បើកដំណើរការហើយ! មជ្ឈមណ្ឌលជួលជុលរថយន្ត Ford សាខាទួលសង្កែ

  • 2020-06-09 09:26:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តFordគ្រប់ប្រភេទ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រកម្ពុជា​ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវ​ការនូវមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាទួលសង្កែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលជួសជុលរថយន្តFord​នេះ សាងសង់ឡើងលើផ្ទៃដីទំហំ ៥៥០០ ម៉ែត្រការ៉េ ដែលមានប៉ុងសំរាប់ជួសជុលរថយន្តចំនួន២០ ប៉ុងសំរាប់ត្រួតពិនិត្យរថយន្តទូទៅចំនួន៣ ប៉ុងសំរាប់ថ្លឹងចង្កូតនិងកង់រថយន្តដោយប្រព័ន្ធកុំព្យូទ័រចំនួន១ សម្ភារៈ​បរិក្ខារ និងឧបករណ៍ជួសជុលរថយន្តត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតរបស់Ford ព្រមទាំងបុគ្គលិកផ្នែកជួសជុល និងសេវាកម្មប្រមាណជាង៣០នាក់។ ពិសេសជាងនេះទៅទៀត ជាងជួលជុលរថយន្តទាំងអស់សុទ្ធសឹងតែមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរោចក្រ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ និងទំនុកចិត្តជូនដល់អតិថិជន។​

មជ្ឈមណ្ឌលជួសជុលរថយន្តFord​ សាខាទួលសង្កែនេះ បើកបម្រើសេវាកម្មចាប់ពីម៉ោង ៨ព្រឹក​ដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដែលមានបម្រើសេវាកម្មដូចជា ត្រួតពិនិត្យ​និងថែទាំរថយន្ត ប្តូរប្រេងម៉ាស៊ីន ជួសជុលរថយន្ត និងសេវាកម្មគ្រឿងបន្លាស់ជាដើម។

លោក ងន​ សាំង អគ្គនាយកក្រុមហ៊ុន អ​ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “មជ្ឈមណ្ឌលជួសជុលរថយន្តFord​ សាខាទួលសង្កែនេះ គឺជាសាខាទី៤ ដែលសាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងការគាំទ្រ ក៏ដូចជាអត្រាកំណើន​នៃការប្រើប្រាស់រថយន្តFord និងបំពេញនូវសេចក្តីត្រូវការរបស់អតិថិជន ជាពិសេសក្នុងគោលបំណងពង្រីកនូវសេវាកម្មរថយន្តFord ឲ្យកាន់តែគៀកនឹងអតិថិជន”៕