រឿង"**មិត្ដក្របី**"​ មិនអាចថតចប់តាមផែនការ

  • 2020-05-21 08:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​"មិត្ត​ក្របី” ដែល​ជា​ស្នាដៃ​និពន្ធ សម្ដែង និង​ដឹកនាំ​ថត​ដោយ​ផ្ទាល់​របស់​គ្រូ​គុន​ល្បុក្កតោ គឺ​លោក ឆន ច័ន្ទ​វីរៈ មិន​អាច​ថត​ចប់​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០២០ នេះ តាម​ផែនការ​កំណត់​នោះ​ទេ។

លោក ច័ន្ទវីរៈ ប្រាប់​Sabay ថា ក្រៅ​ពី​បញ្ហា​កូវីដ-១៩ ក៏​មាន​បញ្ហា​ខ្លះ​ដែរ​ដែល​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ថត​បញ្ចប់រឿងនេះ។ មាន​ដូច​ជា៖ ប្លង់​ខ្លះ​ត្រូវ​ថត​ជួស​ឡើង​វិញ ត្រូវ​ការ​ជួល​តួ​ល្បី​ៗ​ថត​បន្ថែម និង​ឈុត​ខ្លះ​ពិបាក​រៀបចំ​ដោយ​តម្រូវ​ឲ្យ​មាន​មនុស្ស​ច្រើន​ចូល​រួម​សម្ដែង។ ម្ដង​នេះ​លោក​ ច័ន្ទវីរៈ លែង​ហាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ទៀតហើយ​ ថារឿងនេះនឹង​ត្រូវ​ថត​ចប់​ពេល​ណា ហើយ​ចាក់​បញ្ចាំង​នៅ​ពេល​ណាវិញ​ទេ។

កន្លង​ទៅ​លោក ឆន ច័ន្ទ​វីរៈ ធ្លាប់​ប្រកាស​ថា រឿង​"មិត្ត​ក្របី” ផ្ដោត​សំខាន់​លើ​ការ​ផ្សព្វផ្សាយ​ក្បាច់​គុន​ល្បុក្កតោ និង​ទម្រង់​សិល្បៈ​មួយ​ចំនួន​ទៀត​របស់​ខ្មែរ នឹង​ថត​ចប់​នៅ​ដើម​ខែ​ឧសភា ហើយ​នឹង​ដាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្ត​ល្បី​ៗ​នៅ​ចុង​ឧសភា ឬ​ដើម​ខែ​មិថុនា ឆ្នាំ​២០២០។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សាច់​រឿង​ទាំង​មូល​ដែល​រយៈ​ពេល​១​ម៉ោង​៤៥​នាទី ទើប​ថត​បាន​ប្រហែល​៧០%។

ឆន ច័ន្ទ​វីរៈ៖"ឥឡូវ​បាន​ជា​យឺត​អីចឹង​ហើយ យើង​សម្រាំង​យក​គុណភាព​ឲ្យ​កាន់តែ​ខ្លាំង ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ ហើយ​ឥឡូវ​អត់​ហ៊ាន​កំណត់​ថា​នឹង​ថត​ចប់ ឬ​ដាក់​បញ្ចាំង​ពេល​ណា​ទៀត​ទេ"។

ផលិតកម្ម​អាថាន់​ភាពយន្ត​ដែល​គ្រប់គ្រង​ដោយ​លោក ឆន ច័ន្ទ​វីរៈ ទើប​ផលិត​រឿង​ទី១​របស់​ខ្លួន គឺ​រឿង"មិត្ដ​ក្របី"​នេះ​ឯង។ រឿង​នេះ​ចាប់​ផ្ដើម​ថត​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០។ គេ​សង្ឃឹម​ថា នៅ​ពេល​ដែល​រឿង​នេះ​ចាក់​បញ្ចាំង​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន ហើយ​បាន​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ និង​ទម្រង់​សិល្បៈ​ខ្មែរ​ជា​ច្រើន​ទៀត​ដែល​បាន​រំលេច​នៅ​ក្នុង​រឿង​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ