EZECOM ដំឡើងល្បឿនអ៊ីនធឺណិតគុណនឹងពីរដល់អ្នកប្រើ ដើម្បីទប់ទល់នឹងវីរុសកូរ៉ូណា

  • 2020-03-24 09:33:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអ៊ីនធឺណិត EZECOM បានចេញ​ប្រកាស​ថា ក្រុមហ៊ុន​នឹង​ដំឡើង​ល្បឿន​អ៊ីនធឺណិត ២០០% សម្រាប់​អ្នក​ដែល​កំពុង​ប្រើប្រាស់​កញ្ចប់ EzeSurf របស់​ខ្លួន​ដើម្បី​ជួយ​ពួក​គេ​ទទួល​បាន​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​លឿន​ដើម្បី​ធ្វើ​ការ​ពី​គេហដ្ឋាន សំដៅ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស Covid-19។ អតិថិជន​ប្រើប្រាស់​កញ្ចប់​អ៊ីនធឺណិត EzeSurf ទាំង​អស់​ទទួល​បាន​ការ​ដំឡើង​ល្បឿន​នេះ​ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្វ័យប្រវត្តិ រហូត​ដល់​ចុង​ខែ​មិថុនា។

នេះ​គឺ​ជា​ការ​ចូលរួម​ចំណែក​មួយ​ពី​សំណាក់​ក្រុមហ៊ុន EZECOM ខណៈ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​សកល​នៃ​វីរុសកូរ៉ូណា។ ក្នុង​នា​ម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដ៏​ធំ​មួយ សកម្មភាព​របស់ EZECOM ពិត​ជា​មាន​សារសំខាន់​ ខណៈ​ក្រុមហ៊ុន​ធុរកិច្ច និង​អ្នក​ធ្វើ​ការ​កាន់​តែ​ច្រើន​ជ្រើសរើស​ធ្វើ​ការ​ពី​គេហដ្ឋាន​របស់​ពួកគេ ដើម្បី​ជៀសវាង​ការ​ចម្លង​និង​ឆ្លងមេរោគ។

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុន EZECOM ការ​ដំឡើង​ល្បឿន​អ៊ីនធឺណិត​ដោយឥតគិតថ្លៃនេះ មាន​គោល​បំណង​ជួយ​​ឲ្យ​អ្នកប្រើប្រាស់​អាច​ធ្វើ​ការងារ​ពី​គេហដ្ឋាន​កាន់តែ​មាន​ប្រសិទ្ធិភាព ក៏​ដូច​ជា​រក្សា​ទំនាក់ទំនង​ជា​មួយ​ក្រុមគ្រួសារ និងមិត្តភក្តិ។ ការ​ដំឡើង​ល្បឿន​នឹង​ត្រូវធ្វើឡើង​ដោយស្វ័យប្រវត្តិ មានន័យថា អតិថិជន​មិន​ចាំ​បាច់​ទៅ​ការិយាល័យ EZECOM ឬ​ធ្វើអ្វី​ជា​ពិសេស​នោះទេ។ ការ​ផ្តល់ជូននេះ​ក៏មិនមែន​សម្រាប់​តែ​អតិថិជន​ចាស់​នោះទេ ដូច្នេះ អ្នក​ចុះឈ្មោះថ្មីៗ​សម្រាប់​កញ្ចប់ EzeSurf ក៏​ទទួល​បាន​ល្បឿន​ទ្វេ​ដង​ដូចគ្នា​ក្នុង​អំឡុង​ពេល​ផ្តល់​ជូន​នេះ​ផងដែរ។

តាមសេចក្តីជូនដំណឹងដដែលនេះ ក្រុមហ៊ុន EZECOM ក៏​លើក​ទឹកចិត្ត​​ឲ្យ​អតិថិជន​របស់​ខ្លួន​ពិចារណា​ធ្វើ​ការ​ទូទាត់​ប្រាក់​ពី​តាម​អ៊ីនធឺណិត ឬ​ពី​ចម្ងាយ តាម​រយៈ​ដៃ​គូ​ជា​ច្រើន ដូចជា Wing ធនាគារ J Trust Royal ធនាគារ ABA ធនាគារ Maybank និងដៃគូដទៃទៀត។ សេចក្តីជូន​ដំណឹងនោះ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន EZECOM នឹង​បន្ត​ចាត់​សកម្មភាព​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ចំណែក​ទប់ទល់​នឹង​បញ្ហា​វីរុស Covid-19 តាម​លទ្ធភាព​របស់​ពួក​គេជាអ្នកផ្តល់​សេវាអ៊ីនធឺណិត​ដ៏​ធំមួយ​នៅកម្ពុជា។

សង្ឃឹមថា នឹង​មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ទទួល​បានអត្ថប្រយោជន៍​ពី​ការដំឡើង​ល្បឿន​អ៊ីនធឺណិតនេះ។ សូម​បង​ប្អូន​ការពា​រខ្លួន​ឲ្យ​បានល្អ ដើម្បី​ប្រឆាំង​នឹង​មេរោគកូរ៉ូណា។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន សូម​ចូល​ទៅគេហទំព័រ ezecom.com.kh ឬហៅទូរសព្ទទៅលេខ ០២៣ ២៣ ៨១ ៨១ និង ០៨៥ ៨៨ ៨១ ៨១៕