ទិវាឪពុកឆ្នាំនេះ ចំថ្ងៃដែលកើតមានបាតុភូតសូរ្យគ្រាស

  • 2020-06-19 06:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា​ឪពុក​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​សប្ដាហ៍​ទី​បី នៃ​ខែ​មិថុនា​ជា​រៀង​រាល់​ឆ្នាំ​ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ឆ្នាំ​ ២០២០ ​នេះ​ទិវា​ឪពុក​​គឺ​ចំ​ថ្ងៃ​ទី​ ២១។ នៅ​ថ្ងៃ​ទី ២១ នេះ​ដែរ នឹង​​កើត​មាន​បាតុភូត​សូរ្យគ្រាស​លើ​ផ្ទៃ​មេឃ​ផង​ដែរ។ នេះ​បើ​តាម​វិបសាយ timeanddate។

បាតុភូត​នេះ​​អាច​មើល​ឃើញ​ចេញ​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្វ្រិក និង​ទ្វីប​អាស៊ី ហើយ​ក្នុង​នោះ​​​កម្ពុជា​ក៏​អាច​មើល​ឃើញ​បាតុភូត​នេះ​មួយ​ផ្នែក​ផង​ដែរ ដែល​មើល​ឃើញ​ជា​លក្ខណៈ​ចំណិត​មិន​មែន​បាំង​ពេញ​ឡើយ (Partial Solar Eclipse)។ តាម​វិបសាយ​ខាង​លើ​បាន​បញ្ជាក់​ថា​ ទីក្រុង​ភ្នំពេញ​នឹង​​​កើត​មាន​បាតុភូត​នេះ​​ដែល​ចាប់​ផ្ដើម​ពី​ម៉ោង ១៣៖៣០នាទី​ ​និង​បញ្ចប់​ទៅ​នៅ​ម៉ោង ១៦៖១៦នាទី ​ហើយ​​​ពេល​ដែល​អាច​មើល​ឃើញ​ច្បាស់​គឺ​នៅ​វេលា​ម៉ោង ១៥៖០១នាទី​​​។

រូបរាងនៃសូរ្យគ្រាស ដែលអាចមើលឃើញពីទីក្រុងភ្នំពេញ វេលាម៉ោង ១៥៖០១នាទី ថ្ងៃទី ២១ មិថុនា

​​​​​​​ផ្អែក​តាម​អង្គការ​ណាសា​បាន​ឲ្យ​ដឹង​ថា​ ​នៅ​ភាគ​ជើង​នៃ​ប្រទេស​ឥណ្ឌា​​គេ​នឹង​ឃើញ​មាន​ព្រះចន្ទ​ចូល​មក​បាំង​ពន្លឺ​ព្រះអាទិត្យ​រហូត​ដល់ ៩៩,៤% ឯណោះ ដែល​​សូរ្យគ្រាស​បែប​នេះ​ គេ​​ឲ្យ​ឈ្មោះ​ថា​ “Ring of Fire” ព្រោះ​តែ​មាន​ពន្លឺ​ភ្លើង​ស្ថិត​នៅ​ជុំវិញ​ព្រះចន្ទ​តែ​ម្ដង។

Ring of Fire

សូរ្យគ្រាស គឺ​ជា​បាតុភូត​ធម្មជាតិ​​ដែល​​គេ​អាច​មើល​ឃើញ​ពី​ផែនដី នៅ​ពេល​ដែល​ដំណើរ​គោចរ​នៃ​ព្រះចន្ទ​ឆ្លងកាត់​ចន្លោះ​​ផែនដី និង​ព្រះអាទិត្យ ហើយ​បាន​បាំង​ពន្លឺ​ព្រះអាទិត្យ៕

ប្រភព៖ timeanddate   ប្រែ​សម្រួល៖ សុខហេង