រោងកុននៅ​ថៃបើកជាថ្មី តែ​ត្រូវអនុវត្តគោលការណ៍ទាំងនេះជា​ដាច់ខាត

  • 2020-06-23 04:07:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​ក៏ជា​ប្រទេស​ដែរ​កំពុង​ស្ថិត​នៅ​ដំណាក់​កាល​ទី​ ៣​នៃ​ការ​ឆ្លង​មេរោគ​ COVID-19 ដែរ ប៉ុន្តែ​ដោយសារ​គ្រប់​យ៉ាង​ហាក់​ធូរស្រាល​ជាង​មុន​ ស្របពេល​ការ​យល់​ដឹង​នៃ​ការ​ការពារ​មាន​ការកើនឡើង​ ដូចនេះ​ វា​ក៏​ក្លាយ​ជា​ឱកាស​សម្រាប់​ការ​បើក​ជា​ថ្មី​នូវ​អាជីវ​កម្មមួយ​ចំនួន។

ជាក់ស្ដែង​ ក្នុង​នោះ​ រោងកុន​ក៏​ត្រូវ​បាន​អនុញាតិ​ឲ្យ​បើក​ដំណើរការ​វិញ​ កាលពី​ថ្ងៃទី​ ០១ ខែមិថុនា ឆ្នាំ ២០២០។ ប៉ុន្តែ​បើ​ទោះ​បី​ជា​អាច​បើក​វិញ​ក៏​ដោយ​ ក៏ខាងនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងមេរោគ COVID-19 ចេញ​គោលការណ៍​មួយ​ចំនួន​ ដាក់​ឲ្យអនុវត្ត​ដែរ។

ដើម្បី​ការពារ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ ដាច់ខាត​ត្រូវ​អនុត្តគោលការណ៍​ដូចតទៅ៖

១. មិន​ត្រូវ​ញ៉ាំ ឬ​ផឹក​ភេសជ្ជៈអ្វី​ទាំងអស់​ក្នុង​រោង​កុន។ អ្នក​ចូល​មើល​ អាច​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅសិន​ ប៉ុន្តែ​កន្លែង​ញ៉ាំអី​ក្រៅ​សាល​មើល​កុន​នោះ​ ត្រូវ​តែ​មាន​គម្លាត​គ្នាឲ្យ​បាន​ត្រឹម​ត្រូវ។

២. មនុស្ស​អាច​អង្គុយ​ជិត​គ្នា​ ច្រើន​បំផុត​ ២​នាក់។ អ្នក​ផ្សេង​ទៀត​ ត្រូវ​តែ​ដាច់​គ្នា​ ឬ​យ៉ាង​ហោច​ណាស់ទុក​ចន្លោះ ៣​កៅអី ឲ្យ​ឆ្ងាយពីគ្នា។ អ្នក​ចូល​មើលនោះ​ក៏​មិន​ត្រូវ​អង្គុយ​ពីមុខ ឬ​ពីក្រោយគ្នាចំៗដែរ។

៣. មហោស្រពភាពយន្ត​ និង ការ​បញ្ចាំង​ជាប់​ត្រូវបាន​ហាមឃាត់។

៤. រោងកុន​ត្រូវ​តែ​រក្សាអនាម័យ និង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាប់លាប់​ ក្រោយ​អ្នក​ទស្សនា​មើល​កុន​ចប់។

៥. ត្រូវ​តែ​ពាក់​ម៉ាស​គ្រប់ពេល​ ពេល​មើល​កុន

៦. បុគ្គលិក​ក្នុង​រោងកុន​ នឹង​ត្រូវ​ស្នើសុំ​ឲ្យ​អនុវត្ត​ច្បាប់​ស្ដី​ពី​ការ​បរិភោគ និង​ទទួល​ទានភេសជ្ជៈ ក៏ដូចជា​ការ​រក្សា​គម្លាត​ក្នុង​សង្គម៕

ប្រភព៖ The Thaiger   ប្រែ​សម្រួល៖ យី សុធារី