និយមធាក់កង់? រឿងសំខាន់ ១២យ៉ាងអ្នកទើបធាក់កង់ គួរធ្វើ និងមិនគួរដើម្បីសុខភាព

  • 2020-05-20 04:40:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធាក់កង់ មិនត្រឹមតែជួយកាត់ស្ត្រេសប៉ុណ្ណោះទេ ថែមទាំងមានគុណសម្បត្តិច្រើនចំពោះសុខភាព។ តែបើធាក់កង់ខុសរបៀប វាក៏អាចនាំផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផងដែរ។

តើការធាក់កង់ល្អបែបណាចំពោះសុខភាព? ពិតណាស់ធាក់កង់ត្រូវតាមក្បួន មាន គុណប្រយោជន៍ច្រើនចំពោះសុខភាព ដូចជា ៖ ជួយបង្កើនសុខភាពសរសៃឈាម និង បេះដូង, បង្កើនកម្លាំងសាច់ដុំ, កាត់បន្ថយស្ត្រេស, ថយចុះកម្រិតជាតិខ្លាញ់, ពង្រឹងឆ្អឹង, សាច់តឹងណែន , សម្រួលប្រព័ន្ធរំលាយអាហារ និងបន្ទោរបង់ , និងជួយឲ្យគេងលក់ស្រួល ។

តោះ! ឥលូវមើលក្បួនធាក់កង់ត្រឹមត្រូវដែល ល្អចំពោះសុខភាព និង កំហុសឆ្គងមួយចំនួនដែលគួរជៀសវាងសម្រាប់អ្នកទើបចាប់ផ្តើមធាក់កង់ថ្មីថ្មោង ដូចខាងក្រោម ៖

គុណសម្បត្តិ និងរឿងដែលគួរធ្វើពេលធាក់កង់៖

១. កម្តៅសាច់ដុំ ៥នាទីជាមុនសិន ៖ ទាំងនេះជាចលនាងាយៗអ្នកគួរធ្វើឲ្យបាន ១០វិនាទី ក្នុង ១ចលនា ដើម្បីឲ្យពេលធាក់កង់ជាក់ស្តែងឈាមរត់បានស្រួល និងមិនធ្វើឲ្យអ្នកឆាប់ហត់ ឬ ចុចរោយដៃជើង។

២. កំណត់កម្ពស់កែបកង់ឲ្យបានត្រឹមត្រូវ ៖ ប្រសិនបើកន្លែងអង្គុយទាបពេក អាចបណ្ដាលឲ្យអ្នកមានការឈឺចាប់នៅត្រង់មុខជង្គង់។ ភាគច្រើន អ្នកទើបចាប់ផ្ដើមធាក់ដំបូង តែងដាក់កែបឲ្យទាបដើម្បីឲ្យជើងដល់ដី ប៉ុន្តែកម្ពស់នៃដងខ្លួនខុសអាចប្រឈមនឹងគ្រោះថ្នាក់។ មុនចាប់ផ្តើមធាក់ទោះផ្លូវជិត ឬ ឆ្ងាយ ត្រូវសារ៉េកែបឲ្យត្រូវសិន។

៣. ទំហំកង់ ត្រូវហ្នឹងកម្ពស់ ៖ កង់មាន ៣ ទំហំ គឺ S (កម្ពស់ ១.៥៥ - ១.៦៤ម៉ែត្រ), M (កម្ពស់ ១.៦៥ - ១.៧៤ម៉ែត្រ), និង L (កម្ពស់ ១៧៥ – ១៨៤ម៉ែត្រ ) អ្នកគួរជ្រើសរើសទំហំកង់ឲ្យត្រូវនឹងកម្ពស់ ឬប្រវែងជើងអ្នក ទើបធាក់ទៅស្រួល។ ការឈោងកាន់ចង្កូតកង់បានត្រឹមត្រូវ គឺខ្លួនអ្នកបង្កើតជាមុំ ៤៥ ដឺក្រេពីលើកង់ ឬ ត្រូវរៀងអោនចុះបន្តិច ។ បើការឈោងកាន់ដៃកង់ វែងពេកខ្នងអ្នកនឹងឈឺ តែបើខ្លីពេក ជង្គង់នឹងមានបញ្ហា ។ ដូច្នេះគួរសារ៉េឲ្យស្រួលខ្លួន រួចធាក់សាកល្បងសិន មុនសម្រេចធាក់ទៅផ្លូវឆ្ងាយ។

៤. យល់ច្បាស់ពីការសារ៉េ លីបកង់តាមស្ថានភាពផ្លូវ ៖ លីបកង់ គឺសម្រាប់ផ្លាស់ប្តូរល្បឿនពេលកំពុងធាក់ ឲ្យសមស្របតាមស្ថានភាពផ្លូវ ដូចជាផ្លូវ ទួល ផ្លូវដី ផ្លូវរលាក់ ឬ ផ្លូវកៅស៊ូ។ គន្លឹះសារ៉េលីបកង់ មានទីតាំងនៅជាប់ចង្កូចកង់ (ដៃកង់) ដែលជាទូទៅ ខាងស្តាំ សម្រាប់កង់ក្រោយ (មាន ៦ រហូតដល់ ១២លេខ ) លីបខាងឆ្វេងសម្រាប់កង់ខាងមុខ ( មាន ១ លេខ ដល់ ៣លេខ) ។ សារ៉េមកលេខកាន់តែតូច សម្រាប់ធាក់យឺត តែធូរ សមស្របសម្រាប់ការធាក់ឡើងផ្លូវទួល ឬស្ពាន ។ លើផ្លូវធម្មតា គួរសារ៉េលីប មកលេខធំ ឲ្យតឹងបន្តិច ទើបធាក់បានលឿន។

៥. របៀបធាក់ ៖ គួរធាក់ដោយប្រើផ្នែកខាងមុខនៃប្រអប់ជើង ធាក់តាមសម្រួល កុំសម្រុកខ្លាំងពេកពេលចាប់ ផ្តើមដំបូង និងដកដង្ហើមឲ្យវែងៗ។

៦. ធាក់កង់ជាក្រុម ឬ មានគ្នា ៖ បង្កើនបរិយាកាសរីករាយ ថែមទាំងជួយកម្លាំងចិត្តក្នុងការធាក់ មានគ្នាច្រើនមិនសូវជាហត់នោះទេ ហើយមានសុវត្ថិភាពជាងធាក់ម្នាក់ឯង ពិសេសសម្រាប់ផ្លូវឆ្ងាយ។

៧.ឧបករណ៍ដែលអ្នកគួរមាន ៖ ដើម្បីសុវត្ថិភាព រួមជាមួយភាពងាយស្រួលអ្នកគួរមាន៖ មួក, សោចាក់កង់ (ប្រសិនបើអ្នកមានគម្រោងទុកកង់ចោល), ភ្លើងកង់ (ការពារធាក់ពេលងងឹត), ស្រោមដៃ, ខោកីឡាសម្រាប់ធាក់កង់ (ខោមានអេប៉ុងទន់ ជួយមិនឲ្យឈឺគូទ), ស្បែកជើង, ឈ្នាន់, ឧបករណ៍ជួសជុល ( ការពារពេលដល់កន្លែងដែលគ្មានជាង), វែនតា (ការពារកុំឲ្យស្ងួតភ្នែក ឬមានដីហុយចូលភ្នែក), ស្រោមមុខ (ពាក់ការពារពន្លឺថ្ងៃក្តៅ ឬធូលីដីហុយ), ដបទឹក ។

កត្តាដែលគួរជៀសវាង

៨. ជិះឆ្ងាយពេក និង មិនស្គាល់ផ្លូវ ៖ ជៀសវាងបង្ខំខ្លួនប្រាណឲ្យធាក់ឆ្ងាយពេក ឬលឿនខ្លាំង បើអ្នកទើបតែចាប់ផ្ដើមធាក់ដំបូង។ ឆាប់ធ្វើឲ្យអស់កម្លាំង សាច់ដុំដំណើរការមិនទាន់ បេះដូងលោតលឿន ថប់ដណ្ហើម ឬអាចឈានដល់ស្ទះខ្យល់សន្លប់ ឬ ក្អួត។ គួរស្គាល់ស្ថានភាពផ្លូវដែលត្រូវធាក់ឲ្យច្បាស់ ដើម្បីធានាសុវត្ថិភាព មួយកម្រិតទៀត។

៩.កុំញ៉ាំអាហារច្រើនពេក ៖ មិនគួរញ៉ាំអាហារច្រើនជ្រុល មុនពេលធាក់កង់ ព្រោះអាចបណ្ដាលឲ្យក្អួត។ ផឹកទឹកក៏ដូចគ្នាដែរ ផឹកល្មមៗ បើផឹកច្រើន ពេលធាក់ទៅអាចច្រាលទឹកចេញមកវិញ នឹងធ្វើឲ្យចង់ក្អួតផងដែរ។

១០. កុំឡើងទួលខ្ពស់ ឬ ភ្នំ៖ ជៀសវាងឡើងទួលខ្ពស់ បើអ្នកទើបចាប់ផ្ដើមធាក់កង់ដំបូង ព្រោះឆាប់ហត់ និងបេះដូងលោតញាប់ អាចឈានទៅគាំងបេះដូង និងវិលមុខសន្លប់បាន ។

១១. ស្លៀកពាក់មិនសមស្រប ៖ គួរពិនិត្យមើលអាកាសធាតុ ឬ ឧតុនិយម មុនពេលស្លៀកពាក់ ដូចជាក្តៅប៉ុណ្ណា ឬ អាចមានភ្លៀងដែរឬទេ។ មួយទៀតគួរស្លៀកពាក់ឈុតបែបកីឡាធាក់កង់ ដែលផ្តល់ភាពងាយស្រួលពេលធ្វើចលនា និងមិនហប់ខ្យល់។

បញ្ហាដែលច្រើនកើតមានពេលធាក់កង់យូរៗ គឺ ឈឺចុចត្រង់ គូទ។ ដូច្នេះ គួរត្រៀមឲ្យបានល្អ ដោយពាក់ខោធាក់កង់ដែលមានអេប៉ុងទន់ការពារកុំឲ្យឈឺគូទ។ មិនគួរស្ពាយកាបូបធ្ងន់ៗទេ នាំទើសទែង រំខានដល់ការធាក់ និងនាំធ្ងន់ខ្លួនធ្វើឲ្យចុចរោកស្មា ឬឈឺខ្នង។

១២. ជៀសវាងធាក់ម្នាក់ឯង ៖ អ្នកនឹងមានអារម្មណ៍ ឯកកា ឆាប់ហត់ និងមិនចង់បន្តជិះតទៅទៀត។ ហេតុផលមួយទៀត នៅពេលអ្នកមានបញ្ហាដូចជាកង់ខូច ឬដួល មិនមានអ្នកជួយ។

ទាំងនេះសុទ្ធតែជាកត្តាដែលអ្នកគួរជៀសវាង និងមិនគួរធ្វើ ។ ត្រៀមឲ្យល្អ តាមការណែនាំទាំង ១២ ចំណុចនេះ ធានាថាអ្នកធាក់កង់ទៅដឹងតែសប្បាយផ្តាំចាស់ម៉ង៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភពកែសម្រួលចេញពី៖

cyclingweekly និង​ road.cc

ប្រភព៖ Betterhealth | Bicycling | healthline   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី