បបួលគ្នាហើយនៅ? តោះឡើងភ្នំទៅមើលថ្ងៃលិចនៅភ្នំក្រោម

  • 2020-05-27 05:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទភ្នំក្រោម ស្ថិតនៅលើកំពូលភ្នំក្រោម មានចម្ងាយប្រហែល១២គីឡូម៉ែត្រខាងត្បូងក្រុងសៀមរាប ខាងជើងបឹងទន្លេសាប និងមានចម្ងាយប្រហែល២២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។

ប្រាសាទនេះកសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០គ.ស.) ចុងសតវត្សទី៩ និងដើមសតវត្សទី១០ ក្នុងរជ្ជកាលដំណាលគ្នានឹងប្រាសាទភ្នំបាខែង និងប្រាសាទភ្នំបូក ដើម្បីគោរពដល់ព្រហ្មញ្ញសាសនា ឧទ្ទិសដល់អាទិទេពទាំង (ត្រីម៌ូតិ) គឺប៉មកណ្តាលឧទ្ទិសដល់ព្រះឥសូរ ប៉មខាងត្បូងឧទ្ទិសដល់ព្រះព្រហ្ម និងប៉មខាងជើងឧទ្ទិសដល់ព្រះនារាយណ៍។

ប៉មបីទន្ទឹមគ្នានៃប្រាសាទនេះ សាងសង់ឡើងលើខឿនតែមួយ និងមានទំហំខុសៗគ្នាគឺ ប៉មកណ្តាលរាងការេមានទំហំ៩.៤០មx៩.៤០ម និងកម្ពស់១០ម។ ឯប៉មខាងជើងនិងខាងត្បូងប្លង់រាងការេដែរ ដែលមានទំហំ ៧.៥០មx៧.៥០ម។ បច្ចុប្បន្ន ប្រាសាទស្ថិតនៅកណ្តាល ហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម ក្នុងទំហំប្រមាណ៣៤០៨ម៉ែត្រក្រឡា។

ភ្ញៀវទេសចរដែលឡើងទៅដល់ប្រាសាទភ្នំក្រោមនេះ អាចគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទ រួមនឹងទិដ្ឋភាពជុំវិញដូចជា បឹងទន្លេសាប វាលស្រែដ៏ធំល្វឹងល្វើយ និងទិដ្ឋភាពពេលថ្ងៃរៀបលិចយ៉ាងស្រស់ស្អាតទៀតផង។

សូមទស្សនារូបភាពថ្ងៃលិច ដែលឃើញហើយចង់ទៅលេង ៖

ប្រភពរូបភាព ៖ ដំណើររុករក

ប្រភព៖ អាជ្ញាធរជាតិអប្សរា   អត្ថបទ ៖ Art