ចិនដោះលែងទាហានឥណ្ឌា ១០នាក់ ក្រោយប៉ះគ្នាមួយប្រ៉ាវស្លាប់ ២០នាក់
- 2020-06-19 04:38:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនដោះលែងទាហានឥណ្ឌា ១០នាក់ ក្រោយប៉ះគ្នាមួយប្រ៉ាវស្លាប់ ២០នាក់
ចន្លោះមិនឃើញ
ប្រទេសចិនបានដោះលែងទាហានឥណ្ឌា ១០ នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាដ៏សាហាវមួយរវាងភាគីទាំងពីរកាលពីថ្ងៃច័ន្ទ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា។
កាសែតហិណ្ឌូដែលដកស្រង់ប្រភពយោធា បាននិយាយថាអ្នកដែលត្រូវបានដោះលែងរួមមានឧត្តមសេនីយ៍ឯក និងវរសេនីយ៍ឯកបីរូប។ រដ្ឋាភិបាលឥណ្ឌា មិនបានបញ្ជាក់ពីព័ត៌មាននេះទេ ហើយក៏មិនបានបញ្ជាក់ថាកងទ័ពរបស់ខ្លួនណាមួយបានបាត់ខ្លួននោះដែរ។ ការដោះលែងនេះ ត្រូវបានធ្វើឡើង ក្រោយផ្ទុះការប្រយុទ្ធគ្នានៅជ្រលងភ្នំហ្គាវ៉ាន់ដែលបានធ្វើឱ្យទាហានឥណ្ឌាយ៉ាងតិច ២០ នាក់ស្លាប់ និងបង្កភាពតានតឹងរវាងមហាអំណាចទាំងពីរ។ ប្រទេសចិនមិនបានរាយការណ៍ការស្លាប់ និងរបួសណាមួយក្នុងចំណោមកងកំលាំងរបស់ខ្លួននោះទេ ខណៈទាហានឥណ្ឌាយ៉ាងតិច ៧៦ នាក់បានរងរបួស។ ភាគីទាំងពីរបានចោទប្រកាន់ភាគីម្ខាងទៀតពីការលុកលុយគ្នាទៅវិញទៅមក។ យោងតាមលោក Shiv Aroor អ្នកនិពន្ធជាន់ខ្ពស់នៅកាសែត India Today ឲ្យដឹងថាការដោះលែងកងទ័ពឥណ្ឌា បានបង្កើតជាចំណុចសំខាន់នៃការចរចារវាងភាគីទាំងពីរកាលពីថ្ងៃពុធ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បាននិយាយថាកងទ័ពទាំងពីរ បានប៉ះទង្គិចគ្នានៅលើជួរភ្នំដែលមានកម្ពស់ជិត ៤ ៣០០ ម៉ែត្រ នៅលើដីដ៏ចោតដោយទាហានមួយចំនួនបានធ្លាក់ចូលទៅក្នុងទន្លេ Galwan ដែលហូរយ៉ាងលឿនក្នុងសីតុណ្ហភាពក្រោមសូន្យអង្សាទៀតផង៕