តួលេខ Google បង្ហាញថានៅកម្ពុជា ចំនួនអ្នកនៅកន្លែងកម្សាន្ត និងផ្សារថយចុះ ៤៣%

  • 2020-04-06 02:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ផ្តើម​ពីថ្ងៃ​សុក្រ​ ទី០៣ ខែមេសា ក្រុមហ៊ុន​​ Google​ បានចាប់ផ្ដើមចុះផ្សាយទិន្នន័យ​ទាក់ទងនឹងទីតាំង​អ្នក​ប្រើប្រាស់ (Community Mobility Reports) ដើម្បី​ជួយ​អាជ្ញាធរ​នៃ​ប្រទេស​នីមួយៗ​ងាយស្រួល​ក្នុង​ការ​អង្កេត​ចំនួន​មនុស្ស​ក្នុងតំបន់​ទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ របាយការណ៍នេះបង្ហាញពីទីតាំងរបស់អ្នកប្រើប្រាស់ ដែលបានឯកភាពបើក​សិទ្ធឱ្យក្រុមហ៊ុន ទាញយក​ទិន្នន័យទីកន្លែង (Location) របស់ពួកគេ ប៉ុន្តែ​ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នឹងពុំត្រូវបានបង្ហាញជាសាធារណៈនោះទេ។

លោកស្រី Jen Fitzpatrick ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះបាននិយាយថា ក្រុមហ៊ុនទាញយកទិន្នន័យពីផែនទីរបស់ Google ហើយបង្ហាញពីកម្រិតចំនួនមនុស្សនៅក្នុងតំបន់អាជីវកម្មនីមួយៗ ដែលទិន្នន័យនេះវាមានអត្ថប្រយោជន៍ណាស់សម្រាប់អាជ្ញាធរផ្នែកសុខាភិបាល ធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។ បច្ចុប្បន្នរបាយការណ៍នេះមានសម្រាប់ ១៣១ប្រទេស ដោយផ្ដល់ឱ្យជាប្រភេទឯកសារ PDF ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការចែកចាយ ហើយងាយយល់ដោយដាក់បង្ហាញទីតាំងផ្សេងៗគ្នាចែកជា៦ប្រភេទ ដូចជា៖

១. កន្លែងកម្សាន្ត ផ្សារ សារមន្ទីរ បណ្ណាល័យ រោងភាពយន្ត...

២. ហាងទំនិញ​ ឱសថស្ថាន​

៣. សួន​ឧទ្យាន សួនកម្សាន្តសាធារណៈ ឆ្នេរសមុទ្រ ផ្លាសា...

៤. ស្ថានីយ​ធ្វើ​ដំណើរសាធារណៈ ចំណតរថយន្តក្រុង ស្ងានីយរថភ្លើង...

៥. កន្លែងការងារ​

៦. កន្លែងស្នាក់នៅ ឬលំនៅឋាន

ជាឧទាហរណ៍ នៅកម្ពុជា ​របាយការណ៍នេះបង្ហាញថាអំឡុង​សប្តាហ៍​​ថ្ងៃ​ទី ២៣ ដល់ ២៩ មីនា ​ ចំនួន​អ្ន​កនៅក្នុងតំបន់ កន្លែងកម្សាន្ត​ និង ផ្សារ មានការថយចុះ ៤៣% សួន​ឧទ្យានមានការថយចុះ ៣១% ចំណែកឯកន្លែងស្នាក់នៅមានការកើនឡើង ១២%។ នេះបញ្ជាក់ថាប្រជាពលរដ្ឋយើងបានកាត់បន្ថយការចេញពីផ្ទះ ដែលជាសញ្ញាដ៏ល្អមួយក្នុងការកាត់បន្ថយឆ្លងនៃជំងឺកូវីដ-១៩។

ហេតុផលសំខាន់ដែលធ្វើឱ្យក្រុមហ៊ុន Google ធ្វើបែបនេះ ក៏ព្រោះតែចង់ឱ្យអាជ្ញាធរអាច ចាត់វិធានការទៅលើកការចល័ត ឬប្រមូលផ្តុំរបស់មនុស្សនៅកន្លែងណាមួយមានគ្នាច្រើនពេក ឬក៏អាចជាការកំណត់ប្តូរម៉ោងក្នុងការដើរហើរខ្លះ ក៏ដូចជាអាចបិទកន្លែងណាមួយជាដើម ដើម្បីបញ្ជៀសការចេញដើរ និងទៅកន្លែងតែមួយ ក្នុងពេលដំណាលគ្នាច្រើនពេក ដែលទាំងនេះក៏ជាការជួយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានផងដែរ៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា