សាវិន ហ្វីលីប មាន​រឿង​ពិបាក​ជុំ​គ្រួសារ មុន​ពេល​កើត កូវីដ-១៩​!

  • 2020-03-27 06:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សោកនាដកម្ម​កើត​ចេញ​ពី​មេរោគ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ បាន​សាយភាយ​ជា​សកល។ កម្ពុជា កំពុងប្រយុទ្ធ​ប្រឆាំង​យ៉ាងខ្លាំងក្លានឹងកូវីដ-១៩ ហើយ​ត្រូវ​បង្ខំចិត្ដ​បិទ​សាលា​រៀន ពិធី​ជួបជុំ​ធំៗ រហូត​មាន​ក្រុមហ៊ុន​ឯកជន​ខ្លះ​​ ​សម្រេច​ឲ្យ​បុគ្គលិក​ធ្វើការ​ចេញ​ពី​ផ្ទះ​រៀង​ៗ​ខ្លួន។ ដូច​គ្នា​នេះ​ដែរ សិល្ប​ករ-សិល្ប​ការិនី​ភាគ​ច្រើន​ ក៏បានសម្ងំ​នៅ​តែ​ក្នុង​ផ្ទះដែរ។

ជាក់​ស្ដែង​តារា​សម្ដែង​វ័យ​កណ្ដាល​លោក សាវិន ហ្វីលីប និយាយ​ថា ក្រោយ​ផ្អាក​ថត​ឲ្យ​ផលិតកម្ម​ចំនួន​៥ ក៏​មាន​ក្រុមហ៊ុន​ថត​ស្ពត​ពាណិជ្ជកម្ម និង​រឿង​អប់រំ​មក​ទាក់​ទង​លោក​ថត​ដែរ តែត្រូវ​លោក​បដិសេធ ហើយ​សុំ​ការ​អធ្យាស្រ័យ​ពី​ម្ចាស់​ផលិតកម្មទាំង​នោះ។ លោក នឹងសម្ងំក្នុងផ្ទះរហូតមិនចេញសម្ដែងឡើយ បើស្ថានភាពកូវីដមិនធូរស្រាល។

សាវិន ហ្វីលីប៖"និយាយ​ទៅ​ខ្ញុំ​អគុណ​កូវីដ​វិញ​ទេ...ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ពេលវេលា​នេះ​ដើម្បី​បង្កើត​ភាព​ស្និតស្នាល​ក្នុង​គ្រួសារ ព្រោះ​តាម​ធម្មតា​ខ្ញុំ​ក្រោក​ពី​ព្រឹក​ម៉ោង​៥ ឬ​៦ ទៅ​បាត់​ពី​​ផ្ទះ រហូត​ដល់​យប់​ជ្រៅ​បាន​ចូល​ផ្ទះ។ ប្រពន្ធ​ខ្ញុំ​ក៏​គាត់​ធ្វើ​ជា​ពិធីការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ហ្នឹង​ក៏​គាត់​មាន​ការងារ​គាត់​ច្រើន"។ លោក​ថា ឥឡូវ​នេះ​បាន​លោក​នៅ​ផ្ទះ​ប្រពន្ធ​ញញឹម​បិទ​មាត់​លែង​ជិត ហើយលោកក៏សប្បាចិត្ដដែរ។

លោក សាវិន ហ្វីលីប ដែល​ប្រិយមិត្ត​តែងតែ​ឃើញ​លោក​ដើរ​តួ​កាច និង​តួ​ជា​អ្នក​លេង​សម​បំផុត​នៅ​ក្នុង​រឿង​ភាគ និង​ភាពយយន្ដ​ខ្នាត​ធំ​ជា​ច្រើន​នោះ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំង​ពី​ឆ្នាំ​១៩៩០​ជាង។ ប៉ុន្តែ​លោក​បាន​ផ្ដាច់​ពី​ការងារ​សិល្បៈ​យ៉ាង​យូរ ដើម្បី​ទៅ​រៀន​បន្ត​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​នៅ​ក្រៅ​ប្រទេស ហើយ​ត្រឡប់​មក​វិញ​បាន​ក្លាយ​ជា​អ្នក​គ្រប់គ្រង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​ នៅ​ខេត្ដ​ព្រះសីហនុ។

ក្រោយ​មក គឺ​នៅ​ឆ្នាំ​២០១០ ទើប​លោក​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ម្ដង​ទៀត ហើយ​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ រូប​លោក និង​ភរិយា​មាន​ការងារ​រវល់​ច្រើន​រៀងៗ​ខ្លួន មិន​ងាយ​នឹង​រស់នៅ​ជួបជុំ​គ្នា​ប្រពន្ធ-កូន​ឡើយ។ លោក​បាន​ពោល​ពាក្យ​ចុងក្រោយ​ថា គ្រួសារ​លោក​អគុណ​កូវីដ​ដែល​នាំ​ពេល​វេលា​ដ៏​កក់ក្ដៅ​នេះ ហើយ​ក៏​ភ័យ​ខ្លាច​ណាស់​ដែរ​ចំពោះ​វា ប៉ុន្តែ​លោក​រស់នៅ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត។

តោះ...ប្រិយមិត្ដ សូមទស្សនាសកម្មភាព និងទេសភាពដ៏ស្រស់បំព្រងពីគេហដ្ឋានផ្ទាល់របស់លោក សាវិន ហ្វីលីប បន្ថែមទៀត៖

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម