ចលាចលសង្គមនៅអាម៉េរិក៖ ១ ៤០០នាក់ត្រូវចាប់ខ្លួន, អ្នកកាសែតជាច្រើនរងការវាយប្រហារ
- 2020-06-01 02:23:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចលាចលសង្គមនៅអាម៉េរិក៖ ១ ៤០០នាក់ត្រូវចាប់ខ្លួន, អ្នកកាសែតជាច្រើនរងការវាយប្រហារ
ចន្លោះមិនឃើញ
ប៉ូលិសបានចាប់ខ្លួនមនុស្សជិត១.៤០០ នៅក្នុងទីក្រុងចំនួន១៧ នៅទូទាំងអាម៉េរិក នៅពេលការប្រឆាំងតវ៉ាបន្តរាលដាលដោយសារការស្លាប់បុរសស្បែកខ្មៅម្នាក់។
ចច ផ្លយ បានស្លាប់កាលពីថ្ងៃចន្ទសប្តាហ៍មុន នៅក្រុងមីនីប៉ូលិស ក្រោយនាយប៉ូលិសស្បែកស ម្នាក់ចាប់សង្កត់កគាត់យូរដល់ថប់ដង្ហើមស្លាប់។ ក្រោយរូបភាពព្រៃផ្សៃនេះ ត្រូវបានផ្សព្វផ្សាយ បង្កជាកំហឹងទូទៅ ប៉ូលិសរូបនេះត្រូវបានបណ្តេញចេញពីអង្គភាព និងត្រូវចោទប្រកាន់ពីបទឃាតកម្ម តែវាមិនបានសម្រាលកំហឹងសាធារណជនអាម៉េរិកទេ ជាពិសេសក្នុងចំណោមសហគមន៍ស្បែកខ្មៅ។
ប៉ូលិសចាប់ខ្លួនបាតុករកាលពីថ្ងៃ៣០ ឧសភា នៅក្រុងញូវយ៉ក ស៊ីកាហ្គោ និងមីនីប៉ូលិស
សូមបញ្ជាក់ថា ជាង១ភាគ៣នៃអ្នកត្រូវបានចាប់ខ្លួន(៥៣៣នាក់) ស្ថិតនៅទីក្រុងឡូស អ៊ែនជើឡេស ដែលកំពុងដាក់ប្រើបម្រាមគោចរនិងស្នើកងឆ្មាំជាតិចូលជួយ។
ជុំវិញបាតុកម្មនៅអាម៉េរិកនេះដែរ អ្នកយកព័ត៌មានម្នាក់នៃសារព័ត៌មាន Fox Newsត្រូវបាតុករវាយនិងដេញតាមនៅក្រៅសេតវិមានកាលពីថ្ងៃសៅរ៍ ។
លោក ឡេលែន វីតធឺត ត្រូវបានបណ្តើរការពារក្រោយការវាយប្រហារនៅក្រុងវ៉ាស៊ីនតោន ដែលលោកបាននិយាយថា វាផ្តោតលើអង្គភាពសារព័ត៌មានរបស់លោក។ លោកត្រូវបានអមការពារដោយឆ្មាំសន្តិសុខជាតិ២នាក់។ លោកនិងអ្នកថតរូបម្នាក់ បានដើរចេញពីឧទ្យានLafayette Parkនៅក្រៅសេតវិមានក្រោយពីបែកធ្លាយសមាសភាពជាអ្នកយកព័ត៌មានឲ្យអង្គភាពមួយដែលស្និទ្ធនឹងរដ្ឋអំណាចត្រាំ តែត្រូវដេញតាមពីក្រោយដោយក្រុមមនុស្សដែលពោរពេញដោយកំហឹងមុនពេលប៉ូលិសចូលអន្តរាគមន៍។
វីតធឺត បាននិយាយថា មិនមានសញ្ញាបង្ហាញថាលោកធ្វើការនៅសារព័ត៌មាន Fox Newsដែលប្រធានាធិបតីត្រាំតែងផ្តល់កិច្ចសម្ភាសន៍ទេ តែបាតុករម្នាក់ចេះតែសួរគាត់ថាមកពីអង្គភាពណា តែលោកមិនឆ្លើយ។បាតុករបានឃើញរូបលោក វីតធឺតនៅក្នុងទូរស័ព្ទរបស់គេនិងស្រែកប្រាប់គេឯងថា លោកមកពី Fox News។
បាតុករបានងាកមករកលោកវីតធឺត ដេញវាយនិងយកម៉ាយក្រូហ្វូនពីលោក និងគប់លោក។ លោកបាននិយាយនៅពេលក្រោយមកថា«វាមានមោទនភាពណាស់ក្នុងការបំពេញការងាររបស់ខ្ញុំ ជាអ្នកកាសែតម្នាក់។ ខ្ញុំមានមោទនភាពដែលធ្វើការក្នុងអង្គភាពដែលបង្ហាញការពិតក្នុងសេចក្តីរាយការណ៍របស់យើង…យើងបន្តប្រាប់រឿងរបស់យើងនិងធ្វើអ្វីដែលត្រូវធ្វើ»។
សូមបញ្ជាក់ថា អ្នកកាសែតជាច្រើននៅអាម៉េរិក រងគ្រោះពីភាពវឹកវរនៅពាសពេញអាម៉េរិកនេះ។ អ្នកយកព័ត៌មានឲ្យទូរទស្សន៍មួយបានរងរបួសជើងដោយត្រូវគេគប់នឹងដុំថ្មនៅក្រុងកូឡុំប៊ី នៃរដ្ឋសោត ខារ៉ូឡាយណា កាលពីថ្ងៃសៅរ៍ និងអ្នកកាសែតម្នាក់នៅក្រុងមីនីប៉ូលិស ត្រូវបាញ់ចំជើងដោយគ្រាប់កាំភ្លើងជ័រ។
បាតុករក៏បានវាយបំផ្លាញការិយាល័យសារព័ត៌មានCNNនៅអាត្លង់តានិងប៉ូលិសនៅក្រុងល្វីវីល បានសុំទោសក្រោយសមាជិកសារព័ត៌មានឲ្យទូរទស្សន៍មួយត្រូវប៉ូលិសបាញ់ម្សៅម្រេចដាក់។ កាលពីថ្ងៃសុក្រ អ្នកឆ្លើយឆ្លងរបស់សារព័ត៌មានCNN លោក អូម៉ា ជីមេនេស និងសហសេវិករបស់លោកត្រូវបានចាប់ខ្លួនក្នុងពេលចុះយកព័ត៌មាននៅពេលយប់នៅក្រុងមីនីប៉ូលិស តែពួកគេត្រូវបានដោះលែងនិងអភិបាលក្រុងបានសុំទោសCNN។
អ្នកថតរូបឲ្យទីភ្នាក់ងារសារព័ត៌មានAP ពីរនាក់ក៏ត្រូវគេគប់ចំនៅក្រុងមីនីប៉ូលិសកាលពីថ្ងៃព្រហស្បតិ៍ និងម្នាក់ទៀតនៅក្រុងឡូស អ៊ែនជើឡេសកាលពីថ្ងៃសុក្រ៕