Bill Gates ថាអាមេរិកត្រូវអនុវត្តន៍ ៣ចំណុចធំៗ ដើម្បីឆ្លងផុតការផ្ទុះជំងឺកូវីដ១៩
- 2020-04-01 09:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bill Gates ថាអាមេរិកត្រូវអនុវត្តន៍ ៣ចំណុចធំៗ ដើម្បីឆ្លងផុតការផ្ទុះជំងឺកូវីដ១៩
ចន្លោះមិនឃើញ
សហស្ថាបនិក Microsoft លោក Bill Gates បានលើកឡើងផែនការ ៣ ចំណុច ដែលអាចឲ្យសហរដ្ឋអាមេរិកឆ្លងផុតនូវការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងអត្ថបទដែលលោក Bill Gates រួមចេញផ្សាយជាមួយ The Washington Post កាលពីថ្ងៃអង្គារ លោកបានធ្វើការណែនាំដោយផ្អែកលើការពិភាក្សាជាមួយអ្នកជំនាញដែលលោកធ្លាប់ឆ្លងកាត់តាមរយៈការងារនៅមូលនិធិ Gates Foundation ដែលមូលនិធិនេះគឺឧបត្ថម្ភដល់ការស្រាវជ្រាវស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩។
លោក Bill Gates បាននិយាយថាចំណុចដំបូងគឺការមិនផ្លាស់ប្ដូរលើការបិទប្រទេសដែលកំពុងតែអនុវត្តន៍ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេស។ លោកបានបញ្ជាក់ថានៅមានរដ្ឋមួយចំនួនដែលមិនទាន់អនុវត្តន៍វិធានការបិទនៅឡើយ ដែលអាចនាំឲ្យមានគ្រោះមហន្តរាយ។
មហាសេដ្ឋីរូបនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលពន្លឿនការធ្វើតេស្តរកជំងឺកូវីដ១៩ និងផ្ដល់សិទ្ធអាទិភាពច្បាស់លាស់ដល់ពលរដ្ឋណាដែលត្រូវធ្វើតេស្តមុនគេ ដោយអាទិភាពគឺត្រូវផ្ដល់ដល់បុគ្គលិកវិស័យសុខាភិបាល និងកម្លាំងសំខាន់ៗដទៃទៀត។
ចំណុចចុងក្រោយគឺការស្រាវជ្រាវអភិវឌ្ឍស្វែងរកនូវថ្នាំព្យាបាល និងវ៉ាក់សាំងដោយត្រូវភ្ជាប់ជាមួយទិន្នន័យត្រឹមត្រូវ ហើយថ្នាក់ដឹកនាំត្រូវចូលរួមចំណែកជួយដោយមិនត្រូវបញ្ចេញជាពាក្យចចាមអារ៉ាមមិនច្បាស់លាស់ ឬការបំភិតបំភ័យនោះឡើយ៕