ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍ និងបានតួនាទីជាគ្រូ U18 នៅបឹងកេត
- 2020-06-24 09:13:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច បញ្ចរ៉ុង ប្រកាសចូលនិវត្តន៍ និងបានតួនាទីជាគ្រូ U18 នៅបឹងកេត
ចន្លោះមិនឃើញ
បើតាមការចុះផ្សាយលើគេហទំព័រផ្លូវការ របស់បឹងកេតខ្សែការពារចាស់វស្សា ទូច បញ្ចរ៉ុង បានប្រកាសចូលនិវត្តន៍ហើយនៅរសៀលថ្ងៃនេះក្នុងវ័យ៣៣ឆ្នាំ ហើយរូបគេនឹងឡើងតួនាទីជាគ្រូបង្វឹក ឈុតយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លឹបជើងឯកលីគកំពូលកម្ពុជា ៣ សម័យកាល។
កីឡាករមានដើមកំណើតមកពីកោះកុង បញ្ចរ៉ុង បានបញ្ជាក់ថា ៖«និយាយទៅការសម្រេចចិត្តរបស់ខ្ញុំនេះគឺមាន២ចំណុច ទីមួយគឺចង់អភិវឌ្ឍនខ្លួនឯងបន្ថែមទៀត ក្នុងវិស័យបាល់ទាត់ដែរតែក្នុងលក្ខណៈជាគ្រូបង្វឹក ហើយទីពីរគឺខ្ញុំចង់ផ្តល់ឱកាសឱ្យប្អូនៗជំនាន់ក្រោយអភិវឌ្ឍខ្លួនបានលឿន ដើម្បីទុកកន្លែងឱ្យពួកគាត់»។
ខ្សែការពារស្ដាំ បញ្ចរ៉ុង ក្នុងរដូវកាលឆ្នាំ២០១៩-២០២០នេះ មិនទាន់បង្ហាញខ្លួនឱ្យបឹងកេតនៅឡើយទេ ដ្បិតក្លឹបកំពុងមានខ្សែការពារល្អៗនិងពេញកម្លាំងរួមមាន ទេស សម្បត្តិ និង ស្លេះ សេន ជាដើម។
ក្នុងការផ្លាស់ប្ដូរពីកីឡាករអាជីពមកជាគ្រូបង្វឹកបែបនេះ បញ្ចរ៉ុង បានអះអាងថាមានផលលំបាកខ្លះដែរ ព្រោះវាគឺជាការចាប់ផ្តើមដំបូងរបស់គេ។
បញ្ចរ៉ុង បានលេងឱ្យបឹងកេតចាប់ពីរដូវកាល ២០១២ និងបានជួយក្លឹបឈ្នះពានលីគកំពូលកម្ពុជា ៣សម័យកាល ( ២០១២, ២០១៦ និង ២០១៧ ) និងឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកដំបូងក្នុងប្រវត្តិសាស្រ្តក្លឹបនៅឆ្នាំ ២០១៩៕