អ្នកចាំទី​ឆ្នើម កែវ សុខសិលា មាន​ក្ដី​បំណង​​ធំ​ចុងក្រោយ​១ដែលអ្នកអាចមិនដឹង

  • 2020-06-16 04:26:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«សម្រាប់​ខ្ញុំគឺ​ទៅ​លេង​នៅ​ក្រៅ​ស្រុក ព្រោះ​អី​បំណង​អ្វី​ដែល​ខ្ញុំ​​ប៉ង​ចង់​លេង​នៅ​ក្លឹប​អាជីព ចង់​​លេង​១១​នាក់​ឱ្យ​​ជម្រើស​ជាតិ គឺ​ខ្ញុំ​អាច​ធ្វើ​បាន​ហើយ ហើយ​អ្វី​ដែល​ខ្ញុំ​នៅ​សល់​ គោលបំណង​របស់​ខ្ញុំ​គឺ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ទៅ​លេង​នៅ​ក្រៅ​ប្រទេស»។ អ្នកចាំទី​ដៃ​ទី​មួយ​​​ក្លឹប​វិសាខា កែវ សុខសិលា បញ្ជាក់​មក​កាន់​ Sabay នាព្រឹក​នេះ។

នេះ​ក៏​ព្រោះ​តែ​សិលា​ចង់​ទទួល​យក​បទពិសោធន៍​ និងចំណេះដឹងថ្មី ដូចជា​របៀបរបបនៃការ​រស់នៅ និង​គុណភាព​នៃកម្រិត​លេង​​របស់​កីឡាករក្នុងលីគ របស់​បណ្ដា​ប្រទេស​ដទៃ ហើយម្យ៉ាង​​បើបានលេងមែន​ គេ​អាច​យក​បទពិសោធន៍​ទាំងនោះ មក​ចែករំលែក​ជាមួយ​មិត្ត​រួម​ក្រុម និង​យុវជន​ក្មេងៗជាន់ក្រោយ​​ជាដើម។

បើ​តាម​ការ​បង្ហើប​របស់ម្ចាស់​ពាន​អ្នកចាំទី​ល្អបំផុត​ប្រចាំ​ឆ្នាំ​២០១៥ តាំង​ពី​ចូលរួម​ជាមួយ​វិសាខា​ដំបូង​ក្នុង​ឆ្នាំ​២០១៨ មក​ទល់​នឹង​ដើម​ឆ្នាំ​រដូវ​កាល​នេះ មាន​ក្លឹប​ប្រទេសថៃមួយ​ចំនួន​ដែរ ដែលបាន​​​ទាក់ទង​មក ប៉ុន្តែ​គេ​មិន​អាច​ទៅ​បាន​ព្រោះ​នៅ​ជាប់​កុងត្រា​ជាមួយ​ក្លឹប​។

អតីត​កីឡាករ​អ្នកចាំទី​ក្លឹប​ភ្នំពេញ​ក្រោន​ឆ្នាំ​២០១៥-២០១៨ ពន្យល់​ថា ៖«មាន​ប្រហែល​ប៉ុន្មាន​ក្រុម​ដែរ ដែល​គេ​ទាក់ទង​មក។ ពេល​ហ្នុង​ខ្ញុំ​ជាប់​កុងត្រា​ជាមួយ​ក្លឹប ហើយ​ណា​មួយ​ក្លឹប​ត្រូវ​ការ​យើង​ដែរ អ៊ីចឹង​ក៏​ខ្ញុំ​បន្ត​នៅ​​ជាមួយ​ក្លឹប»។

ទោះ​បាត់​បង់​ឱកាស​ពិត​មែន ប៉ុន្តែ​អ្នកចាំទី​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ទៅ​លេង​ក្រៅ​ស្រុក​ដដែល ព្រោះ​នេះ​ជា​មហិច្ឆតា​ធំ និង​ចុង​ក្រោយ​បំផុត​របស់​គេ។ កែវ សុខសិលា ជាប់​ជម្រើស​ជាតិ​ U19 ឆ្នាំ​២០១៦, U22 ឆ្នាំ​២០១៧, U23 ឆ្នាំ​២០១៩ និង​ជម្រើស​ជាតិ​ឈុត​ធំ​តាំង​ពី​ឆ្នាំ ២០១៦មក៕

​​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម
អត្ថបទថ្មី