Romelu Lukaku បិះទៅ Juventus មុនចូល Inter ខណៈ Ole ចង់​ឱ្យ​គេ​នៅ Man Utd

  • 2020-03-20 04:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតកីឡាករបិសាចក្រហម Romelu Lukaku បានឱ្យដឹង​ថា​រូប​គេ​បិះទៅ​លេង​នៅ​ Juventus ក្របខ័ណ្ឌ Serie A មុន​ចុះកុងត្រា​ជាមួយក្លឹប Inter។

Lukaku បាន​ឱ្យដឹង​ក្នុង​កិច្ចសម្ភាសន៍ YouTube របស់ Ian Wrig ​ថា ៖«ខ្ញុំបិះ​តែ​ទៅ​លេង Juve ប៉ុន្តែ​​ខ្ញុំ​បាន​ដាក់​ចិត្ត​ទៅ​លើ​ Inter និង​អ្នកគ្រប់គ្រង​»។

មុន​ទៅ​លេង Inter លោក Conte ចង់​ឱ្យ​ Lukaku ទៅ​លេង​នៅ​ Chelsea និង​ Juve ប៉ុន្តែ​រូបគេ​បានដឹង​ពី​ជោគវាសនារបស់​​ខ្លួន​ឯងថាយ៉ាងម៉េច បើ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ទាំង​ពីរ ហើយ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏ល្អ ដែលរូបគេ​ចេញ​ពី Man Utd។

Lukaku បាន​បន្ថែម​យ៉ាងដូច្នេះ៖ «ឆ្នាំ​ដ៏​អាក្រក់​មួយ អាច​កើត​ឡើង​លើ​អ្នក​​គ្រប់គ្នា ហើយ​ខ្ញុំ​បាន​ជួប​រួច​ហើយ​នៅ United។ វា​ជា​ស្ថានភាព​លំបាក​បំផុត​សម្រាប់​ខ្ញុំ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​កន្លែង ដែល​ខ្ញុំ​អាច​រៀនសូត្រ​ពីទិដ្ឋភាព​ផ្សេងៗ​ពី​ហ្គេម និង​ធ្វើ​ជាមួយ​មនុស្ស​ដែល​ត្រូវ​ការ​ខ្ញុំ។ Ole ចង់​ឱ្យ​ខ្ញុំ​នៅ​ តែ​ខ្ញុំ​ប្រាប់​ថាហួសពេល​ហើយ ខ្ញុំ​អត់​មាន​សក្ដានុពល​ទៀត​ទេ»។

កីឡាករជម្រើសជាតិប៊ែលហ្សិល​រូបនេះ បានចាកចេញពី Manchester United ទៅ​ក្លឹប Inter ក្នុង​តម្លៃ ៧៤ លាន​ផោកាល​ពី​ខែ​សីហា ឆ្នាំ​២០១៩។ ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​អ៊ីតាលី ៣៥លើកគ្រប់ការប្រកួត រូប​គេ​អាច​រក​បាន​ ២៣គ្រាប់។

បើនិយាយ​ពី​ក្លឹប​ចាស់វិញ Lukaku បាន​សរសើរ Solskjaer ព្រោះ​​ចាប់​តាំង​ពី​ខែ​មករា​មក​ ក្លឹប​ហាក់​រីកចម្រើន ក្រោយ​នាំចូល​កីឡាករ​ថ្មី Bruno Fernandes និង Odion Ighalo ក្នុង​លក្ខខណ្ឌ​ខ្ចីជើង ហើយ​ Lukaku បាន​​ជូន​ពរ​ឱ្យ​ពួកគេ​ជោគជ័យ និ​លើកឡើង​ថា ក្លឹប​បាន​ដាក់​ចេញ​ទម្រង់​ថ្មី ដែល​គេ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក។

យ៉ាងណាបច្ចុប្បន្ន​នេះ Lukaku និង​កីឡាករ Inter ទាំងអស់ ត្រូវ​បាន​ដាក់​ឱ្យ​ឆ្ងាយ​ដាច់ដោយឡែក ក្រោយ​ពួកគេ​លេង​ជាមួយ Juventus ជាក្លឹប​ដែល​មាន​កីឡាករ Daniele Rugani ត្រូវ​បាន​រកឃើញ​វិជ្ជាមាន​នៃ​មេរោគ COVID-19។

អ៊ីតាលី​ បាន​ក្លាយ​ជា​ប្រទេស​មួយ​នៅ​លើ​ពិភព​លោក ដែល​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​កូរូណាអាក្រក់​បំផុត​ ហើយបច្ចុប្បន្ន​អាក្រក់​ជាង​ប្រទេស​ចិន​ទៅទៀត។ បើ​តាម​តួលេខ​ចុងក្រោយកាល​ពី​ម្សិលមិញ ដែល​ផ្សាយ​លើ​គេហទំព័រ Worldometer មនុស្ស ៣៥ ៧១៣ នាក់​បាន​ឆ្លង​ មនុស្ស ២ ៩៧៨ បាន​ស្លាប់ និង​មនុស្សជាង ៤ ០០០នាក់​បាន​ជា​សះស្បើយ។ បើ​តាម​ BBC ក្នុង​មួយថ្ងៃ​ប្រទេស​នេះមាន​មនុស្ស ៤៧៥ នាក់ស្លាប់​ ខណៈ​តំបន់​ Lombardy ភាគខាង​ជើង​ប្រទេស ​រងគ្រោះ​ខ្លាំង​ជាងគេ គឺ​មាន​អ្នក​ស្លាប់ ៣១៩នាក់​​ក្នុង​មួយថ្ងៃដោយ​កូរ៉ូណាវីរុស៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម