គ្រូចាំទី U15 វិសាខា ហែម ស៊ីម៉ៃ សប្បាយចិត្ត​ពេល យី ប៊ុនហេង ឡើង​ដៃ​នៅ​អង្គរថាយហ្គឺរ

  • 2020-05-20 08:36:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ចាំទី U15ក្លឹប​បាល់​ទាត់​វិសាខា ហែម ស៊ីម៉ៃ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ពេល​ឃើញ​សិស្ស​ប្អូន យី ប៊ុនហេង បាន​ជាប់ជម្រើស​១១​នាក់​គ្រប់​ការ​ប្រកួត​របស់​អង្គរ​ថាយហ្គឺរ ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លីគកំពូល​កម្ពុជា ក្រោយ​រូប​គេប្រកាសចូលនិវត្តន៍​ជាផ្លូវការ ពី​ក្លឹប​​មាន​មូលដ្ឋាន​​នៅ​ខេត្ត​សៀមរាប​មួយ​នេះ​។

លោកគ្រូចាំទី U15 ហែម ស៊ីម៉ៃ របស់វិសាខាកាលលេងនៅអង្គរថាយហ្គឺរ

ហែម ស៊ីម៉ៃ សង្ឃឹម រៀបរាប់​លំអិត​ថា ៖«ចំពោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត ពី​ព្រោះ​​អី យី ប៊ុនហេង បើ​និយាយ​ទៅ​គាត់​ជា​អតីត​កូន​សិស្ស​របស់​ខ្ញុំ​ដែរ នៅ​ពេល​ដែល​​ខ្ញុំ​នៅ​ភ្នំពេញ​ ខ្ញុំ​បង្វឹក​ក្លឹប​មិន​មែន​អាជីព​មួយ ពេល​គាត់​ចេញ​ពី​បាទី ខ្ញុំ​យក​គាត់​មក​លេង​ក្រុម​ហ្នឹង ហើយ​ក៏​ខ្ញុំ​បាន​នាំ​គាត់​ទៅ​ដល់​​ថាយហ្គឺរ...ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ សម្រាប់​​យុវជន​ម្នាក់ ដែល​គេ​មិន​សូវ​​​​ស្គាល់ បែរ​ជា​គាត់​​មាន​ឈ្មោះ​បោះ​សំឡេង​​នៅ​​ក្នុង​ឆ្នាំ​នេះ ហើយ​ជំនួស​​ដៃទី១​របស់​ខ្ញុំ​បាន ខ្ញុំ​សប្បាយ​ចិត្ត ព្រោះ​គាត់​ជួយ​ក្រុម​ចាស់​ខ្ញុំ​បាន​​ល្អ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​​បន្ត​ធ្វើ​អ៊ីចឹង​បាន​រហូត»។

ទោះបីជាយ៉ាងណា ហែម ស៊ីម៉ៃ ក៏​សង្ឃឹម​ដែរ​ថា ហ៊ុនហេង នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដោយ​មិន​គួរ​ភ្លេច​ខ្លួន​ពេល​កំពុង​ឡើងកូដ ដ្បិត​ក្នុង​វិស័យ​បាល់​ទាត់​អ្វី​ៗ​ក៏​អាច​កើត​មាន​ឡើង។

អតីតសមាជិកបៀលប្រាយយូណាយធីត បញ្ជាក់បន្ថែម ៖«សូម​ឱ្យ​យុវជន​ទាំង​អស់ ត្រូវ​តែ​តស៊ូ​ព្យាយាម បើ​ចង់​ក្លាយ​ខ្លួន​ជា​អ្នកចាំទី​ឬ​តួនាទី​អ្វី​មួយ​ក៏​ដោយ ត្រូវ​តស៊ូ​ព្យាយាម ត្រូវ​​មាន​គោលដៅ កុំ​ស្រលាញ់​តែ​មួយ​ភ្លែត​ ហើយ​បោះបង់​ចោល នោះ​ជា​បរាជ័យ​របស់​មនុស្ស​ហើយ»។

យី ប៊ុនហេង អ្នកចាំទីដៃទី១របស់អង្គរថាយហ្គឺរ

ហែម ស៊ីម៉ៃ បាន​​ព្យួរ​ស្រោម​ដៃ​​ពី​ក្លឹប​អង្គរ​ថាយហ្គឺរ មក​ធ្វើ​ជា​គ្រូចាំទី U15 របស់​ក្លឹប​​បាល់ទាត់​វិសាខានៅ​​ខែ​ធ្នូ ​ឆ្នាំ​២០១៩។ គេចាប់អាជីពបាល់ទាត់នៅអំឡុងឆ្នាំ២០០៦ ដោយធ្លាប់លេងឲ្យបៀលប្រាយយូណាយធីត, គិរីវង់សុខសែនជ័យ និងខេមបូឌានថាយហ្គឺរដែលបច្ចុប្បន្ន គឺអង្គរថាយហ្គឺរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ