ចិននឹងស្វែងរកជីវិតក្រៅភព ចាប់ពីខែកញ្ញានេះ

  • 2020-06-02 06:46:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zhang Tongjie ជា​​អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់​ដែល​ដឹក​នាំ​ផែនការ​ស្វែង​រក​ជីវិត​ក្រៅ​ភព​របស់​ចិន (ហៅ​កាត់ SETI) បាន​និយាយ​ថា​តេឡេស្កុប​យក្ស​ឈ្មោះ FAST នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​រុករក​ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ។ នេះ​បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ Science and Technology Daily។

ការ​ផលិត​តេឡេស្កុប​យក្ស​ FAST បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ ២០១១ ហើយ​វា​បាន​សម្រេច​រួច​រាល់​ក្នុង​ឆ្នាំ ២០១៦។ គេ​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​តេឡេស្កុប​នេះ​នៅ​ក្នុង​ខែ​មករា ឲ្យ​មាន​បើក​ឲ្យ​​អ្នក​តារា​សាស្ត្រ​ជុំវិញ​ពិភពលោក​ចូល​រួម​ប្រើ​ប្រាស់​វា។

កាល​ពី​ខែ​មីនា អ្នក​វិទ្យាសាស្ត្រ​ SETI បាន​ចេញ​ផ្សាយ​ឯកសារ​ស្រាវជ្រាវ​អំពី​លទ្ធផល​នៃ​ការ​រុករក​ដំបូងៗ​ជា​មួយ​តេឡេស្កុប​ FAST នេះ។ ក្នុង​នោះ​មាន​​និយាយ​អំពី​ការ​ស្រាវជ្រាវ​បន្ថែម​ដើម្បី​ពង្រឹង​សមត្ថភាព​​របស់​តេឡេស្កុប​ក្នុង​ការ​លុប​បំបាត់​រលក​ហ្វ្រេកង់​ដែល​​មាន​ប្រភព​ចេញ​ពី​ផែនដី និង​អាច​​វិភាគ​ដឹង​​សញ្ញា​ដែល​អាច​មាន​ប្រភព​ចេញ​ពី​ក្រៅ​ភព​ផែនដី​បាន​ច្បាស់។ បច្ចុប្បន្ន​នេះ​តេឡេស្កុប​ FAST កំពុង​ស្ថិត​ក្រោម​ការ​កែ​សម្រួល​លើ​ចំណុច​នេះ។

លោក Zhang បាន​បញ្ជាក់​កាល​ពី​ខែ​មីនា​ថា ការ​ស្វែង​រក​ជីវិត​ក្រៅ​ភព​នឹង​មិន​ពាក់​ព័ន្ធ​នឹង​ការ​រុករក​បែប​វិទ្យាសាស្ត្រ​ធម្មតា​ដែល​ជា​ភារកិច្ច​របស់​តេឡេស្កុប​ FAST ​នោះ​ទេ។ ភារកិច្ច​របស់​ FAST រួម​មាន​ការ​រុករក​​ផ្កាយ និង​រលក​សញ្ញា​​ក្រៅ​ភព​ដែល​អាច​ឲ្យ​គេ​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​ចក្រវាល៕​​​

ប្រភព៖ abacusnews   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី