Motorola យូរៗចេញ Flagship ម្ដង ឥឡូវមានបញ្ហាធំទាក់ទងនឹងអេក្រង់ទៀត!

  • 2020-06-16 07:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Motorola Edge+ គឺ​ជា​ការ​កំណត់​ចំណាំ​នូវ​ការ​វិលត្រឡប់​របស់ Motorola ក្នុង​ការ​ផលិត​ស្មាតហ្វូន​ប្រភេទ Flagship ដែល​វា​បាន​បង្ហាញ​មុខ​កាល​ពី​មេសា។ រយៈពេល​ជាង​មួយ​ខែ​ក្រោយ​ចេញ​លក់ អ្នក​ប្រើ​ប្រាស់​បាន​រាយការណ៍​អំពី​បញ្ហា​​​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទាក់ទង​នឹង​អេក្រង់។

អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​ចូល​ទៅ​កាន់​វិបសាយ​ពិគ្រោះ​យោបល់​របស់ Motorola ដើម្បី​ត្អូញត្អែរ​អំពី​បញ្ហា​ដែល​លេច​ចេញ​នូវ​ពន្លឺ​ពណ៌​ស្វាយ និង​ពណ៌​បៃ​តង យ៉ាង​ចម្លែក​លើ​អេក្រង់។ អ្នក​ប្រើ​ប្រាស់​និយាយ​ថា​ពន្លឺ​ពណ៌​ស្វាយ​នេះ​លេច​ចេញ​ឡើង ពេល​ប្រើ​ប្រាស់​រយៈពេល​យូរ ពេល​​ទុក​ចោល​ទៅ​វា​នឹង​បាត់​ដោយ​ខ្លួន​ឯង ប៉ុន្តែ​វា​នឹង​វិល​ត្រឡប់​មក​វិញ​ពេល​ប្រើ​ប្រាស់​រយៈពេល​យូរ​ម្ដង​ទៀត។

អ្នក​គ្រប់គ្រង​លើ​វិបសាយ​ពិគ្រោះ​យោបល់​របស់ Motorola បាន​ឆ្លើយ​តប​ដែរ​ថា​នឹង​មាន​ការ​អាប់ដេត​ Software ថ្មី ដែល​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ហើយ​គេ​បាន​ណែនាំ​​ដល់​អ្នក​ប្រើ​ប្រាស់​ថា​កុំ​ប្រញាប់​ប្ដូរ​​យក​ទូរសព្ទ​ថ្មី ព្រោះ​ថា​ទូរសព្ទ​ថ្មី​ក៏​អាច​មាន​បញ្ហា​អេក្រង់​ស្រដៀង​គ្នា​នេះ​ដែរ។ អ្វី​ដែល​គួរ​ធ្វើ គឺ​គួរ​តែ​រង់​ចាំ​ការ​អាប់ដេត​ថ្មី និង​ចាំ​មើល​ថា​តើ​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ឬ​អត់។

ក្រោយ​មក​ទៀត មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ការ​អាប់ដេត​ពិត​ជា​បាន​ជួយ​ដោះ​ស្រាយ​បញ្ហា​អេក្រង់​លើ Edge+ របស់​ពួក​គេ។ យ៉ាងណាក្ដី ក៏​​នៅ​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​អះអាង​ថា​បញ្ហា​នៅ​តែ​វិល​ត្រឡប់​មក​វិញ ពេល​ប្រើ​ប្រាស់​រយៈពេល​យូរ។ អ្នក​គ្រប់គ្រង​ក៏​បាន​ណែនាំ​ដល់​អ្នក​ដែល​នៅ​តែ​ជួប​បញ្ហា​ថា​ អាច​យក​ទូរសព្ទ​ទៅ​ប្ដូរ​ថ្មី​នៅ​ Verizon បាន ប្រសិន​បើ​បញ្ហា​នៅ​តែ​ដោះ​ស្រាយ​មិន​ចេញ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី