អស្ចារ្យណាស់! រកឃើញសំណង់ឈើអាយុកាល១០០០ឆ្នាំ នៅខេត្តសៀមរាប

  • 2020-04-24 04:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំណង់ឈើដែលមានអាយុកាលជិត១០០០ឆ្នាំ ត្រូវបានអ្នកបុរាណវិទូធ្វើកំណាយស្រាវជ្រាវឃើញនៅបាតស្រះខាងជើងប្រាសាទអង្គរវត្ត។

រចនាសម្ព័ន្ធសំណង់ឈើដ៏ល្អឆ្នើម និង បដិមានៃព្រហ្មសាសនា១អង្គ ត្រូវបានប្រទះឃើញនៅក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនិងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។

រចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះ ស្ថិតនៅចំកណ្តាលនៃស្រះ មានអាយុកាលជិត១០០០ឆ្នាំហើយ ប៉ុន្តែមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិនិងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។ បដិមានេះជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿដើម្បីជាទីពឹងពាក់របស់មនុស្សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។ នេះជាការលើកឡើងរបស់ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ខេត្តសៀមរាម។

លោកក៏បានបន្តទៀតថា ការរកឃើញថ្មីនេះ ជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាតនិងព្រះមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ហើយនៅក្នុងដំណាក់កាលដំបូងនេះ យើងមិនទាន់កំណត់ឱ្យច្បាស់ថាសំណង់ឈើនេះមានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើទៅពិសោធន៍និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀត៕

គួរបញ្ជាក់អោយដឹងដែរថា រចនាសម្ព័ន្ធឈើដ៏អស្ចារ្យនេះត្រូវបានកំណាយឃើញនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា   អត្ថបទ ៖ Art