Taeyang ទទួលស្គាល់ថាខ្លួនគ្មានមិត្តពិតប្រាកដសូម្បីម្នាក់

  • 2020-06-03 03:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឯកសារ​ WHITE NIGHT របស់ Taeyang បាន​ចេញ​ផ្សាយ​នូវ​ភាគ​ទី​ប្រាំ​របស់​ខ្លួន ដែល​ក្នុង​ភាគ​នេះ​មាន​បង្ហាញ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​ និង​​ចំណង​មិត្តភាព​របស់​សមាជិក BIGBANG រូប​នេះ​ផង​ដែរ។

ចាប់​ផ្ដើម​ដំបូង​នៃ​វីដេអូ​គឺ​អ្នក​នៅ​ជុំវិញ​ Taeyang បាន​រៀប​រាប់​ថា​រូប​គេ​ជា​មនុស្ស​ចិត្ត​បាន​ម្នាក់ ប៉ុន្តែ​មាន​លាក់​រឿង​រ៉ាវ​ជា​ច្រើន​មិន​ឲ្យ​គេ​ដឹង។ "គាត់​ចូល​ចិត្ត​លាក់​ទុក​រឿង​រ៉ាវ​ជា​ច្រើន​មិន​ឲ្យ​អ្នក​ដទៃ​​ដឹង ប៉ុន្តែ​ខ្ញុំ​គិត​ថា​​គាត់​​ជា​មនុស្ស​ល្អ​ម្នាក់។ ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​គាត់​យូរ​ហើយ ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​តែ​មិន​ស្គាល់​គាត់​ច្បាស់។” នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​រួម​ការងារ​ជា​មួយ Taeyang។

ក្នុង​វីដេអូ​ Taeyang បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ពេល​ដែល​បាន​សារភាព​ថា​ខ្លួន​មិន​មាន​​មិត្ត​ពិត​ប្រាកដ​​នោះ​ទេ។ Taeyang និយាយ​ថា ៖ "ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​មាន​មិត្ត​​ពិត​ប្រាកដ​នោះ​ទេ។ មនុស្ស​ដែល​ខ្ញុំ​​ស្គាល់​តាម​រយៈ​ការងារ​គឺ​ជា​មិត្តភ័ក្ដិ។ ប៉ុន្តែ​​ពេល​សម្រាក​ពី​ការងារ ខ្ញុំ​មិន​មាន​នរណា​ម្នាក់​ដែល​អាច​ជួប​​និយាយ​គ្នា​បាន​នោះ​ទេ។”

ពេល​នោះ​ដែរ អ្នក​រួម​ការងារ​ម្នាក់​បាន​​លើក​ឡើង​អំពី​​ G-Dragon សមាជិក​រួម​ក្រុម​​ថា​ជា​មិត្ត​ពិត​ប្រាកដ​ម្នាក់ ហើយ Taeyang ក៏​យល់​ស្រប​ដែរ​ថា​ G-Dragon គឺ​ជា​មិត្ត​ពិត​ប្រាកដ​ម្នាក់​របស់​ខ្លួន។

Taeyang និង G-Dragon បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ K-Pop តាម​រយៈ​ក្រុម BIGBANG នា​ឆ្នាំ ២០០៦ ប៉ុន្តែ​ទំនាក់ទំនង​របស់​ពួក​គេ​គឺ​កើត​មាន​តាំង​ពី​មុន​ពេល​ប្រឡូក​សិល្បៈ​មក​ម្ល៉េះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម