Wanheng ដែល​ជា​កីឡាករ​បំបែក​កំណត់ត្រា​របស់ Floyd មាន​ប្រវត្តិ​បែប​ណា?

  • 2020-06-23 03:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​កីឡា​ប្រដាល់​សកល​របស់​ថៃ Wanheng Menayothin ទើប​តែ​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​​​កាល​ពី​ពេល​ថ្មី​ក្នុង​កំណត់ត្រា​ប្រកួត​មិន​ដែល​ចាញ់ ៥៤-០ ហើយ​បាន​បំបែក​កំណត់ត្រា​របស់​កីឡាករ​អាមេរិក Floyd Mayweather ក្នុង​នាម​ជា​អ្នក​មិន​ដែល​ចាញ់​បាន​ច្រើន​ប្រកួត។

Wanheng ដែល​មាន​ឈ្មោះ​ពិតChayaphon Moonsri កើត​ក្នុង​ខេត្ត​មហាសារ៉ាខាម​ ប្រទេស​ថៃ​ក្នុង​ឆ្នាំ​១៩៨៥ បច្ចុប្បន្ន​អាយុ​៣៤​ឆ្នាំ។ Wanheng បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ផ្នែក​សិល្បៈ​ពី​សាកលវិទ្យាល័យ Bangkokthonburi។ មុន​ពេល​ឈាន​ជើង​ចូល​ជា​អ្នក​ប្រដាល់​សកល គេ​មាន​ប្រភព​ចេញ​ពី​កីឡាករ​មួយថៃ ដោយ​កាល​នោះ​គេ​ហាត់​ក្នុង​ក្លឹប Kaiyanghadaogym នៅ​អាយុ​១៣​ឆ្នាំ ដើម្បី​រក​លុយ​ផ្គត់ផ្គង់​គ្រួសារ។

គេ​ធ្លាប់​គ្រង​ខ្សែក្រវាត់​សង្វៀន Lumpinee ម្ដង​និង​ខ្សែ​ក្រវាត់​ប្រទេស​ថៃ​ម្ដង។ Wanheng បាន​បោះ​ជំហាន​ក្នុង​អាជីព​ប្រដាល់​សកល​ក្នុង​ឆ្នាំ​២០០៧។ គេ​យក​បាន​ខ្សែក្រវាត់ WBC Youth world ក្នុង​ប្រភេទ​ទម្ងន់ Minimumweight នៅ​​ក្នុង​ប្រកួត​ទី​៣​របស់​គេ។

ក្នុង​ឆ្នាំ​២០១៤ គេ​ដណ្ដើម​បាន​ខ្សែក្រវាត់​ពិភពលោក WBC Minimumweight (៤៧,៦៣​គីឡូក្រាម) ពី​កីឡាករ Oswaldo Novoa សញ្ជាតិ​ម៉ិកស៊ិក ដែល​ការ​ប្រកួត​រៀបចំ​នៅ​ប្រទេស​ថៃ។ ជា​រឿង​អស្ចារ្យ Wanheng បាន​ការពារ​ខ្សែ​ក្រវាត់​នេះ​បាន​ដល់​១២​ដង​ទល់​នឹង​កីឡាករ​គ្រប់​ជាតិ​សាសន៍​រហូត​ដក់​​បច្ចុប្បន្ន ដោយ​ចុងក្រោយ​របស់​គេ​ជួប​កីឡាករ​អាហ្វ្រិកខាងត្បូង Simphiwe Khonco ក្នុង​ខែ​ តុលា ឆ្នាំ ២០១៩។

ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ការ​ប្រកួត​ទាំង​៥៤​របស់ Wanheng គឺ​វាយ​ក្នុង​ប្រទេស​ថៃ​ទាំង​អស់​ មិន​ដែល​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។ កាល​នៅ​ជា​​កីឡាករ​មូយថៃ​គេ​ក៏​ធ្លាប់​ជួប Phetmorakot ផង​ដែរ តែ​លទ្ធផល​ចាញ់​ពិន្ទុ៕

​​

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ