តារា​សម្ដែង​ជើងចាស់​ ២​ដួង នឹង​ជួប​គ្នា​ក្នុង​រឿង​ភាគ​មួយ​ដែល​ជា​សត្រូវសួពូជ

  • 2020-05-25 04:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​២​ដួង​ ដែល​ចាប់​អាជីព​សម្ដែង​តាំង​ពី​អំឡុង​ទសវត្ស​៩០ គឺ​លោក ទេព រិនដារ៉ូ និង​លោក សាវិន ហ្វីលីប នឹង​ជួប​សម្ដែង​ជាមួយ​គ្នា​ជា​លើក​ទី៣ នៅ​ក្នុង​រឿង​ភាគ​មួយ​របស់​ផលិតកម្ម ជា ឈីម ភាពយន្ដ។

នៅ​ក្នុង​រឿង​ "ទឹក និង​ប្រេង” ​ដែល​និយាយ​អំពី​វណ្ណៈ​សង្គម​គ្រួសារ​ ក្នុង​សម័យ​បារាំង​ដាក់​អាណានិគម​មក​លើ​កម្ពុជា បាន​តម្រូវ​ឲ្យ​តួអង្គ ទេព រិនដារ៉ូ និង​លោក សាវិន ហ្វីលីប ក្លាយ​ជា​សត្រូវសួពូជ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ស្នេហា​ត្រូវ​បាន​បែងចែក​វណ្ណៈ​ តាំង​ពី​ដូនតា រហូត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។

តួអង្គ​សម្ដែង​សំខាន់​ទាំង​២ ដួង នឹង​សម្ដែង​កាច់កុង​គ្នា​តាំង​ពី​ដើម​រឿង រហូត​ដល់​ចប់។

លោក សាវិន ហ្វីលីប បាន​ប្រាប់ Sabay ពី​ក្រុង​បាត់ដំបង​មក​ថា៖ "ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ល្អ​នៅ​ពេល​បាន​សម្ដែង​ជាមួយ​គាត់ (ទេព រិនដារ៉ូ) ហើយ​នេះ​ជា​រឿង​ទី៣​ហើយ​ ដែល​ខ្ញុំ​សម្ដែង​ប៉ះ​គាត់ បន្ទាប់​ពី​រឿង "ភ្លើង" និង​រឿង "កូន​ពស់​កេងកង" ហើយ​បង​រ៉ូ គឺ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​គោរពស្រឡាញ់"។

ផលិតកម្ម ជា ឈីម ភាពយន្ត នឹង​រៀបចំ​ធ្វើ​ពិធី​ក្រុងពាលី​ដើម្បី​ដំណើរការ​ថត​រឿង​ភាគ​មួយ​ក្រោម​ចំណង​ជើង​ថា ​"ទឹក និង​ប្រេង" នៅ​រសៀល​ថ្ងៃទី២៦ ខែ​ឧសភា ឆ្នាំ​២០២០ នា​ខេត្ត​បាត់ដំបង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ