ចាន់ រតនា ប្រាប់ថាគុនខ្មែរនិងយុទ្ធគុនខមជួយឲ្យសម្របខ្លួនបានពេលវ៉ៃគុនចម្រុះ

  • 2020-04-01 06:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលជើងខ្លាំងគុនចម្រុះកម្ពុជា ចាន់ រតនា ដែលលេចធ្លោបំផុតនៅឆ្នាំ ២០១៩ ក្រោយឈ្នះ៣លើកជាប់គ្នានៅសង្វៀនកម្រិតពិភពលោក ONE Championship បានបង្ហើបឲ្យដឹងថា គុនខ្មែរ និង យុទ្ធគុនខម (យុទ្ធក្រមខម) គឺជាមូលដ្ឋានគ្រឹះសំខាន់បំផុតដើម្បីជាឈ្នាន់ទៅប្រកួតគុនចម្រុះបានល្អ។

ចាន់ រតនា បានរៀបរាប់បែបនេះ៖«គុនខ្មែរ និងយុទ្ធគុនខមជាគ្រឹះដ៏ល្អសម្រាប់ខ្ញុំ។ វាសំខាន់ណាស់ ព្រោះខ្ញុំអាចសម្របក្បាច់គុនចម្រុះគ្រប់ក្បាច់ និង ធ្វើឲ្យខ្ញុំឈ្នះការប្រកួតជាបន្តបន្ទាប់។ ខ្ញុំមានគ្រឹះយល់ដឹងក្បាច់គុនតាំងពីនៅជំរំសាយធូ នាប្រទេសថៃម៉្លេះពេលនៅតូច មុនពេលមករស់នៅស្រុកខ្មែរនៅឆ្នាំប្រហែល ១៩៩៧។ ក្រោយមក ឳពុករបស់ខ្ញុំបន្តបង្ហាត់ក្មេងៗនៅបាត់ដំបងមុនផ្លាស់មកភ្នំពេញ។ ប៉ុន្តែកាលនៅក្មេង ខ្ញុំបានត្រឹមហាត់លេងប៉ុណ្ណោះដោយមិនបានហាត់មែនទែន ក៏ដូចជាចង់ចាប់អាជីពនេះឡើយ»។

កីឡាករវ័យ៣៤ឆ្នាំគូសបញ្ជាក់ទៀត ៖«ខ្ញុំបានខំហ្វឹកហាត់គុនខ្មែរ និង ក្បាច់គុនខមកាន់តែខ្លាំងពេលខ្ញុំឈប់សិក្សាត្រឹមថ្នាក់ទី៨ នៅឯសាលាចក្រអង្រែភូមិ ព្រោះឳពុកម្ដាយមានជីវភាពមិនធូរធារ។ ប៉ាខ្ញុំ ចាន់ ប៊ុនធឿន ជាអ្នកបង្ហាត់។ ពេលចូលហាត់ ខ្ញុំទទួលស្គាល់ថាខ្ញុំឆាប់ចាប់បានរាល់ក្បាច់គុន និងបានឡើងប្រកួតជាហូរហែលើសង្វៀនតាំងពីពេលនោះមក។ ឬអាចនិយាយបានថា ខ្ញុំមានដុងខាងក្បាច់គុនក៏ថាបាន»។

កីឡាករដែលមានកិច្ចសន្យានៅសង្វៀន ONE Championship រៀបរាប់បន្តទៀតដូច្នេះ ក្រៅពីហាត់គុនខ្មែរ និង យុទ្ធគុនខមដែលធ្វើឲ្យខ្លួនកាន់រឹងមាំ រូបគេក៏ធ្លាប់ហាត់ តេក្វាន់ដូ វ៉ូវីណាម ហាប់គីដូ និង ប្រដាល់សកលជាដើម។ ទោះយ៉ាងណាក៏ដោយ រូបគេមិនភ្លេចក្បាច់គ្រឹះ គឺ គុនខ្មែរ និង យុទ្ធក្រមខម ដែលនាំឲ្យបុរសវ័យ៣៤ ឆ្នាំនេះរឹងមាំដល់សព្វថ្ងៃរហូតមានទីផ្សារប្រកួតទាំងក្នុងស្រុក និង ឆាកអន្តរជាតិ។

ចាន់ រតនា សង្កត់ធ្ងន់ថា៖«បើនិយាយក្បាច់ឃ្លេក្នុងគុនចម្រុះវិញ គឺ ក្នុងយុទ្ធក្រមក៏មានស្រដៀងគ្នាដែរ ដូច្នេះខ្ញុំអាចឆាប់ចាប់បាន និង ធ្វើឆាប់ត្រូវចំពោះក្បាច់ទាំងនោះហើយបំបែកវាបាន។ ខ្ញុំភាគច្រើនមើលដៃគូប្រកួតថាគេខ្លាំងចំណុចណា។ កន្លងទៅខ្ញុំផ្ដួលដៃគូដោយប្រើគុនខ្មែរ ព្រោះខ្ញុំខ្លាំងក្បាច់នេះ។ បើគុនចម្រុះវិញ ខ្ញុំរៀនតែដោះឃ្លេភាគច្រើន»។

អ្នកលេងគុនចម្រុះប្រចាំនៅសង្វៀនល្បី ONE Championship ខកខនឡើងសង្វៀនប្រមាណជាប្រ៨ខែមកហើយនាពេលនេះបើគិតចាប់ពីការឡើងសង្វៀនលើកចុងក្រោយនាពាក់កណ្ដាលខែសីហា។ បែបណាក្ដី នាពេលបច្ចុប្បន្ននេះទោះជាមានការរំខានដោយមេរោគ Covid-19 ក៏ ចាន់ រតនា នៅហ្វឹកហាត់ខ្លួនឯងជាប្រចាំសម្រាប់ក្បាច់គុនខ្មែរ និង ហាត់ជាមួយគ្រូបង្វឹក Lorenzo ខាងផ្នែកកម្លាំងដដែល។ ចំពោះគ្រូបង្វឹកផ្សេងទៀតដូចជាផ្នែកប្រដាល់សកល និង ជឺជិតស៊ូ ត្រូវសម្រាកជាបណ្ដោះអាសន្នសិន ខណៈដែលសង្វៀន ONE Championship ក៏ផ្អាកការប្រកួតដែរដើម្បីរក្សាសុវត្ថិភាពជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រូបង្វឹក កីឡាករកីឡាការិនី និង ផ្នែកពាក់ព័ន្ធផង។

ចាន់ រតនា ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលបានលើកមុខមាត់ទង់ជាតិកម្ពុជាលើសង្វៀន ONE ដែលជាស្ថាប័នធំបំផុតមួយលំដាប់ពិភពលោក និង ល្អបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ី។ រូបគេជាកីឡាករដំបូងបំផុតដែលឈ្នះ ៣ដងជាប់គ្នាមិនធ្លាប់មាននៅសង្វៀន ONE។ កន្លងទៅថ្មីៗនេះ ម្ចាស់ក្លិបប្រដាល់ «សិល្បៈ» ទំនងជួបកីឡាករគុនចម្រុះមានបទពិសោធន៍ខ្ពស់ Yuya Wakamatsu នាខែ មេសា ប៉ុន្តែត្រូវបានពន្យារពេលទៅវិញដោយសារមេរោគរាតត្បាត Covid-19 កំពុងផ្ទុះឡើង។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្តបន្ទាប់របស់ស្ថាប័ន ONE Championship មានការផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី