ដឹង​ហើយ! មាស សុខ​សោភា បញ្ជាក់​ច្បាស់​ៗ​ចំពោះ​មូលហេតុ​ដើរចេញពីថោន

  • 2020-06-10 04:57:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​របស់​ផលិតកម្ម​ថោន មាស សុខសោភា បាន​ប្រាប់ Sabay​ នៅព្រឹកនេះ ពី​មូល​ហេតុ​ពិត​ប្រាកដ​ នៃ​ការ​ដើរ​ចេញ​ពី​ផលិតកម្ម​ដែល​នាង​ធ្លាប់​ជ្រកកោន​ជាង​៩​ឆ្នាំមកហើយនោះ។

បញ្ហា​ចម្បង គឺ​សម្ពាធ​ការងារ ដែល​ធ្វើ​ឲ្យ​នាង​តឹងតែង​ខ្លាំង ដោយ​ក្នុង​នោះ មាស សុខសោភា និយាយ​ថា រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រូប​នាង​ដែល​ជា​អ្នក​ចម្រៀង​ត្រូវ​រ៉ាប់រង​ការងារ​ជា​ច្រើន​លើស​ពីតួនាទី​អ្នក​ចម្រៀង។ ពេល​ខ្លះ​នាង​ត្រូវ​ដើរ​រក​ Sponser ដោយ​ខ្លួន​ឯង ធ្វើ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង ហើយ​ការងារ​មួយ​ចំនួន​ទៀត​ នាង​មើល​ឃើញ​ថា​មិន​ទៅ​មុខ ទើប​នាង​សម្រេច​ថា ដើរចេញ​នៅ​ពេល​នេះ​តែ​ម្ដង។

មាស សុខសោភា៖​ "ភាព​អាឡោះអាល័យ និង​មនោសញ្ចេតនា​ចេះ​តែ​មាន​ហើយបង តែ​ខ្ញុំខំ​រក​អី​ដែល​ថ្មីៗ​ខ្លួន​ឯង ហើយ​ក្រុមហ៊ុន​អត់​សូវ​បាន​ជួយ អីចឹង​យើង​ហត់​ចិត្ដ ហត់​ទាំង​កាយ ហត់គ្រប់យ៉ាង"។ បន្ថែម​ពី​លើនេះ សោភា ប្រាប់​ទៀត​ថា ផ្នែក​ខ្លះ​ទៀត​នៅ​ក្នុង​ក្រុម​ហ៊ុន ក៏​ពុំ​សូវ​សហការ ជួយ​រក​ទីផ្សារ​ រក​ការងារ​ឲ្យ​តារា​ចម្រៀង​ដែរ។

ទោះយ៉ាងណា អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោន​លោក អ៊ិន រិទ្ធីចិត្រ បានច្រានចោលចំពោះ​អ្វី​ដែល តារា​ចម្រៀង​លើក​ឡើងថា នាង​ត្រូវ​ផលិត​បទ​ខ្លួន​ឯង ដើរ​រក​អ្នក​ឧបត្ថម្ភ​ខ្លួន​ឯង។ លោក ថ្លែង​ថា សោភា មានផលិតកម្មខ្លួនឯងមួយដែរ គឺ camtrax ដែលត្រូវផលិតខ្លួនឯង រកស្ពុនស័រខ្លួនមែន ប៉ុន្តែសម្រាប់បទដែលនាងច្រៀងអោយថោន គឺផលិតកម្មជាអ្នករកអោយជានិច្ច មិនមានហេតុផលអ្វីត្រូវទុកនាងចោលនោះទេ ព្រោះ សោភា ជាតួធំរបស់ផលិតកម្ម។

តាមលោក រិទ្ធីចិត្រ មាស សុខសោភា ជាតារាចម្រៀងឯករាជ្យ ដោយរយ:កាលកន្លងមកនេះ នាងមិនបានចុះកុងត្រាជាមួយផលិតកម្មនោះទេ។ ទោះ​យ៉ាង​ណា លោក​បាន​ពោល​ថា លោក​នៅ​តែ​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់ មាស សុខសោភា ដែលនឹងនាំទៅដល់ការធ្វើការលើផ្លូវរៀងខ្លួននេះ ព្រោះទាំងសងខាងមានអនុស្សាវរីយជាច្រើនជាមួយគ្នា។ លោក រិទ្ធីចិត្រ ថ្លែង ៖ "ការ​ដើរ​ចេញ​នេះ​យើង​មាន​ការ​សោកស្ដាយ​មិន​ថា​អត់​ទេ ព្រោះ​យើង​មាន​អនុស្សាវរី​យ៍​ជាមួយ​គ្នា​ជិត​១០​ឆ្នាំ បង្កើត​បាន​ភាព​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ តែ​នេះ​ជា​ការ​សម្រេច​ចិត្ដ​របស់​គាត់"។

តារា​ចម្រៀង​រូប​ស្រស់​សោភា មាស សុខសោភា បាន​លាឈប់​ជា​ផ្លូវការ​ពី​ផលិតកម្ម​ថោន​កាល​ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០២០ ម្សិលមិញ។ នាងបានបញ្ចេញព័ត៌មាន នៃការលាឈប់នេះភ្លាមៗតាមបណ្ដាញសង្គម​ហ្វេសប៊ុកផ្ទាល់​​ខ្លួន ប៉ុន្តែ​នាងបញ្ជាក់​ថាការដើរចេញនៅពេលនេះ គឺការ​សម្រេច​ដ៏​តានតឹង​បំផុត​សម្រាប់​នាង ដែលកន្លងទៅនាងកម្រនឹងប្រកាសប្រាប់សាធារណៈជនពីរឿងបែបនេះណាស់។

ទោះ​ជាយ៉ាងណា នាង​ប្ដេជ្ញា​ថា​នឹង​វិវត្ត​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរឡើងតាមរយៈផលិតបទចម្រៀងថ្មីៗ ដើម្បី​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ ជា​ពិសេស​មិត្ត​យុវវ័យ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម