លើក​នេះ...យឹម តា​ស្រង់ ចេញ​បទ​ពី​អ្នក​ជាប់​​លុយ​ធនាគារ​​ម្ដង​មើល៍!

  • 2020-04-03 03:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អគុណ​ធនាគារ" គឺ​ជា​បទ​ថ្មី​មួយទៀតដែលច្រៀង​ដោយ​តារា​ចម្រៀង​វ័យ​ក្មេង កញ្ញា តន់ ច័ន្ទ​សីម៉ា ប្រចាំ​នៅ​ផលិតកម្ម Galaxy ណាវ៉ាត្រា នឹង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​នា​រសៀល​ថ្ងៃទី៣ ខែមេសា នេះ។

ប្រិយមិត្ត​ប្រហែល​ជា​ប្លែក​ក្នុង​ចិត្ដហើយ ​នៅ​ពេល​ដែល​ឮ​ពាក្យ​ថា "អគុណ​ធនាគារ" ស្រប​ពេល​ដែល​កូន​បំណុល​របស់​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ទើរ​ទាំង​អស់ កំពុងមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សង​ត្រឡប់​ទៅ​ម្ចាស់​បំណុល​វិញក្នុង​កាលៈទេសៈ​ដែល​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ កំពុង​ឆ្លង​រាតត្បាត​ជា​សកល។

ប៉ុន្តែ​លោក យឹម តាស្រង់ ដែល​ជា​អ្នក​និពន្ធ និង​ដឹកនាំ​ថត​បទ​ចម្រៀង​នេះ និយាយ​ថា អាជីវករ និង​ពលរដ្ឋ​ភាគ​ច្រើន​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ ដើម្បី​រកស៊ី ឬ​យក​ទៅ​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​រំពឹង​ថា​នឹង​យក​ប្រាក់​ខែ ឬ​ថ្លៃឈ្នួល​កម្លាំង​ពលកម្ម​របស់​ខ្លួន​សង​ត្រឡប់​ទៅ​ធនាគារ​ប្រចាំ​ខែវិញ​ជា​ធម្មតា។ លោក​ថា បទ​ចម្រៀង​ដែល​ចេញ​ស្របពេលជិត​ដល់​ថ្ងៃបុណ្យចូលឆ្នាំ​ ប្រពៃណីជាតិខ្មែរ​នេះ ក៏មានបង្កប់​អត្ថន័យ និង​ពាក្យ​កំប្លុកកំប្លែង​​ដែរ។

អ្នកនិពន្ធប្រចាំផលិតកម្មGalaxy ណាវ៉ាត្រា លោក​ យឹម តា​ស្រង់៖"ខ្ញុំ​សង្កេត​ឃើញ​ថា​យើង​ម្នាក់​ៗ​ជៀស​មិន​រួច​ពី​ជំពាក់​ធនាគារ​ដើម្បី​វាទៅ​រកស៊ី​នេះ​រក​ស៊ី​នោះ ហើយ​យើង​ភាគ​ច្រើន​ត្រូវ​ទៅ​នឹង​សាច់​រឿង​ក្នុង​បទ​ចម្រៀង​ហ្នឹង"។

តោះ...ប្រិយមិត្ដចូលស្ដាប់សំឡេង នៃបទចម្រៀងនេះទាំងអស់គ្នា មុននឹងបានទស្សនាទាំងស្រុងនូវបទទាំងស្រុងនៅរសៀលនេះ៖

បទ​ថ្មី​ៗ​របស់​ផលិតកម្ម Galaxy ណាវ៉ាត្រា ដែល​និពន្ធ និង​ដឹកនាំ​ថត​ដោយ​លោក យឹម តា​ស្រង់ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ដូច​ជា​បទ"ស្រី​ៗ​គ្នា​យើង" ដែល​ទើប​ចេញ​ថ្មីៗ​នេះ​ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ