សោក​ស្ដាយ វីរសិល្បករ​ចម្រៀង​អាយ៉ៃ​លោក​គ្រូ ឈិន ឈៀង ទទួល​មរណភាព​រសៀល​នេះ

  • 2020-05-29 10:15:24
  • ចំនួនមតិ 30 | ចំនួនចែករំលែក 133

ចន្លោះមិនឃើញ


វីរសិល្បករ ផ្នែកចំរៀងអាយ៉ៃគឺ លោកគ្រូ ឈិន ឈៀង បានទទួលមរណៈហើយនៅរសៀលម៉ោង3:45នាទី។ នេះ​បើ​តាម​លោក អ៊ឹម ជីវ៉ា បាន​សរសេរ​ប្រាប់​នៅ​បណ្ដាញ​សង្គម​របស់​លោក​កន្លះ​ម៉ោង​មុន​នេះ។

វីរៈ​សិល្បករ​ចម្រៀង​អាយ៉ៃ បាន​បាត់​បង់​ជីវិត​លឿន​ហួស ក្រោយ​ពី​ដំណឹង​ពី​ការ​លោក​គ្រូ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ទើប​បាន​មក​ដល់​ក្រុម​ការងារ Sabay ១​ថ្ងៃ​មុន​ប៉ុណ្ណោះ។ តាម​អ្នក​ស្រី អ៊ុក សុផា ភរិយា​របស់​លោក​គ្រូ ឈិន ឈៀង បាន​ផ្ដល់​ដំណឹង​មក​ក្រុម​ការងារ​ម្សិលមិញ​ថា ស្វាមី​របស់​អ្នក​ស្រី ​មាន​ជំងឺ​គាប​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​១៨​ឆ្នាំ​ហើយ មើលមិនជាសះស្បើយសោះ។

គ្រួសារ​លោក​បាន​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រម​ទាំង​មន្ទីរ​ពេទ្យ​ល្បី​ៗ​នៅ​កម្ពុជា​ជា​ច្រើន​ទៀត ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់​លោក​ហាក់​មិន​ប្រសើរ​។ ដូច្នេះ​ហើយ សាច់ញាតិ ក៏​បាន​មូល​មតិ​គ្នា រូប​លោក​ថែទាំ​នៅ​ផ្ទះ។ យ៉ាង​ណា អ្នក​ស្រី​ថា ស្ថានភាព​របស់​ស្វាមី កាន់​តែ​ទន់ទោរ​មែន​ទែន​ហើយ ដូច្នេះ​ហើយ ដំណាក់​កាល​នេះ គឺ​មាន​តែ​និមន្ត​អាចារ្យ​មក​សូត្រ​ធម៌​តាម​ប្រពៃណី​ប៉ុណ្ណោះ។

រូបភាព៖ អ៊ឹម ជីវ៉ា

ក្រោយ​ពី​តស៊ូ​នឹង​ជំងឺ​កាច​សាហាវ​ជា​ច្រើន​ឆ្នាំ លោក​គ្រូ ឈិន ឈៀង បាន​លា​លោក លា​សិល្បៈ លា​ញាតិ​មិត្ត​ទៅ​ហើយ។ លោក​គ្រូ​មាន​អាយុ​៧៥​ឆ្នាំ ហើយ​លោក​ផុត​រលត់​សង្ខារ​នៅ​រសៀល​នេះ។ សព​តម្កល់​ នៅ​គេហដ្ឋាន​របស់លោក​គ្រូ ស្ថិត​នៅ​បឹង​កក់ទី២ ខណ្ឌ​ទួល​គោក ខាង​ក្រោយ​វត្ត​នាគវ័ន្ត៕

អត្ថបទ៖ ទារិកា