ដំណឹង Giroud ទៅ​លេង​ឱ្យ Inter Milan រដូវកាល​ក្រោយ​មានភាគរយ​ខ្ពស់

  • 2020-03-31 04:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​ Olivier Giroud ចេញ​​ពី Chelsea ទៅកាន់​ Inter Milan នារដូវកាល​ក្រោយ​គឺ​មាន​ច្រើនខ្ពស់ ក្រោយ​ការ​ប៉ុនប៉ង​ចេញ​​​របស់កីឡាករ​បារាំងកាល​ពី​ខែ​មករា​​​ត្រូវ​បរាជ័យ។

មុន​ពេល​បើក​រដូវ​កាល​ដោះដូរ​កីឡាករ​កាល​ពី​ខែ​មករា ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​តោ​ខៀវ Olivier Giroud បាន​បង្ហាញ​ខ្លួន​តែ​៥​ប្រកួត​ប៉ុណ្ណោះ​នៅ Premier League ហើយ​រូប​គេ​​មិន​ត្រឹម​តែ​ខកខាន​រក​គ្រាប់​បាល់​ទេ ថែម​ទាំង​មិន​អាចលេង​៩០​នាទី​ពេញទៀតផង​។

កាល​នោះ Giroud និយាយ​ថា ៖«ខ្ញុំ​នៅ​សល់​៦​ខែ​ទៀត ជា​ហេតុ​ខ្ញុំ​ចង់​ចេញ​ (Chelsea) ដើម្បី​បាន​លេង​ ហើយ​រីករាយ​លើ​ទីលាន ដូច្នេះ​ខ្ញុំ​បាន​ព្យាយាម​សុំ​ចេញ​នៅ​ខែ​មករា»។

ក្លឹប Inter Milan បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​​លើ Giroud ចំណែក​ជម្រើស​ជាតិ​បារាំង​ ក៏​បាន​និយាយ​ជាមួយ​​លោក Antonio Conte ហើយ​ដែរថា​ការ​ផ្ទេរទៅ​កាន់​ទឹកដី San Siro អាច​នឹង​ទៅ​រួច​។ ​

កីឡាករ​វ័យ៣៣​ឆ្នាំបាន​បញ្ជាក់ ៖«សម្រាប់ Inter ខ្ញុំ​បាន​និយាយ​ជាមួយ Conte តាម​ទូរសព្ទហើយ​ គឺគាត់​ស្គាល់​ខ្ញុំ​កាល​ធ្វើ​ជា​គ្រូ​​នៅ Chelsea។ គាត់​ចូល​ចិត្ត​ទម្រង់​លេង​របស់​ខ្ញុំ ដូច្នេះ​នោះ​ជា​គុណប្រយោជន៍​មួយ ហើយណាមួយ​ Inter ក៏​​នឹង​លេង​នៅ​ Champions League ​ឆ្នាំ​ក្រោយ​ផង​ដែរ។ Inter ជា​ក្លឹប​មួយ​ធំ​»។

កីឡាករឆ្នើម​ដែល​ជួយ​ឱ្យ​បារាំង​លើក​ពាន World Cup ឆ្នាំ​២០១៨ បាន​ទៅ​ជួប​ជាមួយ​អ្នកចាត់ការ​ក្រុម Frank Lampard ជា​ច្រើន​ដង អំឡុង​រដូវ​ដោះដូរ​កីឡាករ​កាល​ពី​​ដើមឆ្នាំ​២០២០ ប៉ុន្តែ ​Lampard ថា​ទាល់​តែ​មាន​អ្នក​ជំនួស​ ទើប​រូប​គេ​អាច​ចេញ​បាន​។ ដូច្នេះ​ទើប​រូប​គេ ក៏​បន្ត​នៅ​ជាមួយ Chelsea។

សម្ដី​របស់អតីត​កីឡាករ ក្រុម​កាំភ្លើង​ធំ Arsenal ៖«ខ្ញុំ​បាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​ដែរ​អាច​ធ្វើ​បាន ប៉ុន្តែ Chelsea មិន​ចង់​ឱ្យ​ខ្ញុំ​ចេញ​ទេ ព្រោះ​តែ​​លក្ខខណ្ឌ​នៅ​ក្លឹប លុះត្រា​​តែ​មាន​កីឡាករ​ជំនួស។ ថ្ងៃ​ទី​៣១ ខែ​មករា ខ្ញុំ​សង្ឃឹម​ខ្ញុំ​នឹង​បាន​ចេញ។ ខ្ញុំ​សោកស្ដាយ​ណាស់»។

ចាប់​តាំង​ពី​ខែ​មករា កីឡាករ​បារាំង​រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន​ក្នុង​លីគ៤លើក និង​បាន​ជួយ​ឱ្យ​ក្រុម​តោខៀវ​ឈ្នះ Liverpool នៅ​ជុំ​ទី​៥​នៃ​ពាន​រង្វាន់ FA Cup៕

​ ​

ប្រភព៖ Express   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ