាន​និយាយ​ថា​ហេតុអ្វី​បានជា​លោក​ឌុយ​ទែត សម្រេចចិត្ត​ឲ្យគេ​ពិនិត្យ​រក​វីរុស ឬក៏​ថា​តើ​​លោក​ក៏​នឹងដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​ដែរ​ឬ​យ៉ាងណា​ទេ​។​ ​ព័ត៌មាន​នេះ​បាន​លេចឮ​ឡើង​ក្រោយ​ពី​ក្រសួង​សុខាភិបាល​បានបញ្ជាក់​អះអាងថា​ស្ត្រី​វ័យ​៦៧​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ម៉ានីល កាលពី​​ថ្ងៃ​ពុធ​ទី​១១​មីនា ។​គាត់​ជា​ជនជាតិ​ហ្វីលីពីន​ទី​១​ដែល​ស្លាប់​ដោយ​វីរុស​ឬ​ជំងឺ​កូវី​ដ​១៩​។​ ការស្លាប់​របស់​គាត់​នាំ​ឲ្យ​ហ្វីលីពីន​មាន​អ្នកស្លាប់​ដោយ​ជំងឺឆ្លង​នេះ​ទី​២​។​ ​អ្នកទេសចរ​ចិន​ម្នាក់​ដែល​បាន​ចូល​មក​ហ្វីលីពីន​បាន​ស្លាប់​ដោយកូវី​ដ​១៩​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅ​ក្រុង​ម៉ានីល​កាលពី​ខែ​មករា​។​ ​អ្នក​កើតកូ​វីដ​១៩​នេះ ជា​ប្តី​របស់​ស្ត្រី​វ័យ​៦៧​ឆ្នាំ​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ​។​ ​ពួក​មន្ត្រី​សុខាភិបាល​បានឲ្យដឹងថា ប្តី​ប្រពន្ធ​នេះ​មិន​បាន​ចេញ​ក្រៅ​ហ្វីលីពីន​ទេ​នៅ​ពេល​ថ្មីៗ​នេះ​។​អ្នក​ទាំង​២​ត្រូវ​បាន​ពិនិត្យឃើញកូ​វីដ​១៩​កាលពី​ថ្ងៃ​ពុធ​។​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​ហ្វីលីពីន​បាន​និយាយថា ការ​ប្រឈម​នឹង​វីរុស​នេះ​មាន​កម្រិត​ខ្ពស់ ដោយ​មាន​ឱកាស​ខ្ពស់​ណាស់​ថា​នរណា​ម្នាក់​ក្រៅ​ពី​អ្នក​ត្រូវបាន​រកឃើញ​​កន្លងមក​មាន​ផ្ទុក​វីរុស​នេះដែរ​។​ ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ លោក​កា​ឡូ​ស ដី​មីន​ហ្កេ​ស ក្នុងពេល​ជាមួយគ្នា បាន​អះអាង​ថា​លោក​ក៏​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​ដែរ បន្ទាប់ពី​ដឹង​ថា​មនុស្ស​ដែល​លោក​បាន​ចាប់ដៃ​​កាលពី​សប្តាហ៍​មុន មាន​ផ្ទុ​កកូ​វីដ​១៩​។​ចំណែក​រដ្ឋមន្ត្រី​គមនាគមន៍​និង​លេខាធិការ​ប្រតិបត្តិ ដែល​ជា​នាយសេនាធិការ​របស់​ប្រធានាធិបតី ក៏​បាន​ធ្វើតាម​។​ ​ដោយសារ​រដ្ឋមន្ត្រី​៣​រូប​បង្ខាំង​ខ្លួន​នៅ​ដាច់​ពី​គេ លោក​ឌុយ​ទែត បាន​សម្រេចចិត្ត​លុបចោល​ដំណើរ​ទៅកាន់​កោះ​បូរ៉ា​ខេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​មីនា​នេះ​។​លោក​​គ្រោង​ទៅ​ទីនោះ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​។​

​សូមបញ្ជាក់​ថា រហូតមកទល់​ពេលនេះ ហ្វីលីពីន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​នេះ​ចំនួន​៤៩​នាក់​។​តែ​នៅ​បរទេស ជនជាតិ​ហ្វីលីពីន​ជិត​១០០​នាក់​ត្រូវបាន​រកឃើញ​មាន​​វីរុស​នេះ​។​ ​មាន​ករណី​សង្ស័យ​មួយ​ពាក់ព័ន្ធ​នឹង​កូវី​ដ​១៩ ដោយ​នាយក​ធំ​របស់​ក្រុមហ៊ុនស្រា​បៀរ San Miguel​របស់​ហ្វីលីពីន បាន​ទៅ​បំពេញ​បេសកកម្ម​ធុរកិច្ច​នៅ​ក្រុង​ប៉ារីស ​ប្រទេស​បារាំង តែ​លោក​បែរជា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ រហូតដល់​សន្លប់​លែង​ដឹងខ្លួន​នៅក្នុង​មន្ទីរពេទ្យ​ក្រុងប៉ារីស​៕​

ប្រភព ៖ rasmeinews