ក្រុមហ៊ុនជិត ១០០ ឈប់ដាក់ Ads លើ Facebook

  • 2020-06-26 04:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​​ការ​ស្លាប់​របស់​លោក George Floyd មក បណ្ដាញ​សង្គម​ Facebook បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្ហោះ​អំពី​ការ​លើក​តម្កើង​អំពើ​ហិង្សា​​​របស់​លោក ដូណាល់ ត្រាំ លើ​បណ្ដាញ​របស់​ខ្លួន ដោយ​លោក Mark Zuckerberg បាន​សម្រេច​ចិត្ត​មិន​មាន​សកម្មភាព​អ្វី​ទាំង​អស់​លើ​ការ​បង្ហោះ​បែប​នេះ ​ដោយ​លោក​បាន​និយាយ​​ថា​វា​មិន​​បាន​​ល្មើស​នឹង​បទ​បញ្ជា​ក្រុមហ៊ុន​នោះ​ទេ។ ចំណែក​​ឯ​​​ Twitter វិញ​ បាន​ដាក់​​​ការ​​សម្គាល់​លើ​ការ​បង្ហោះ​របស់​លោក ដូណាល់ ត្រាំ​ ​​ថា​​ជា​ "ការ​លើក​តម្កើង​អំពើ​ហិង្សា"។

​​​​​​សកម្មភាព​របស់​លោក Mark Zuckerberg បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ប្រឆាំង​ទាំង​ពី​អ្នក​ខាង​ក្នុង​ក្រុមហ៊ុន Facebook និង​អ្នក​ខាង​ក្រៅ។ ក្រុម​សកម្មជន​សិទ្ធ​មនុស្ស​ និង​បណ្ដា​អង្គភាព​ជុំវិញ​ពិភពលោក​បាន​សម្ដែង​ការ​រិះគន់​ជា​ខ្លាំង និង​បាន​ទាមទារ​ឲ្យ​បណ្ដាញ​សង្គម​យក្ស​នេះ​​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ច្បាប់​របស់​ខ្លួន។

​​​​​​​មិន​តែ​ប៉ុណ្ណោះ​មាន​យុទ្ធនាការ​មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ឈ្មោះ​ថា​ #StopHateForProfit ដែល​ទទូច​ឲ្យ​ក្រុមហ៊ុន​​នានា​ធ្វើ​ពហិការ​ចំពោះ​ Facebook តាម​រយៈ​ការ​ឈប់​ប្រើ​សេវា​ផ្សាយ​ពាណិជ្ជកម្ម​​របស់​បណ្ដាញ​សង្គម​នេះ​នៅ​ខែ​កក្កដា។ យុទ្ធនាការ​នេះ​បង្កើត​ឡើង​ដោយ​​អង្គការ Color of Change, ADL និង NAACP ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មិថុនា ជា​មួយ​គោល​បំណង​សុំ​ឲ្យ​ Facebook ជួយ​ទប់​ស្កាត់​ការ​ចែក​ចាយ​មាតិកា​ពោរពេញ​ដោយ​ការ​ស្អប់ ហិង្សា ​និង​ការ​រើស​អើង​ពូជ​សាសន៍។

នៅ​ថ្ងៃ​ទី ២៥ ខែ​មិថុនា Verizon ដែល​​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​លោក​បាន​ប្រកាស​ចូល​រួម​យុទ្ធនាការ​នេះ ដែល​ពួក​គេ​បាន​អះអាង​ថា​​​នឹង​បញ្ឈប់​ការ​ទិញ​ផ្ទាំង​​ផ្សព្វផ្សាយ​លើ Facebook ​រហូត​ដល់​ពេល​ដែល​ Facebook រក​ឃើញ​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​មួយ។ គួរ​ដឹង​ថា​មក​ទល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ជិត ១០០​ហើយ ដែល​ចូល​រួម​យុទ្ធនាការ​នេះ ដែល​រួម​មាន​ Ben & Jerry's, The North Face, REI, Patagonia និង Eddie Bauer ជា​ដើម៕

​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង