សូ ដានីតា ឆ្លុះ​បង្ហាញ​ពី​ការ​​ប្រើ​ពាក្យ "idol” នៅ​ស្រុក​យើង និង​នៅ​ស្រុក​គេ បាន​ដឹង​ថា​ខុស​គ្នា​ដាច់​ប៉ិត

  • 2020-06-12 03:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ​តារា​ស្រី សូ ដានីតា បាន​ចេញ​មុខ​មក​វែង​ញែក អំពី​ការ​ប្រើ​ពាក្យ "idol” នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ និង​នៅ​បរទេស​ដែល​មាន​អត្ថន័យ​មិន​ដូច​គ្នា ពោល​គឺ​នៅ​យើង​ការ​ប្រើ​ពាក្យ​នេះ​ហាក់​ដូច​ជា​ងាយ​​ពេក។

និយាយ​ពី​បញ្ហា​នេះ សូ ដានីតា ដំបូង​ឡើយ បាន​សំដៅ​ទៅ​លើ​បញ្ហា​ដែល​បាន និង​កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន ដែល​ដើម​ឡើយ សិល្បករ​មួយ​ៗ​ទម្រាំ​មាន​កេរ្តិ៍​ឈ្មោះ មាន​គេ​ស្គាល់​គឺ​ត្រូវ​ហាត់​រៀន​ច្រើន​ទាំង​ការ​សម្ដែង ការ​ច្រៀង និង​រាំ​ជា​ដើម ទម្រាំ​បាន​លទ្ធផល​គឺ​ចំណាយ​ពេល​១០-២០​ឆ្នាំ ហើយ​ខ្លះ​ទៀត​ខំ​ចង់​ងាប់​ខ្លួន​ទៀត មិន​ទាន់​បាន​ល្បី​មាន​គេ​ស្គាល់​ផង ប៉ុន្តែ​សម័យ​បច្ចុប្បន្ន​នេះ គឺ​ផ្ទុយ​ស្រឡះ។

នាង​ថ្លែង​ថា "ខ្ញុំ​ឈរ​ជើង​ជិត​២០​ឆ្នាំ​ក្នុង​សិល្បៈ ទម្រាំ​បង​ប្អូន​ស្គាល់ ហើយ​អ្នក​ខ្លះ​ស្គាល់​មិន​ច្បាស់​ផងតែ​ឥឡូវ​វិញ គ្រាន់​តែ​លេង​ តិតុក ធ្វើ​មាត់​តាម​គេ​ច្រើន ធ្វើ​ចរិត​កំប្លែង​តាម​សំឡេង​អ្នក​កំប្លែង រឹ​ថត​ក្លិប​វិដេអូ​ឆ្កួត​ៗ មើល​មិន​យល់ មិន​ដឹង​ថា​ចង់​និយាយ​ពី​អី ក៏​ល្បី​ៗ​ចង់​ផ្ទុះ phoneហើយ​ម្នាក់​ៗ ហើយ​ចេញ​មុខ​ថា ខ្ញុំ​ជា​អ្នក​សិល្បៈ​ល្បី​ក្នុង​សិល្បៈ​ដែរ!តែ​ខ្ញុំ​កំពុង​ចង់​សួរ​ថា ល្បី​ក្នុង​ផ្នែក​អី​ដែរ​ក្នុង​សិល្បៈ​ហ្នឹង...?”។

ចំណុច​នេះ​មួយ​ផ្នែក សូ ដានីតា បាន​បន្ទោស​អ្នក​ល្បី​ដោយ​ផ្ទាល់ ឯ​មួយ​ផ្នែក​ទៀត នាង​បាន​បន្ទោស​អ្នក​គាំទ្រ​ខ្លះ ដែល​ខ្វះ​ការ​ស៊ី​ជម្រៅ​ក្នុង​ការ​ជ្រើសរើស​មនុស្ស​សម្រាប់​គាំទ្រ។ នាង​ថា អ្នក​សិល្បៈ​ម្នាក់ៗ ខំ​ណាស់​ចង់​ងាប់​ខ្លួន ប៉ុន្តែ​ បង​ប្អូន​ប្រិយមិត្ត​មិន​សូវ​គ្រាំទ្រទេ ហើយ​បើ​សម្តែង​ឆ្គង​តិច​តួច​រិះគន់​អ្នក​សិល្បៈ​បែក​ផ្សែង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បង​ប្អូន​ប្រិយមិត្ត​បែរ​ជា​ទៅ​គាំទ្រ​រឿង​អត់ប្រយោជន៍​អោយ​គេ​ល្បី ហើយ​ប្រើ​ពាក្យ​សុទ្ធ​តែ "idol”។

តារា​ស្រី បញ្ជាក់​ថា ពាក្យ “idol” នៅ​ស្រុក​គេ មិន​ត្រូវ​ហៅ​ដោយ​ងាយ​ឡើយ។ សូ ដានីតា ថ្លែង "ពាក្យ​ថា idolនៅ​ប្រទេស​ក្រៅ​គេ​មិន​ងាយ​ហៅ​អ្នកណា​ផ្ដេសផ្ដាស​ទេ​បងប្អូន ទាល់​តែ​ម្នាក់​នោះ​ជា​មនុស្ស​ធ្វើ​រឿង​អស្ចារ្យ ច្រើន​ល្បី​បទ​ជា​ច្រើន សម្តែង​ល្អ​ទូទាំង​ប្រទេស ទើប​គេ​ហៅ​ថា (គាត់​ជា Idolខ្ញុំ) តែ​បង​ប្អូន​ខ្លះ មិន​ដឹង​ថា Idol បក​មក​វិញ​ថា​ម៉េច​ផង​ហ្នឹង ហើយ​ខំ​និយាយ​តាម​គេ​តាម​ឯង​ដែរ...!”។

តាម​តារា​ស្រី បាន​ឲ្យ​ដឹង​ទៀត​ថា បង​ប្អូន​ប្រិយមិត្ត​ហាក់​ងាយ​គាំទ្រ​ចំពោះ​រឿង​ដែល​មិន​បាន​ប្រយោជន៍ ពោល​គឺ​ឆ្កួត​ៗ ប៉ុន្តែ​ប្រសិន​បើ​រឿង​ល្អ រឿង​មាន​ប្រយោជន៍ ណែ​នាំ​ពី​សុខភាព ពី​គ្រួសារ ពី​សង្គម រឺ ច្បាប់​ចរាចរណ៍ គឺ​មិន​មាន​អ្នក​អើពើ​នោះ​ទេ ខុស​ពី​រឿង​ជេរ​ហែកហួរ​គ្នា ប្រិយមិត្ត​គាំទ្រ​ចាប់​អារម្មណ៍​ភ្លូក​ទឹក​ភ្លូក​ដី។

“ ខ្ញុំ​សុំ​ទោស​បង​ប្អូន ខ្ញុំ​និយាយ​ខាង​លើ មិន​ចង់​ប៉ះពាល់​បង​ប្អូន​ណា​ទេ តែ​គ្រាន់​តែ​ចង់​អោយ​បងប្អូន​គិត​បន្តិច​ថា ការ​គាំទ្រ រឺ​ការ​ជេរ របស់​បង​ប្អូន​ទៅ​លើ​អ្នកណា​ម្នាក់ គឺ​មិន​ខុស​ទេ តែ​ខុស​នោះ​គឺ គាំទ្រ​ខុស រឺ​ជេរ​ខុស ពាក្យ​ចាស់​លោក​ពោល​ថា "១ម៉ាត់​ងាប់​១​ម៉ាត់រស់" អីចឹង​សម័យ​នេះ​ដូច​គ្នា មុន​នឹង​គាំទ្រ រឺ ជេរ ត្រូវ​មើល​សិន កុំ​អោយ​ខុស"។ សូ ដានីតា បន្ថែម៕

អត្ថបទ៖ ទារិកា