ហេតុ​ផល​សំខាន់​៣​ ដែល​​​ Harry Kane គួរ​បន្ត​នៅ​ Tottenham

  • 2020-04-01 03:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Kane កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ព្យាបាល​របួស​មិន​ទាន់​ជា​សះ​របស់​ខ្លួន​ក្រោយ​សម្រាក​ក្រៅ​ទីលាន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។​

អនាគត​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ជាមួយ​ក្លឹប​រហស្សនាម​មាន់​ខ្នាយ​មាស​ បាន​ក្លាយ​ជា​ប្រធាន​បទ​ក្រៅ​លើ​ទំព័រ​សារព័ត៌មាន​ក្រោយ​រូប​គេ​បង្ហាញ​អារម្មណ៍​ចង់​ចាកចេញ​ ក្រោម​មូលហេតុ​​ក្លឹប​មិន​បាន​ឈ្នះ​ពាន​អ្វី​សោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ខណៈ​​ Kane បច្ចុប្បន្ន​ក៏​មាន​វ័យ​២៧​ឆ្នាំ​ហើយ​ដែរ។​ យ៉ាង​ណា​មាន​ហេតុ​ផល​ ៣​ដែល​អាច​ឲ្យ​ Kane ពិចារណា​នៅ​ Spurs បន្ត៖​

១. លេង​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ​ឆ្នើម​ Jose Mourinho

ក្រោយ​បណ្ដេញ​ Pochettino ក្រុម​ Tottenham បាន​សម្រេច​ក្នុង​ការ​នាំ​ Mourinho ទៅ​ដឹកនាំ​ត្រឹម​ពាក់​កណ្ដាល​រដូវ​កាល។ ការ​មាន​អ្នក​ចាត់ការ​កំពូល​មក​ដឹកនាំ​ដូច្នេះ​គឺ​ជា​ឱកាស​មាស​ដើម្បី​ឲ្យ​ Kane អភិវឌ្ឍ​សមត្ថភាព​ទាំង​នៅ​ក្លឹប​អាជីព​ និង​ជួយ​​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស​ព្រោះ​រូប​គេ​ជា​ប្រធាន​ក្រុម​ស្រាប់។​​

២. ចំណង​អនុស្សាវរីយ៍​តាំង​ពី​កុមារភាព

អ្នក​គាំទ្រ​គោរព​និង​ស្រឡាញ់​ Harry Kane ខ្លាំង​ជាង​កីឡាករ​ណា​ទាំង​អស់​នៅ​ក្នុង​ក្រុម។ ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ​ចូល​រួម​ជាមួយ Tottenham ​តាំង​ពី​វ័យ​១១​ឆ្នាំ​ពោល​គឺ​១៦​ឆ្នាំ​មក​ហើយ​ដែល​ពួកគេ​មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​។ ទោះ​មិន​ទាន់​អាច​ជួយ​ក្លឹប​ឈ្នះ​ពាន​អ្វី​ក៏​ដោយ​តែ​ Kane បាន​សាង​គេ​ឈ្មោះ​ពិសេស​ឈ្នះ​ស្បែក​ជើង​មាស​ Premier League និង​នាំ​ Tottenham ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ជា​ប្រវត្តិសាស្ត្រ​កាល​ពី​ឆ្នាំ​ទៅ។​​

៣. កិច្ច​សន្យា​ដែល​មាន​តម្លៃ​ខ្លួន​កប់​ពពក​​

ក្លឹប​ណា​ដែល​ចង់​បាន​ Harry Kane ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ធំ​បំផុត​គឺ​តម្លៃ​ខ្លួន​កប់​ពពក​របស់​គេ។​ ក្នុង​កុងត្រា​បង្ហាញ​ថា​ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្ដាំ​​រូប​នេះ​អាច​បំបែក​កំណត់ត្រា​​២០០​លាន​​របស់​ Neymar ផ្ទេរ​ទៅ​កាន់​ Paris Saint Germain ទៅ​ទៀត ដូច្នេះ​មិន​ដឹង​ថា​ក្លឹប​អ្នក​មាន​ដូចជា Real Madrid, Barcelona, Bayern Munich ឬ​ក៏​ Manchester City ដែល​កំពុង​ចាយ​លុយ​លើស​កម្រិត​នោះ​ ហ៊ាន​ប្រថុយ​ទិញ​ Kane ឬ​ក៏​អត់​ទេ៕ ​

អត្ថបទ៖ សៀនហួរ