Pochettino ទាមទារ​​​យក Coutinho បើ​កាន់​​ការងារ​នៅ Newcastle

  • 2020-05-05 05:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សារព័ត៌មាន The Sun អតីត​គ្រូ​បង្វឹក Tottenham លោក Pochettino បាន​ស្នើ​សុំ​ចុះ​កុង​ត្រា​យក Phinlippe Coutinho និង​​កីឡាករ​កំពូលៗ​ផ្សេង​ទៀត បើ​បាន​​ការងារ​នៅ​ក្លឹប​សារិកា​ព្រៃ Newcastle របស់​ព្រះ​អង្គ​ម្ចាស់​ Mohammed bin Salman។

ចំណែក​សារព័ត៌មាន Mundo Deportivo ក៏​បាន​ឱ្យ​ដឹង​ដូច​គ្នា​ Pochettino ចង់​បាន​កីឡាករ Barcelona កំពុងលេងនៅ Bayern បើ​សិន​លោក​កាន់​ការងារ​​នៅ​កីឡដ្ឋាន St James’ Park។ មិន​តែ​ប៉ុណ្ណោះប្រភព​បន្តថា អតីតកីឡាករ PSG ក៏​ធ្លាប់​ចង់​ខ្ចី​ជើង កីឡាករ​ប្រេស៊ីល​ដែរ អំឡុង​លោក​កាន់​ជា​គ្រូ​បង្វឹក​នៅ​ក្លឹបមាន់ខ្នាយមាស ប៉ុន្តែ​ត្រូវ​បាន​បដិសេធន៍​ដោយ​​ប្រធាន​ក្លឹប Daniel Levy។

Pochettino និង​អតីត​កីឡាករ Liverpool បាន​ធ្វើ​ការ​ជាមួយ​គ្នា ពេល​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល ចំណាយ​ពេល​នៅ Espanyol ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជុំទី២​រដូវ​កាល​ឆ្នាំ ២០១១-២០១២។

Coutinho បច្ចុប្បន្ន​ត្រូវ​បាន​ Barcelona ឱ្យ Bayern Munic ខ្ចី​ជើងមួយ​រដូវ​កាល​ ជាមួយ​ជម្រើស​ទិញ​ផ្ដាច់ ខណៈ​កុង​ត្រា​របស់​គេ​នឹង​បញ្ចប់​នៅ​រដូវ​កាល​នេះ។ Coutinho បាន​ចេញ​ពី Liverpool មក​កាន់​ទឹក​ដី Camp Nou កាល​ពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន​១៤២លាន​ផោន។

ទោះបីជា​យ៉ាងណា​អតីត​កីឡាករ Newcastle ម្នាក់​គឺ Temuri Ketsbaia បាន​ព្រមាន​​ម្ចាស់​ក្លឹប​ថ្មី​ថា បើ​ចង់​បានកីឡាករ​ល្អៗ​មក​ចូល​រួម​ក្រុម ​ពួកគេ​នឹង​ត្រូវ​ចំណាយ​លុយ​ទ្វេគុណ ជាក់ស្ដែងដូចជា Coutinho ជាដើម ខណៈ​តម្លៃ​ខ្លួន​ផ្ដាច់កុងត្រា​របស់​គេក៏​មិន​តិច​ដែរ។

ទោះបីជាយ៉ាងណា មិនទាន់មានព័ត៌មានច្បាស់ការណាមួយថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន នឹងទទួលការងារជាគ្រូនៅ Newcasalte ឬយ៉ាងណាទេ សម្រាប់​ព័ត៌មាន​បន្ទាប់​ Sabay នឹងធ្វើបច្ចុប្បន្នភាពជូន។

លោក Mauricio Pochettino ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​ដឹកនាំ​ក្លឹបសារិកាព្រៃ​ កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​​ពី​លោកត្រូវបាន​ក្លឹបមាន់ខ្នាយមាស Spurs បណ្ដេញ​ចេញ​ពី​តំណែង កាល​ពី​ឆ្នាំ​២០១៩។ បើ​​ទៅ​ដឹកនាំ​​ Newcasalts ពិតមែននោះ លោកនឹងបាន​ ២២លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ ​ជាគ្រូបង្វឹកទទួលបាន​ថ្លៃ​ពលកម្ម​ថ្លៃ​មួយ​រូប​ក្នុង​ពិភព​បាល់​ទាត់៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម