កុំឲ្យបែកធ្លាយទាន់ LG ប្រកាសចេញស្មាតហ្វូនថ្មីមុនពេលកំណត់

  • 2020-04-28 07:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​ LG បាន​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​បង្ហាញ​ចេញ​នូវ​ត្រកូល​ស្មាតហ្វូន​ថ្មី​ឈ្មោះ Velvet នា​ថ្ងៃ​ទី ៧ ខែ​ឧសភា ខាង​មុខ​ តាម​រយៈ​កម្មវិធី​អនឡាញ។ ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​ LG បាន​ប្រកាស​ចេញ​ស្មាតហ្វូន​លំដាប់​ថវិកា​របស់​ខ្លួន​នា​ថ្ងៃ​នេះ​ជា​ផ្លូវ​ការ និង​បញ្ជាក់​ថា​នឹង​លក់​នៅ​កូរ៉េ​ខាង​ត្បូង​ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​ឧសភា។

LG Velvet មាន​បំពាក់​មក​ជា​មួយ​នូវ​អេក្រង់​ Cinema FullVision ទំហំ ៦,៨អ៊ីញ។ ចំពោះ​ការ​ឌីហ្សាញ​វិញ​ LG បាន​ប្រើ​ប្រាស់​នូវ​រចនាបថ​កាមេរ៉ា​ដំណក់​ទឹក​ភ្លៀង និង​ Symmetrical Ellipse។ រចនាបថ​​កាមេរ៉ា​តំណក់​ទឹក​ភ្លៀង​គឺ​សំដៅ​ដល់​ការ​តម្រៀប​កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​ ដែល​មើល​ទៅ​ដូច​តំណក់​ទឹក។ ចំណែក​ Symmetrical Ellipse គឺ​សំដៅ​ដល់​រាង​​មូល​ទ្រវែង​របស់​ស្មាតហ្វូន​ត្រកូល​ថ្មី​នេះ។

កាមេរ៉ា ៣ គ្រាប់​ខាង​ក្រោយ​គឺ​មាន​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា​ Ultra-Wide ទំហំ ៨MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ៥MP។ LG Velvet គឺ​មាន​គាំទ្រ​មុខងារ​​មួយ​ឈ្មោះ​ថា​ Voice Out Focus ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​បំបាត់​នូវ​សំឡេង​​រំខាន​នៃ Background ពេល​ថត​វីដេអូ​បាន។ ​​

វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 765 ដែល​មាន​ន័យ​ថា​មាន​គាំទ្រ​នូវ​សេវា 5G ​ហើយ​បន្ទះ​ឈីប​នេះ​មាន​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា Quick Charge 3+ ដែល Qualcomm ទើប​បង្ហាញ​ចេញ​ថ្មីៗ ​អាច​សាក​ថ្ម​ពី ០% ដល់ ៥០% ក្នុង​ពេល​ត្រឹម ១៥នាទី។

LG Velvet មាន​បំពាក់​ថ្ម​ទំហំ ៤៣០០ mAh ហើយ​សម្រាប់​អង្គ​ផ្ទុក​និង RAM ក្រុមហ៊ុន​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឡើយ។ ប៉ុន្តែ​ការ​ចេញ​ផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ LG Velvet នឹង​មាន RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB អាច​ពង្រីក​ទំហំ​បាន​តាម​មេមូរី​កាត។

ត្បិត​ថា​បាន​ប្រកាស​ពី​ថ្ងៃ​ចេញ​លក់​មែន ប៉ុន្តែ LG មិន​បាន​ប្រាប់​អំពី​តម្លៃ​នោះ​ទេ។ LG អាច​នឹង​ប្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​អំពី LG Velvet នា​ថ្ងៃ​ទី ៧ ខែ​​ឧសភា​ខាង​មុខ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង