ក្រុមហ៊ុនជប៉ុន គ្រោងនាំចេញបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia

  • 2020-06-25 08:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito (ស្ថាបនិក និងជានាយកក្រុមហ៊ុន)។ ជំនួបនេះមានបំណងសម្តែងការគួរសម និងពិភាក្សាការងារអំពីគំនិតផ្តួចផ្តើមនៃការបង្កើតអនុស្សារណ:យោគយល់គ្នាស្តីពី "កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។"

លោក Dr. Nabeshima បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាកសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។

លោកបន្ថែមថា ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។

តាមរយ:តំណាងក្រុមហ៊ុននីមួយៗ បានសម្តែងនូវឆន្ទ:យ៉ាងមុតមាំថានឹងចូលរួមចែករំលែក បទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសោមនស្សរីករាយជាពន់ពេក និងគាំទ្រនូវរាល់ចំណុចសំខាន់ៗដែលក្រុមហ៊ុនបានលើកឡើង។ នេះជាចំណុចចាប់ផ្តើមប្រកបដោយ មោទកភាពសម្រាប់ក្រសួង ដ៏ដូចជារាជរដ្ឋាភិបាល ជាពិសេសកសិករផលិតបន្លែផ្ទាល់តែម្តងតាមរយ:ការផ្ញើក្តីសង្ឃឹមថា នឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍវិស័យផលិតកម្មបន្លែនៅកម្ពុជានាពេលអនាគតដ៏ខ្លី ក្នុងន័យទទួលបានភាពជាម្ចាស់ក្នុងការផលិត ផ្គត់ផ្គង់ និងឈានទៅធ្វើការនាំចេញបន្លែទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាក "ផលិតផលកម្ពុជា"

ប្រភព៖ ហ្វេសប៊ុក ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

អត្ថបទពេញនិយម