បាត់មុខយូរ Toyota Venza វិលមកវិញ ដូររូបរាងថ្មីទាំងស្រុង ស៊ីសាំងតិចជាងមុនទៀត

  • 2020-05-19 01:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ចេញរថយន្ត Venza ស៊េរីឆ្នាំ២០២១ ថ្មី ដែលមានការឌីហ្សាញបែប SUV កាត់ Wagon ដំណើរការដោយម៉ាស៊ីន Hybrid។

រថយន្ត Toyota Venza ថ្មី បំពាក់គ្រោងឆ្អឹង TNGA-K ដូចទៅនឹង Toyota Highlander ជំនាន់ចុងក្រោយបង្អស់ដែរ។ វាជារថយន្តដែលផ្តល់នូវបទពិសោធន៍បើកបរដូច Sedan ប៉ុន្តែងាយស្រួលប្រើប្រាស់ដូច SUV។

Venza ឆ្នាំ២០២១ ចែកចេញជា ៣ម៉ូដែល គឺ Venza LE, Venza XLE និង Venza Limited។ វាមានបំពាក់កុងទ័រធំបំផុតដល់ ៧អ៊ីញ និងអេក្រង់បង្ហាញព័ត៌មាននៅផ្នែកកណ្តាលធំបំផុតដល់ ១២,៣អ៊ីញ ព្រមទាំងអាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto, Amazon Alexa និង Bluetooth ផងដែរ។

Toyota បានបំពាក់ដំបូលកញ្ចក់ធំ ហៅថា Star Glaze ជាមួយនឹងបច្ចេកវិទ្យា Electromagnetic Glass Technology ដំបូងបង្អស់របស់ខ្លួនលើ Venza នេះ ដែលអាចផ្លាស់ប្តូរផ្ទៃកញ្ចក់ពីស្រអាប់មកថ្លា ឬថ្លាទៅស្រអាប់បានភ្លាមៗ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។

ម៉ាស៊ីនតែមួយជម្រើសប៉ុណ្ណោះដែលត្រូវបំពាក់លើរថយន្ត Toyota Venza គឺម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ២១៩សេះ ប្រើប្រអប់លេខអូតូ CVT និងប៉ុងពីរ AWD។ Toyota អះអាងថា Venza មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៨លីត្រប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ។

បន្ថែមពីនេះវាក៏បំពាក់ប្រព័ន្ធ Toyota Safety Sense 2.0 មកស្តង់ដារ ដែលគួបផ្សំមុខងារជំនួយការបើកបរសំខាន់ៗជាច្រើនទៀតផង។ យ៉ាងណាមិញ Toyota មិនទាន់បានបង្ហាញតម្លៃលក់នៃរថយន្តនេះឡើយ ប៉ុន្តែគេរំពឹងថា Venza ទំនងមានតម្លៃចន្លោះចាប់ពី ៣៤ ០០០ ទៅ ៣៥ ០០០ដុល្លារ៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង