Samsung វាយផ្ដាច់ចំណែកទីផ្សារទូរសព្ទ 5G នៅអាមេរិក នា​ត្រីមាស​ទី​មួយ

  • 2020-05-22 01:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បន្ត​ក្ដោប​ក្ដាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន​ 5G នៅ​សហរដ្ឋអាមេរិក​បាន​ច្រើន​មហាសាល ដោយ​សារ​ស្មាតហ្វូន​ត្រកូល Galaxy S20 ដែល​សុទ្ធ​តែ​មាន​គាំទ្រ​សេវា 5G។

តាម​ការ​ប៉ាន់​ស្មាន​របស់​ Strategy Analytics បាន​ឲ្យ​ដឹង​ថា​ Galaxy S20+ ជា​ស្មាតហ្វូន 5G លក់​ដាច់​ជាង​គេ​នៅ​អាមេរិក​នា​ត្រីមាស​ទី ១ ឆ្នាំ ២០២០ ដែល​កាន់​កាប់​ ៤០% នៃ​ចំនួន​លក់​សរុប។ Galaxy S20 Ultra ស្ថិត​នៅ​លំដាប់​ទី​ពីរ​ជា​មួយ​ចំណែក​ទីផ្សារ ៣០% និង​ Galaxy S20 នៅ​លំដាប់​លេខ​ ៣ មាន​ចំណែក​ទីផ្សារ ២៤%។

សរុប​ជា​រួម​ចំនួន​ស្មាតហ្វូន​ 5G ដែល​លក់​បាន​នៅ​អាមេរិក​ កាល​ពី​ត្រីមាស​ទី​មួយ​គឺ​មាន ៣,៤ លាន​គ្រឿង ដែល​ស្មើ​នឹង ១២% នៃ​ចំនួន​លក់​​របស់​ស្មាតហ្វូន​​គ្រប់​ប្រភេទ​គិត​ទាំង​ស្មាតហ្វូន 4G។

តួ​លេខ​ខាង​លើ​បង្ហាញ​ថា Samsung តែ​ម្នាក់​ឯង​គឺ​កាន់​កាប់​ចំណែក​ទីផ្សារ​ស្មាតហ្វូន 5G រហូត​ដល់ ៩៤% ​ឯណោះ។ Samsung ក៏​បាន​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ស្មាតហ្វូន 5G របស់​ខ្លួន​កាន់​តែ​មាន​ភាព​ទូលំទូលាយ ដោយ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ Galaxy A51 5G និង Galaxy A71 5G ជា​ស្មាតហ្វូន 5G តម្លៃ​ធូរ ដែល​នឹង​មាន​លក់​នៅ​អាមេរិក​ឆាប់ៗ។

បច្ចុប្បន្ន​នេះ Apple មិន​មាន​ស្មាតហ្វូន​ណា​ដែល​គាំទ្រ​សេវា 5G នោះ​ទេ ហើយ​វា​អាច​ផ្លាស់​ប្ដូរ​នៅ​ពេល iPhone 12 ប្រកាស​ចេញ ដែល​រំពឹង​ថា​មាន​បួន​ម៉ូដែល​សុទ្ធ​តែ​គាំទ្រ​សេវា 5G។ ដោយ​សារ​អតិថិជន​នៅ​អាមេរិក​ភាគ​ច្រើន​​មាន​រស​និយម​លើ​ iPhone ជា​ជាង Android នោះ​ Samsung ទំនង​ជា​បាត់​បង់​ចំណែក​ទីផ្សារ​ 5G ​មួយ​ចំណែក​ធំ​នា​ពេល​អនាគត៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង