ទូរសព្ទប្រើស៊ីម 5G បានពីរចេញជាផ្លូវការ តម្លៃចាប់ពី ២២៤ដុល្លារ
- 2020-05-26 09:29:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទប្រើស៊ីម 5G បានពីរចេញជាផ្លូវការ តម្លៃចាប់ពី ២២៤ដុល្លារ
ចន្លោះមិនឃើញ
Redmi ដែលជាម៉ាកយីហោសាខារបស់ Xiaomi បានបង្ហាញចេញជាផ្លូវការនូវស្មាតហ្វូនត្រកូល 10X ដែលមាន 10X 5G, 10X Pro និង 10X 4G។ ស្មាតហ្វូន 10X 5G និង 10X Pro គឺមានបំពាក់ឈីប Dimensity 820 ស៊េរីថ្មីរបស់ Mediatek ដែលគាំទ្រការប្រើប្រាស់សេវា 5G ពីរស៊ីមក្នុងពេលតែមួយ។
10X 5G និង 10X Pro គឺមានបំពាក់ដោយអេក្រង់ទំហំ ៦,៥៧អ៊ីញ ប្រភេទ AMOLED អាចបង្ហាញរូបភាពកម្រិត Full HD+ និងមានក្បាលឆករាងតំណក់ទឹកសម្រាប់បំពាក់កាមេរ៉ា Selfie ដែលលើ 10X 5G មានទំហំ ១៦MP និង 10X Pro មានទំហំ ២០MP។
ផ្នែកខាងក្រោយរបស់ 10X 5G និង 10X Pro មានបំពាក់កាមេរ៉ាមេទំហំ ៤៨MP និងកាមេរ៉ា Ultrawide ទំហំ ៨MP ដូចគ្នា។ ប៉ុន្តែប្រភេទ Pro មានបន្ថែម Telephoto ទំហំ ៨MP និងកាមេរ៉ា Macro ទំហំ ៥MP បន្ថែមពីលើ។
ស្មាតហ្វូនទាំងពីរប្រើប្រាស់ឈីប Dimensity 820 ដែលគួបផ្សំនឹង RAM ទំហំ 6GB/8GB សម្រាប់ 10X 5G និង 10X Pro មាន RAM ទំហំ ៨GB។ ចំពោះអង្គផ្ទុកមានទំហំចាប់ពី ៦៤GB ដល់ ២៥៦GB។ អំពីផ្នែក Software វិញគឺវាប្រើប្រាស់ Android 10 ជាមួយស្បែក MIUI 12។ ថ្មរបស់ពួកវាមានទំហំ ៤៥២០ mAh ដែលអាចសាកល្បឿន ២២,៥វ៉ាត់ សម្រាប់ 10X 5G និង ៣៣វ៉ាត់ សម្រាប់ 10X Pro។
នៅប្រទេសចិនការលក់ផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃទី ១ ខែមិថុនាសម្រាប់ 10X 5G ដែលវាមានតម្លៃចាប់ពីប្រមាណ ២២៤ដុល្លារ (6/64GB), ប្រមាណ ២៥២ដុល្លារ (6/128GB), ប្រមាណ ២៩៤ដុល្លារ (8/128GB) និងប្រមាណ ៣៣៦ដុល្លារ (8/256GB)។
ចំណែក 10X Pro វិញមានលក់ពីថ្ងៃទី ៦ ខែមិថុនាជាមួយតម្លៃប្រមាណ ៣២២ដុល្លារ (8/128GB) និងប្រមាណ ៣៦៤ដុល្លារ (8/256GB)៕