ដំណាំហូបផ្លែ ៨មុខនេះ ដាំជុំវិញផ្ទះ នាំលាភនាំសំណាងដល់គ្រួសារ
- 2020-06-02 07:11:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាំហូបផ្លែ ៨មុខនេះ ដាំជុំវិញផ្ទះ នាំលាភនាំសំណាងដល់គ្រួសារ
ចន្លោះមិនឃើញ
ដំណាំហូបផ្លែនានា ត្រូវបានគេនិយមដាំនៅក្បែរផ្ទះ បានជាម្លប់ត្រជាក់ និងផ្ដល់ផ្លែដ៏មានរសជាតិឆ្ងាញ់តាមការនិយមចូលចិត្តរៀងៗខ្លួន។ តាមជំនឿពីបរមបុរាណមក ការដាំដំណាំនៅក្បែរផ្ទះក៏អាចជះឥទ្ធិពលដល់ជីវិតគ្រួសារដែរ បើដាំផ្លែឈើមិនល្អ នោះគ្រួសារក៏ចេះតែជួបបញ្ហាមិនចេះចប់។ ខាងក្រោមនេះជាដំណាំហូបផ្លែ៨មុខ ត្រូវបានចាស់ៗជឿថានាំលាភសំណាង និងសិរីសួស្ដីដល់គ្រួសារ៖
១. ដើមត្របែក
តាមជំនឿ ប្រសិនបើយកត្របែកមកដាំនៅក្បែរផ្ទះក៏នឹងផ្ដល់សិរីមង្គល មានបារមី និងភាពចម្រុងចម្រើន ជួយឲ្យរួចផុតពីគ្រោះថ្នាក់ដោយការធ្វើអំពើផ្សេងៗទៀតផង។ តាមក្បួនតម្រារបស់ចាស់បុរាណគួរដាំត្របែកនៅទិសខាងជើងនៃផ្ទះ។ តាមការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រត្របែក ជាផ្លែឈើដែលមានជាតិវីតាមីន C ខ្ពស់និងផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់រាងកាយទៀតផង។
២. ដើមទទឹម
តាមជំនឿដូនតាខ្មែរ ជឿថាជាដើមតំណាងឲ្យភាពសម្បូរសប្បាយ បើដាំនៅមុខផ្ទះនឹងជួយការពារពីគ្រោះអាក្រក់ផ្សេងៗ។ ដើមទទឹមមានពណ៌សម្បុរស្រស់ស្អាត ចំណែកឯគ្រាប់របស់វាប្រៀបដូចជាត្បូងពេជ្រមានតម្លៃ ដែលត្រូវបានគេច្នៃម៉ូតទៅជាត្បូងទទឹម។ ហេតុដូចនេះហើយ ទើបគេជឿថា វាជាផ្លែឈើនាំភាពសម្បូររុងរឿងដល់គ្រួសារ។
៣. ដើមចេក
ដើមចេកមានអត្ថប្រយោជន៍គ្រប់បែបយ៉ាងតាំងពីស្លឹក ត្រយ៉ូង ដើមរបស់វា រហូតដល់ផ្លែមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ តែអាចយកកែច្នៃធ្វើជាអាហារបានយ៉ាងសម្បូរបែប។ តាមជំនឿពីសង្គមបុរាណ ចាស់ៗតែងឲ្យដាំដើមចេកក្បែរផ្ទះ ព្រោះជឿថា នាំឲ្យជីវិតក្នុងគ្រួសារជួបតែភាពរលូន មិនរកាំរកូសបែកបាក់គ្រួសារ ធ្វើអ្វី ប៉ងអ្វី ច្រើនតែសម្រេចដូចបំណង។ ជំនឿពីបុរាណឲ្យដាំនៅទិសខាងកើត ជាទិសល្អបំផុត។
៤. ដើមខ្នុរ
ខ្នុរមានរសជាតិផ្អែមឆ្ងាញ់ ថែមទាំងមានក្លិនក្រអូបឈ្មុយពេលដែលវាចាប់ផ្ដើមទុំ។ ចំណែកដើមរបស់វា គេអាចច្នៃទៅជាឧបករណ៍ភ្លេងបុរាណខ្មែរទៀតផង។ តាមជំនឿបើដាំដើមខ្នុរក្បែរផ្ទះនឹងនាំឲ្យគ្រួសារមានសិរីមង្គល រួចផុតពីការច្រណែននិន្ទា សត្រូវជិតឆ្ងាយប្រែក្លាយជាមិត្ត។ គួរដាំនៅទិសខាងត្បូងឆៀងខាងលិច នឹងជួយឲ្យការងារឆាប់ទទួលបានជោគជ័យដែលខំប្រឹងប្រែងមកជាយូរហើយនោះ។
៥. ដើមស្វាយ
ចាស់បុរាណមានជំនឿថា ដាំដើមស្វាយក្បែរផ្ទះនឹងជួយបណ្ដេញគ្រោះអាក្រក់ មនុស្សអាក្រក់ និងរឿងមិនល្អឲ្យខ្ចាត់ខ្ចាយពីគ្រួសារ។ បើដាំនៅខាងត្បូងផ្ទះ នឹងជួយឲ្យម្ចាស់ផ្ទះឆាប់ឡើងតំណែង ប្រកបការងារ និងមុខរបរផ្សេងៗមានចម្រុងចម្រើន។
៦. ដើមកន្ទួត
កន្ទួតជាផ្លែឈើអាចហូបធ្វើជាម្ជូរលាងមាត់យ៉ាងឆ្ងាញ់ពិសា។ ស្លឹករបស់វាក៏អាចច្នៃធ្វើជាបន្លែផ្ទាប់ៗជាមួយមុខម្ហូបផ្សេងមានរសជាតិឆ្ងាញ់។ ដាំនៅក្បែរផ្ទះជួយឲ្យមានអ្នកស្រឡាញ់រាប់អានច្រើន ជួយការពារពីសត្រូវ ខ្មោចព្រាយតាមយាយីអ្នកនៅរស់នៅក្នុងផ្ទះ។ គួរដាំនៅទិសខាងលិចដើម្បីជួយលើករាសី។
៧. ផ្លែក្រូច
បើយកមកដាំក្នុងទីធ្លាផ្ទះនឹងជួយឲ្យគ្រួសារមានភាពត្រជាក់ត្រជំ ស្រឡាញ់សាមគ្គីគ្នា មានជោគលាភ រួចផុតពីគ្រោះអាក្រក់ទាំងពួង។
៨. ពុទ្រា
ដំណាំពុទ្រាក៏ជានិមិត្តសញ្ញាតំណាងភាពជោគជ័យ និងជួយបង្កើនទ្រព្យសម្បត្តិនិងជោគលាភ ក៏ដូចជាការពារគ្រោះថ្នាក់ អន្តរាយផ្សេងៗសម្រាប់អ្នករស់នៅក្នុងផ្ទះ។ ជាពិសេសជាផ្លែឈើ មានរសជាតិជូរអែម ត្រូវមាត់មនុស្សភាគច្រើនចូលចិត្តពិសា៕