ទីបំផុតអ្នកនៅរុស្ស៊ីអាចប្រើ Telegram បានដោយសេរីវិញហើយ

  • 2020-06-19 03:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពីរ​ឆ្នាំ​មុន​ រុស្ស៊ី​បាន​ចេញ​​បម្រាម​ហាម​ឃាត់​​លើ​កម្មវិធី​ផ្ញើ​សារ​ Telegram ដែល​រឹត​ត្បិត​​ការ​ប្រើ​ប្រាស់​កម្មវិធី​នេះ​នៅ​រុស្ស៊ី។ ពេល​នេះ​ការ​ហាម​ឃាត់​ត្រូវ​បាន​បញ្ចប់ ដែល​មាន​ន័យ​ថា​​អ្នក​រស់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី អាច​ប្រើ​ប្រាស់​កម្មវិធី​នេះ​បាន​ដោយ​សេរី។

រយៈពេល ២​ឆ្នាំ​កន្លង​មក​នេះ ការ​ដាក់​បម្រាម​លើ​កម្មវិធី Telegram មិន​សូវ​ទទួល​បាន​ប្រសិទ្ធភាព​ប៉ុន្មាន​ឡើយ ដោយ​សារ​​​អង្គភាព​រុស្ស៊ី និង​ជន​ជាតិ​រុស្ស៊ី​ភាគ​ច្រើន​តែង​តែ​រិះរក​វិធី​ដើម្បី​អាច​ប្រើ​ប្រាស់​កម្មវិធី Telegram បាន​ ដូច​ជា​តាម​រយៈ​ការ​ប្រើ VPN ឬ​​សេវាកម្ម​ដែល​លាក់​បាំង​អត្តសញ្ញាណ​អ្នក​ប្រើ​ប្រាស់​​ផ្សេងៗ។

កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ លោក Pavel Durov ​ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ Telegram បាន​និយាយ​ថា​​​រុស្ស៊ី​គួរ​តែ​ដក​ចេញ​បម្រាម​លើ​ Telegram ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​នៅ​រុស្ស៊ី ប្រើ​ប្រាស់​សេវាកម្ម​របស់​ខ្លួន​បាន​ដោយ​ងាយ​ស្រួល។

​ ​គួរ​ដឹង​ថា​តុលាការ​រុស្ស៊ី​បាន​ដាក់​បម្រាម​ហាម​ឃាត់​លើ Telegram កាល​ពី​ខែ​មេសា ឆ្នាំ ២០១៨ ព្រោះ​តែ Telegram មិន​ព្រម​ចែក​រំលែក​​កូនសោ​សម្រាប់​ដោះ Encryption ​​របស់​ខ្លួន ​ទៅ​ឲ្យ​ស្ថាប័ន​​​ Roskomnadzor ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​នៅ​​រុស្ស៊ី។ ការ​ប្រកែក​មិន​ព្រម​ផ្ដល់​ឲ្យ​នេះ គឺ​បាន​ល្មើស​នឹង​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​របស់​រុស្ស៊ី ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ផ្ញើ​សារ​ផ្ដល់​សិទ្ធ​ដល់​អាជ្ញាធរ​ក្នុង​ការ​ Decrypt សារ។ ពេល​នោះ លោក Pavel និយាយ​ថា​ភាព​ជា​ឯកជន​មិន​មែន​សម្រាប់​ដាក់​លក់​នោះ​ទេ។

សម្រាប់​ការ​ដក​ចេញ​បម្រាម​លើ​ Telegram ​ខាង​ស្ថាប័ន Roskomnadzor បាន​និយាយ​ថា​ព្រោះ​តែ​​ Telegram បាន​បង្ហាញ​​ឆន្ទៈ​ខ្ពស់​ដើម្បី​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​ប្រឆាំង​ភេរវកម្ម​នា​ពេល​កន្លង​មក៕​​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង