មានឡាននេះជិះ អាចដោះសោដោយប្រើតែ iPhone ឬ Apple Watch

  • 2020-06-23 02:32:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​​ប្រកាស​ចេញ iOS 14 ដោយ​មាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​​ ដែល​ក្នុង​នោះ​រួម​មាន​មុខងារ​ Car Key ជា​មុខងារ​សម្រាប់​ដោះ​ ឬ​ចាក់​សោ​រថយន្ត​ដោយ​ប្រើ​ iPhone ឬ Apple Watch ​ដែល​អាច​ប្រើ​បាន​មុខ​គេ​តែ​ជា​មួយ​រថយន្ត BMW 5 Series ឆ្នាំ ២០២១ ប៉ុណ្ណោះ។

​មុខងារ​នេះ​គឺ​ប្រើ​ប្រាស់​នូវ​​បច្ចេកវិទ្យា NFC ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដាក់​ទូរសព្ទ​របស់​ពួក​គេ​នៅ​ក្បែរ​ដៃ​ទ្វារ ដើម្បី​អាច​ដោះ​សោ​រថយន្ត។ បន្ទាប់​មក​អ្នក​ប្រើ​ប្រាស់​អាច​ដាក់ iPhone នៅ​ទីតាំង​សម្រាប់​ដាក់​ស្មាតហ្វូន ហើយ​អាច​បញ្ឆេះ​រថយន្ត​បាន។

ម្ចាស់​រថយន្ត​ក៏​អាច​ចែក​រំលែក​សោ​នេះ​ជា​មួយ​មិត្តភ័ក្ដិ​ និង​ក្រុម​គ្រួសារ​បាន​ផង​ដែរ។ BMW បាន​និយាយ​ថា​ម្ចាស់​រថយន្ត​អាច​ចែក​រំលែក​សោ​ដល់​​អ្នក​ផ្សេង​ទៀត​បាន​ដល់ ៥​នាក់ ហើយ​ម្ចាស់​រថយន្ត​អាច​កំណត់​នូវ​កម្លាំង​រថយន្ត, ល្បឿន​អតិបរមា, កម្រិត​សំឡេង​វិទ្យុ និង​កំណត់​ចំណុច​ជា​ច្រើន​ទៀត​បាន​ផង​ដែរ។

មុខងារ​សោ​ឌីជីថល​នេះ​​​​អាច​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ និង​អាច​ដំណើរ​ការ​បាន​ដល់​ ៥​ម៉ោង​ ទោះ​បី​ជា​ iPhone ត្រូវ​រលត់​ដោយ​សារ​អស់​ថ្ម​ក្ដី។ BMW នឹង​បន្ថែម​ការ​​គាំទ្រ​មុខងារ​នេះ​ដល់​រថយន្ត​ដទៃ​ទៀត​​រួម​មាន​​ម៉ូដែល​​ 1, 2, 3, 4, 5, 6, 8, X5, X6, X7, X5M, X6M និង​ Z4 ដែល​ផលិត​ក្រោយ​ថ្ងៃ​ទី ១ ខែ​កក្កដា ឆ្នាំ ២០២០ ហើយ​នឹង​អាច​ដំណើរ​ការ​ក្នុង​ប្រទេស​ចំនួន ៤៥។

គួរ​ដឹង​ដែរ​ថា iPhone ដែល​អាច​ដំណើរ​ការ​មុខងារ​សោ​ឌីជីថល​នេះ​បាន​គឺ​មាន​ចាប់​ពី iPhone XR, iPhone XS ឡើង​ទៅ ហើយ​ក៏​អាច​ប្រើ​ប្រាស់​នៅ​លើ Apple Watch Series 5 ឡើង​ផង​ដែរ៕​​​​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង