ខកចិត្តស្ដូក ពេលឃើញតម្លៃ LG Velvet

  • 2020-05-07 01:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

LG បាន​បញ្ចេញ​ចេញ LG Velvet ​ជា​ត្រកូល​ស្មាតហ្វូន​ថ្មី មាន​ប្រើ​ប្រាស់​នូវ​រចនាបថ​​កាមេរ៉ា​ដំណក់​ទឹក​ភ្លៀង និង​ Symmetrical Ellipse ដែល​ជា​រចនាបថ​ថ្មី​មួយ។ រចនាបថ​​កាមេរ៉ា​តំណក់​ទឹក​ភ្លៀង​គឺ​សំដៅ​ដល់​ការ​តម្រៀប​កាមេរ៉ា​នៅ​ផ្នែក​ខាង​ក្រោយ​ ដែល​មើល​ទៅ​ដូច​តំណក់​ទឹក។ ចំណែក​ Symmetrical Ellipse គឺ​សំដៅ​ដល់​រាង​​មូល​ទ្រវែង​របស់​ស្មាតហ្វូន​ត្រកូល​ថ្មី​នេះ។

ត្បិត​ថា​គេ​មិន​ទាន់​ដឹង​ថា​ LG Velvet នឹង​ដាក់​លក់​នៅ​ទីផ្សារ​បរទេស​នា​ពេល​ណា ប៉ុន្តែ​គេ​បាន​ដឹង​អំពី​តម្លៃ​លក់​ក្នុង​ស្រុក ជា​តម្លៃ​ដែល​ធ្វើ​ឲ្យ​គេ​ខក​ចិត្ត​បំផុត​សម្រាប់​ស្មាតហ្វូន​ដែល​មិន​ជា​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង​ប៉ុន្មាន​នោះ។ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង LG Velvet មាន​តម្លៃ ៨៩៩ ៨០០ វ៉ុន ដែល​ស្មើ​​ប្រមាណ ៧៣៥ ដុល្លារ។

LG Velvet មាន​កាមេរ៉ា ៣ គ្រាប់​ខាង​ក្រោយ​ដែល​​មាន​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា​ Ultra-Wide ទំហំ ៨MP និង​កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ៥MP។ LG Velvet គឺ​មាន​គាំទ្រ​មុខងារ​​មួយ​ឈ្មោះ​ថា​ Voice Out Focus ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​​​បំបាត់​នូវ​សំឡេង​​រំខាន​នៃ Background ពេល​ថត​វីដេអូ​បាន។

​​វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 765 ដែល​មាន​ន័យ​ថា​មាន​គាំទ្រ​នូវ​សេវា 5G ​ហើយ​បន្ទះ​ឈីប​នេះ​មាន​មក​ជា​មួយ​នូវ​បច្ចេកវិទ្យា Quick Charge 3+ ដែល Qualcomm ទើប​បង្ហាញ​ចេញ​ថ្មីៗ ​អាច​សាក​ថ្ម​ពី ០% ដល់ ៥០% ក្នុង​ពេល​ត្រឹម ១៥នាទី។ វា​មាន​បំពាក់​ថ្ម​ទំហំ ៤៣០០ mAh ហើយ​សម្រាប់​អង្គ​ផ្ទុក​និង RAM ក្រុមហ៊ុន​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឡើយ។ ប៉ុន្តែ​ការ​ចេញ​ផ្សាយ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ LG Velvet នឹង​មាន RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB អាច​ពង្រីក​ទំហំ​បាន​តាម​មេមូរី​កាត៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង