កុំព្យូទ័រសឺវ័រធំៗ មួយចំនួននៃទ្វីបអឺរ៉ុបត្រូវជនអនាមិកលួចចូលប្រើដើម្បីធ្វើរូបិយប័ណ្ណគ្រីបតូ

  • 2020-05-18 07:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាមិនជាអ្វីថ្មីទេដែលជនអនាមិកធ្វើការវាយប្រហារដើម្បីប្រើប្រាស់កុំព្យូទ័រអ្នកដទៃយកទៅធ្វើរូបិយ ប័ណ្ណគ្រីបតូ (cryptomining) ប៉ុន្តែថ្មីៗនេះពួកគេបានធ្វើការវាយប្រហារជាលក្ខណៈទ្រង់ទ្រាយធំ គឺធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័រសឺវ័រខ្នាតយក្ស (Supercomputers) មានដូចជាប្រព័ន្ធកុំព្យូទ័រ ARCHER នៅសាកលវិទ្យាល័យ Edinburgh និងប្រព័ន្ធកុំព្យូទ័រចំនួន៥របស់អង្គការ bwHPC នៅក្នុងរដ្ឋ Baden-Württemberg ប្រទេសអាឡឺម៉ង់ជាដើម ដោយប្រើកម្មវិធីមេរោគ malware monero mining។

ប្រទេសដែលរងការវាយប្រហារគឺភាគច្រើននៅផ្នែកខាងអឺរ៉ុប ដែលមានដូចជា ចក្រភពអង់គ្លេស ស្វីស អាឡឺម៉ង់ អេស្ប៉ាញ ដែលធ្វើឱ្យស្ថាប័នមួយចំនួននោះផ្អាកដំណើរការ និងធ្វើការស៊ើបអង្កេតទៅលើបញ្ហានៃការវាយប្រហារនោះ នេះបើតាមការផ្សព្វផ្សាយរបស់គេហទំព័រ zdNet។

បើតាមការវិភាគរបស់ក្រុមហ៊ុន Cado ដែលជាក្រុមហ៊ុនសន្តិសុខអុីនធឺណេតមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរកឃើញថាអ្នកវាយប្រហារអាចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រសឺវ័រខ្នាតយក្សទាំងនោះតាមរយៈ SSH (secure shell) ដោយប្រើឈ្មោះ និងលេខសម្ងាត់ដែលបានលួចពីក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេស កាណាដា ចិន និងប៉ូឡូញ។

នេះជាលើកទីមួយហើយដែលជនអនាមិកធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័រសឺវ័រខ្នាតយក្សដើម្បីយកទៅធ្វើរូបិយប័ណ្ណគ្រីបតូ ដែលពីមុនមកធ្លាប់តែមាននិយោជិករបស់ស្ថាប័ននោះតែម្ដងដែលបានធ្វើការដំឡើងមេរោគចូលក្នុងប្រព័ន្ធកុំព្យូទ័រសឺវ័ររបស់ស្ថាប័នខ្លួនដើម្បីបម្រើផល ប្រយោជន៍ផ្ទាល់ពួកគេ។

ជាឧទាហរណ៍ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនវិស្វករ មកពីមជ្ឈមណ្ឌលនុយក្លេអ៊ែររុស្ស៊ី ពីបទប្រើម៉ាស៊ីនមេរបស់ទីភ្នាក់ងារនេះដើម្បីធ្វើរូបិយប័ណ្ណគ្រីបតូ។ ករណីស្រដៀងគ្នានេះដែរ នៅប្រទេសអូស្រ្តាលីបានចាប់ផ្តើមធ្វើការស៊ើបអង្កេតលើករណីនេះនៅ Bureau of Meteorology ដែលជាកន្លែងដែលនិយោជិកបានប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រសឺវ័រយក្ស ដើម្បីធ្វើរូបិយប័ណ្ណគ្រីបតូ នេះផងដែរ៕

ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម