សម័យ​ឥឡូវ​​ថត​១​រឿង​​អស់​រាប់​ម៉ឺន​ ខ្លះ​ដល់​លាន​ដុល្លារ តែ​ទសវត្សរ៍ ៦០ វិញ ១រឿង​អស់​តែ​ប៉ុន្មាន​ម៉ឺន​រៀល​ទេ

  • 2020-04-29 08:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទុន​សម្រាប់​ផលិតករ​សម័យ​បច្ចុប្បន្ន​ ​ប្រើប្រាស់​ក្នុង​ការ​​ផលិត​ខ្សែ​ភាពយន្ត​មួយ​រឿង​ ជា​មធ្យម​ត្រូវ​ការ​ប្រមាណ ២-៣ ម៉ឺន​ដុល្លារ ហើយ​ខ្ពស់​បំផុត​មាន​ជាង​១លានដុល្លារ ក៏ប៉ុន្តែ​​សម្រាប់​​ទសវត្សរ៍​ទី ៦០ ផលិតករ​ប្រើ​ទុន​មិន​ដល់ ១០០ដុល្លារ​ផង។

តាម​ផលិតករ​ជើង​ចាស់​ល្បី​ឈ្មោះ​ជំនាន់​ទសវត្សរ៍​ទី ៦០ ​លោក លី ប៊ុនយីម បាន​ឲ្យ​ដឹង​ថា កាល​ជំនាន់​លោក ដើម្បី​ផលិត​រឿង​បាន​មួយ​រឿង ត្រូវ​ចំណាយ​ប្រមាណ​ជា ២០-៣០ម៉ឺន​រៀល​ប៉ុណ្ណោះ។ "២០ ​ទៅ​ ៣០​ម៉ឺន​រៀល​ហ្នឹង​សម្រាប់​រឿង​តូច​តាច​ទេ តែ​បើ​រឿង​ធំ​វិញ​យើង​អាច​ចាយ​ទុន​ដល់ ជាង​១​លាន​រៀល​ក៏​មាន"។

ខ្សែ​ភាពយន្ត​នាំ​ឱ្យ​ផលិតករ​ជើង​ចាស់​ខាង​លើ​ល្បី​ឈ្មោះ​មក​ទល់​បច្ចុប្បន្ន​​ដែល​ប្រើ​ទុន​ត្រឹម ២០​ទៅ ៣០​ម៉ឺន​រៀល​ខ្មែរ​​មាន​ដូច​ជា​រឿង "អន​អើយ​ស្រី​អន" រឿង "សព្វសិទិ្ធ" និង​ រឿង "ពុទ្ធិ​សែន​នាង​កង្រី" ជាដើម។ លោក លី ប៊ុនយីម បន្ត​ថា​កត្តា​នាំ​ឱ្យ​​ខ្សែ​ភាពយន្ត​​ទសវត្សរ៍៦០ ប្រើប្រាស់​ថវិកា​តិច​តួច​ដូច្នេះ ដោយ​សារ​តែ​ជំនាន់​នោះ តួ​សម្ដែង​មិន​សូវ​ជា​ស៊ី​ថ្លៃ ហើយ​មាន​ពេល​ខ្លះ​គឺ​ផលិតករ និង​តារា​សម្ដែង​សហការ​គ្នា​ក្នុង​ការ​ផលិត​ដោយ​មិន​គិត​ពី​កម្រៃ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​​ផលិតករ​មាន​ប្រភព​ពី​ខេត្ត កំពង់ចាម​រូប​នេះ អះអាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​​​ខ្សែ​ភាពយន្ត​ទសវត្សរ៍៦០ និង​សម័យ​បច្ចុប្បន្ន​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន​ទេ។ មិន​អាច​ប្រៀប​ធៀប​បាន​ដោយសារ​តែ​ខុស​សម័យ​គ្នា ហើយ​ការ​ប្រើប្រាស់​ឧបករណ៍​ក៏​ខុស​គ្នា​ដែរ។ ជា​រួម​សេដ្ឋកិច្ច​ខុស​គ្នា ដូច្នេះ​ហើយ​តម្លៃ​គឺ​ត្រូវ​តែ​ខុស​គ្នា​តែ​ម្ដង។

ដោយ​ឡែក​ផលិតករ​ជើង​ចាស់​មួយ​រូប​ទៀត​ជំនាន់​ទសវត្សរ៍​៦០​ដែរ ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ ក្រសួង​ព័ត៌មាន ឯកឧត្ដម​ ម៉ៅ អាយុទ្ធ បាន​និយាយ​ថា​ ដោយ​សារ​លុយ​រៀល​ជំនាន់​នោះ​ថ្លៃ​ធ្វើ​ឱ្យ​ការ​ផលិត​រឿង​ចំណាយ​លុយ​តិច។ឯកឧត្ដម ម៉ៅ អាយុទ្ធ បាន​បញ្ជាក់​ថា៖"ខ្ញុំ​មិន​ច្បាស់​​ទេ​អា​រឿង​ចំណាយ ព្រោះ​យូរ​ដែរ​ហើយ តែ​បើ​ខ្ញុំ​ស្មាន​មើល​មិន​ច្រើន​អី​ទេ ២០​ម៉ឺន​រៀល​អី​ហ្នឹង​ក្នុង​មួយ​រឿង"។

បើ​ទោះ​តម្លៃ​នៃ​ការ​ផលិត​ហាក់​ទាប ប៉ុន្តែ​តាម​ផលិតករ​ជើង​ចាស់ ឲ្យ​ដឹង​ថា គុណភាព​ជំនាន់​នោះ គឺ​ខ្ពស់​ណាស់។ លោក លី ប៊ុនយីម ថ្លែង​ថា៖"ចំណាយ​តិច​មែន​ ប៉ុន្តែ​រឿង​ពេល​នោះ​ផលិត​មាន​​គុណភាព​ណាស់ ហើយ​ទស្សនិកជន​​ខ្លះ​៥​ទៅ​៦​ដង​ក៏​មាន​ដែរ ដោយ​មិន​មាន​ភាព​ធុញទ្រាន់​ទេ ហើយ​ខ្សែ​ភាពយន្ត​ដាក់​តាម​រោង​វិញ រយៈ​មួយ​ខែ​ហើយ​ក៏​នៅ​តែ​មាន​មនុស្ស​ចូល​ទស្សនា​ទៀត"៕  

អត្ថបទ៖ អ៊ីង សូឡា

អត្ថបទពេញនិយម