ទូរសព្ទដែលអាចវាស់កម្ដៅមនុស្សបាន ចេញជាផ្លូវការ

  • 2020-06-04 02:18:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honor ដែល​ជា​សាខា​របស់ Huawei បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ចំនួន​​ពីរ​​ម៉ូដែល ដែល​ក្នុង​នោះ​មាន​ Honor Play 4 Pro គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ ព្រោះ​ថា​វា​មាន​ Sensor សម្រាប់​វាស់​កម្ដៅ។ វីដេអូ​ដែល​បង្ហាញ​ដោយ​គណនី Weibo របស់ Honor បាន​ឲ្យ​ឃើញ​ថា​គ្រាន់​តែ​ដាក់​ស្មាតហ្វូន​នៅ​ចំ​មុខ ឬ​ក​ដៃ​របស់​មនុស្ស វា​នឹង​បង្ហាញ​ចេញ​កម្ដៅ​លើ​អេក្រង់។

Sensor វាស់​កម្ដៅ​អាច​ជា​មុខងារ​ចម្លែក​មួយ​លើ​ស្មាតហ្វូន ប៉ុន្តែ​ក្នុង​សម័យកាល​​ជំងឺ​រាតត្បាត​នៅ​ពេល​ដែល​​កម្ដៅ​ខ្លួន​ឡើង​ខ្ពស់​អាច​ជា​សញ្ញា​នៃ​ការ​​​កើត​មាន​ជំងឺ​កូវីដ​១៩​នោះ​ វា​អាច​ជា​មុខងារ​ដែល​មាន​ប្រយោជន៍​មួយ។ Honor និយាយ​ថា​ Sensor នេះ​អាច​វាស់​កម្ដៅ​បាន​ចាប់​ពី -២០អង្សា​សេ ដល់ ១០០​អង្សា​សេ ដែល​​ល្មម​គ្រប់​គ្រាន់​សម្រាប់​ការ​វាស់​កម្ដៅ​មនុស្ស។

Honor Play 4 Pro មាន​បំពាក់​អេក្រង់ LCD ទំហំ ៦,៥៧អ៊ីញ អាច​បង្ហាញ​រូបភាព​កម្រិត 1080p+ និង​មាន​ចោះ​រន្ធ​ពីរ​លើ​អេក្រង់​សម្រាប់​កាមេរ៉ា​ Selfie មេ​ទំហំ ៣២MP និង​កាមេរ៉ា Ultrawide ទំហំ ៨MP។

​កាមេរ៉ា​ខាង​ក្រោយ​របស់ Play 4 Pro មាន​ត្រឹម​ពីរ​គ្រាប់​ប៉ុណ្ណោះ ប៉ុន្តែ​​មាន​លក្ខណៈ​ពិសេស​គួរ​សម។ កាមេរ៉ា​មេ​មាន​ទំហំ ៤០MP ប្រើ​ប្រាស់ Filter RYYB ដែល​ Honor និយាយ​ថា​វា​អាច​ស្រូប​យក​ពន្លឺ​បាន​ច្រើន​ជាង Sensor ធម្មតា​ដល់ ៤០% និង​អាច​ដំឡើង​កម្រិត ISO ដល់ 204800។

កាមេរ៉ា​ទីពីរ​ជា​កាមេរ៉ា Zoom ដែល​អាច​ Zoom Optical បាន 3x, Zoom Hybrid 5x និង Zoom Digital 30x ហើយ​វា​មាន​មុខងារ​រក្សា​លំនឹង OIS អាច​ថត​រូបភាព​ទំហំ ៨MP និង​មាន​ប្រព័ន្ធ Laser AF សម្រាប់​ជួយ​ដល់​ការ​ Focus ផង​ដែរ។ ស្មាតហ្វូន​នេះ​អាច​ថត​វីដេអូ​កម្រិត 4K/60fps ផង​ដែរ។

វា​​មាន​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Kirin 990 ដែល​មាន​គាំទ្រ​នូវ​សេវា 5G, មាន​ RAM ទំហំ ៨GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB។ Play 4 Pro ក៏​មាន​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជា​មួយ​ស្បែក Magic UI 3.1 មាន​ថ្ម​ទំហំ ៤២០០mAh ដែល​គាំទ្រ​ការ​សាក​ល្បឿន ៤០វ៉ាត់ សាក​ត្រឹម ៣០នាទី បាន​ថ្ម​ដល់ ៧០%។

បច្ចុប្បន្ន​នេះ Honor បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ Play 4 Pro ក្នុង​តម្លៃ​ប្រមាណ ៤១០​ដុល្លារ ធ្វើ​​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​ប្រើ​ឈីប Kirin 990 ដែល​មាន​តម្លៃ​ធូរ​ជាង​គេ៕ ​

ប្រភព៖ The Verge | GSMarena   ប្រែ​សម្រួល៖ សុខហេង