មាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មប៉ុន្មានហើយ តាំងពីចាប់ផ្ដើមអាជីពចម្រៀងមក?
- 2020-06-13 04:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មប៉ុន្មានហើយ តាំងពីចាប់ផ្ដើមអាជីពចម្រៀងមក?
ចន្លោះមិនឃើញ
ការផ្លាស់ប្ដូរផលិតកម្មពីមួយទៅមួយ គឺជារឿងធម្មតា សម្រាប់តារាចម្រៀង ហើយហេតុផលចប់កុងត្រា ឬហេតុផលផ្សេងៗទៀត។ ជាក់ស្ដែង តារាចម្រៀងជួរមុខ មាស សុខសោភា បានប្រកាសចាកចេញពីផលិតកម្មថោន កាលពីពេលថ្មីៗកន្លងទៅ ក្រោយជ្រកកោនអស់រយៈពេលជិត ១០ឆ្នាំ។ (ចុចអាន៖ មាស សុខសោភា បញ្ជាក់ច្បាស់ៗចំពោះមូលហេតុដើរចេញពីថោន) ។
យ៉ាងណាក្ដី នេះមិនមែនជាលើកទី១ នោះទេ ដែលសោភា បានផ្លាស់ប្ដូរទ្រនំផលិតកម្ម គិតចាប់ពីឆ្នាំ ២០០៤ មក។ ផលិតកម្មដែលនាងធ្លាប់ច្រៀង រួមមានដូចខាងក្រោម៖
១. ឆ្នាំ ២០០៤ ផលិតកម្មរស្មីស្ទឹងសង្កែ ជាទ្រនំដំបូងដែល មាស សុខសោភា ត្រូវបានមហាជនស្គាល់រូបនាងតាមរយៈបទ "រស់ក្បែរទ្រូងបងសែនកក់ក្ដៅ" និងបទ"អូននឹកៗបង" ជាដើម។
២. ឆ្នាំ ២០០៥ នាងបានប្ដូរពីផលិតកម្មរស្មីស្ទឹងសង្កែ ទៅជ្រកក្រោមដំបូល ផលិតកម្មយូធូ (U2) ពេលនោះកេរ្តិ៍កាន់តែលេចធ្លោជាងមុនតាមរយៈបទ "How do I live" “កូនឥតខាន់ស្លា" “១០១ហេតុផល" និងបទ"ស្នេហ៍ឆ្ងាយផ្កាស្លា"...។
៣. ឆ្នាំ ២០០៨ មាស សុខសោភា បានចេញពីផលិតកម្ម យូធូ ទៅចូល ផលិតកម្ម M វិញម្ដង។ ការផ្លាស់មកផលិតកម្ម M ក៏មិនចាញ់នៅយូធូដែរ ព្រោះបទចម្រៀងដែលនាងបានច្រៀងទទួលបានការគាំទ្រពីមិត្តយុវវ័យ ដូចជាបទ “១០០០រាត្រី" "ត្រឹមមួយនាទី” "រស់គ្មានទីបញ្ចប់" ជាដើម។
៤. ឆ្នាំ ២០០៩ នាងក៏បានប្ដូរទៅចូល ផលិតកម្មសាន់ដេ។ បទចម្រៀងដែលនាងល្បីនៅផលិតកម្មមួយនេះមានដូចជាបទ "១០០ភាគរយ" "ក្រដាស" “Come Back To Me” និងបទ "ហេតុអ្វីមនុស្សស្រលាញ់គ្នាមិនបានជួបគ្នា"...។
៥. ឆ្នាំ ២០១០ មាស សុខសោភា បានប្ដូរពីផលិតកម្មសាន់ដេ ទៅចូល ផលិតកម្មថោន។ បទចម្រៀងដែលធ្វើឲ្យនាងមានភាពល្បីល្បាញក្នុងផលិតកម្មមួយនេះ មានច្រើនណាស់ ដែលដំបូងឡើយ រួមមានបទ "I Am Sorry” ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមិត្តយុវវ័យ។
នៅដើមខែមិថុនា ឆ្នាំ២០២០ នេះ មាស សុខសោភា បានប្រកាស តាមរយៈបណ្ដាញសង្គម ថានាងបានសម្រេចចិត្តចែកផ្លូវជាមួយផលិតកម្មដែលនាងធ្លាប់ជ្រកកោនជិត ១០ឆ្នាំ ហើយ ដោយពុំបានបញ្ជាក់ហេតុផលនោះទេ។ ប៉ុន្តែនាងបានប្រាប់ Sabay ថា ហេតុផលចម្បងនៃការចាកចេញនេះ គឺដោយសារសម្ពាធការងារ។ គេពុំទាន់ដឹងថា មាស សុខសោភា នឹងផ្លាស់ទៅផលិតកម្មណាទៀតនោះទេ ប៉ុន្តែនាងបានបញ្ជាក់ថានាងនឹងនៅតែបន្តផលិតបទចម្រៀងថ្មីជូនប្រិយមិត្ត ខណៈនាងក៏បានសំណូមពរឲ្យមានការ Subscribe channel YouTube របស់ខ្លួនផងដែរ គឺ channel Camtrax Music ៕