GM នឹងកែឡាន Colorado ZR2 ទៅជាឡានដឹកទាហានអាមេរិក ឯតម្លៃកើន១០ដង

  • 2020-06-30 05:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GM Defense LLC ដែលស្ថិតក្រោមក្រុមហ៊ុនមេ General Motors បានឈ្នះការចេញថ្លៃកុងត្រា ២១៤,៣លានដុល្លារ ជាមួយនឹងកងទ័រអាមេរិក ដើម្បីផលិតរថយន្ត Infantry Squad Vehicle (ISV) សម្រាប់ដឹកទាហានថ្មី។

រថយន្ត Infantry Squad Vehicle (ISV)

រថយន្ត ISV នោះនឹងមានទម្ងន់ស្រាល ហើយរហ័សរហួន ដែលអាចដឹកទាហានអាមេរិកចំនួន ៩នាក់ក្នុងមួយគ្រឿង។ មិនតែប៉ុណ្ណោះ វានឹងមានទម្ងន់ស្រាលដែលអាចប្រើឧទ្ធម្ភាគចក្រ UH-60 Blackhawk ស្ទូចសណ្តោងបាន ហើយក៏តូចល្មមអាចដាក់នៅក្នុងឧទ្ធម្ភាគចក្រ CH-47 Chinook សម្រាប់ដឹកតាមអាកាសផងដែរ។

គួរឲ្យដឹងថា រថយន្ត ISV នេះនឹងត្រូវផលិតផ្អែកតាមគ្រោងឆ្អឹងរបស់រថយន្តភីកអាប់ Chevrolet Colorado ZR2 ស៊េរីឆ្នាំ២០២០ ដែលមានតម្លៃចាប់ពីខ្ទង់ ៣២ ០០០ដុល្លារ។ វានឹងបំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ Duramax ទំហំ ៤ស៊ីឡាំង Turbo មានកម្លាំង ១៨៦សេះ ប្រើប្រអប់លេខអូតូ ៦វគ្គ។

រថយន្តភីកអាប់ Chevrolet Colorado ZR2

Colorado គឺជារថយន្តមួយក្នុងចំណោមរថយន្តចំនួន ៤ ដែលបានបញ្ចប់ការប្រណាំងគ្នាចំនួន ១១ប្រកួតជាប់ៗគ្នា ជាមួយនឹងគូប្រជែងសរុប ៤៣៤គ្រឿង។ កុងត្រាសរុប ២១៤,៣លានដុល្លារនោះ គឺសម្រាប់រថយន្ត ISV ចំនួន ៦៤៩គ្រឿង ដូច្នេះមានន័យថា ISV មួយគ្រឿងមានតម្លៃប្រហែល ៣៣០ ២០០ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង