RASHFORD ជិត​បាន​​លេង​​ឱ្យ Man Utd វិញ​ហើយ ​

  • 2020-04-28 08:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខកខាន​ការប្រកួត​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០២០ MARCUS RASHFORD កាន់​តែ​ជិត​បាន​លេង​ឱ្យ Manchester United វិញ​ហើយ បន្ទាប់​ពី​រូប​គេ​ធ្វើដំណើរទៅ​ទីលាន​ហ្វឹកហាត់​​កាល​ពី​ម្សិលមិញ ដើម្បី​បញ្ចប់​ការ​ព្យាបាល​ពិសេស​លើ​របួស​ខ្នង​​ធ្ងន់ធ្ងរ​។

ផ្អែកតាមសារព័ត៌មាន Sun Sport ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អង់គ្លេស​វ័យ​២២​ឆ្នាំ​ បាន​ទៅ​ដល់​បរិវេណ Carrington របស់ Man Utd នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ កន្លែង​រូប​គេ​ជួប​ជាមួយ​គ្រូពេទ្យ​ក្លឹប។ អវត្តមាន​ជាង​៣​ខែ​រហូត​ដល់​ពេល​នេះ គេ​ឃើញ RASHFORD បាន​ទៅ​កន្លែង​​ហាត់ប្រាណ ដើម្បី​យក Fitness។

ប្រភព​មួយ​​ឱ្យ​ដឹង​ថា ៖«Marcus បាន​ទៅ​កន្លែង​ហាត់​ប្រាណ និង​ទទួល​ការ​ព្យាបាល ដើម្បី​ឱ្យ​ជា​សះស្បើយ។ គាត់​ហាក់​ដូច​ជា​រឹងមាំ​ល្អ។ គាត់​សង្ឃឹម​ថាគាត់​នឹង​បញ្ចប់​​​ឆ្នាំ​ដ៏​អាក្រក់ ពោរពេញ​ដោយសារ​របួស​នេះ»។ ​

កីឡាករជម្រើសជាតិ​អង់គ្លេស ដែល​របួស​ខ្នង​អំឡុងខែ​មករា ពេល Manchester United យក​ឈ្នះ ១-០ លើ Wolves បានបង្ហាញខ្លួន​ឱ្យ​ក្លឹប​ក្នុង​ពានរង្វាន់ Premier League ២២ដង ស៊ុត​បញ្ចូល​ទី​​១៤​គ្រាប់​នៅ​រដូវ​កាល​ឆ្នាំ ២០១៩-២០២០។

ក្លឹប​បិសាច​ក្រហម United មិន​ទាន់​ត្រឡប់​ទៅ​ហ្វឹកហាត់​ជា​​ផ្លូវ​ការ​នៅ​ឡើយ​ មិន​ដូច​ក្រុម​កាំភ្លើង​ធំ Arsenal ជា​ក្លឹប​ដំបូង​គេ​ដែល​បាន​ហ្វឹក​ហាត់​វិញ បន្ទាប់​ផ្អាក​អស់​៤៧​ថ្ងៃ។ ​ដោយឡែក Brighton និង West Ham ក៏​បាន​បើក​ទីលាន​ហ្វឹកហាត់​ហើយ​ដែរ ​ប៉ុន្តែ​​​ត្រូវ​គោរព​ការណែនាំ​នៅ​ឆ្ងាយ​ពី​គ្នា ចំណែក​ Spurs បាន​ចូល​ហាត់​ដូច​នេះ​នៅ​ថ្ងៃ​នេះ។ ​

បណ្ដា​ប្រធាន Premier League សង្ឃឹម​ថា​បាល់​ទាត់​អង់គ្លេសនឹង​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា និង​បញ្ចប់​ទៅ​វិញ​​នៅ​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២០ ដោយគ្មានវត្តមានអ្នកគាំទ្រ៕

អត្ថបទ៖ អ៊ុំ សុភក្តិ