ជប៉ុនចាប់ផ្ដើមប្រើប្រាស់កំពូលកុំព្យូទ័រថ្មី ដើម្បីរកថ្នាំព្យាបាលជំងឺកូវីដ១៩

  • 2020-04-15 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​បាន​ដាក់​ដំណើរ​ការ​​កំពូល​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី​​របស់​ខ្លួន ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ ទាំង​ដែល​ម៉ាស៊ីន​កុំព្យូទ័រ​នេះ​មិន​ទាន់​ផលិត​ហើយ​រួច​រាល់​ក្ដី ដោយ​ដំបូង​ឡើយ​គឺ​គ្រោង​ដាក់​ដំណើរ​ការ​​ចាប់​ពី​ឆ្នាំ​ក្រោយ​​ឯណោះ។

Riken ដែល​ជា​មន្ទីរ​ពិសោធន៍​ និង​ស្រាវជ្រាវ​បំផុត​របស់​ក្រសួង​អប់រំ​ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​របស់​ជប៉ុន បាន​សម្រេច​ចិត្ត​ប្រើ​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី ដើម្បី​ស្រាវជ្រាវ​មូលដ្ឋាន​នៃ​​​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។

​​​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី​ឈ្មោះ​ថា​ Fugaku ជា​អ្នក​ស្នង​តំណែង​ម៉ាស៊ីន​​កុំព្យូទ័រ​ឈ្មោះ K។ ​ទឹក​ប្រាក់​ប្រមាណ ១,២ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បណ្ដាក់​ទុន​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ថ្មី​នេះ។ ម៉ាស៊ីន​នេះ​គឺ​ត្រូវ​បាន​ដំឡើង​នៅ​​មូលដ្ឋាន​របស់​ Riken មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Kobe។ ប្រមាណ ១ភាគ៦ នៃ​កុំព្យូទ័រ​នេះ​ប៉ុណ្ណោះ ដែល​កំពុង​ប្រតិបត្តិការ​ ប៉ុន្តែ​​ត្រឹម​តែ​ប៉ុណ្ណេះ​គឺ​មាន​សមត្ថភាព​គណនា​លើស​ម៉ាស៊ីន K រហូត​ដល់ ៨ដង​បាត់​ទៅ​ហើយ។

អ្នក​វិទ្យាសាស្ត្រ​នឹង​ប្រើ​ប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​​ដើម្បី​វិភាគ​ឲ្យ​បាន​លម្អិត​ ថា​ថ្នាំ​នីមួយៗ​នឹង​មាន​ប្រតិកម្ម​លើ​វីរុស​​បែប​ណា ដោយ​វិភាគ​លើ​កម្រិត​ម៉ូលេគុល​តូចៗ​បំផុត។ គោលដៅ​គឺ​ចង់​ស្វែង​រក​បេក្ខភាព​ថ្នាំ​ដែល​​ស័ក្ដិសម​ ពី​ថ្នាំ​ប្រមាណ ២ ពាន់​ដែល​​មាន​ ដែល​ក្នុង​នោះ​រួម​មាន​ថ្នាំ​ដែល​មិន​ទាន់​​សាក​ល្បង​​ប្រើ​ដើម្បី​ព្យាបាល​ផង​ដែរ។

គួរ​ដឹង​ថា​សហរដ្ឋអាមេរិក​ក៏​បាន​ប្រើ​ប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ខ្លួន​ដើម្បី​ស្វែង​រក​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ​ផង​ដែរ។ ការិយាល័យ​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​នៃ​សេតវិមាន​បាន​បង្កើត​ជា​សហជីព​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​ជា​ច្រើន​កាល​ពី​ចុង​ខែ​មីនា ដើម្បី​ស្វែង​រក​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​១៩ ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន ៣០ ដែល​ក្នុង​នោះ​រួម​មាន​ IBM Summit ដែល​ជា​ម៉ាស៊ីន​កុំព្យូទ័រ​កម្លាំង​ខ្លាំង​ជាង​គេ​ក្នុង​លោក​ផង​ដែរ៕​​​

ប្រភព៖ Asia.Nikkei   ប្រែ​សម្រួល៖ សុខហេង