ថា​អី​ចេះ​ខុស ខេម លេច​មុខ​ក្នុង Galaxy បាត់ និង​ទើប​ចេញ​បទ​ជាមួយ សីម៉ា ប៉ុន្មាន​នាទី​មុន​នេះ!

  • 2020-07-01 02:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម ដែល​កើត​ឡើង​ច្រើន​ខែ​មក​ហើយ​នោះ ពេលនេះ បាន​ក្លាយ​ជា​ការ​ពិត​ហើយ ដោយ​លោក ខេម បាន​លេច​មុខ​ក្នុង​ផលិតកម្ម Galaxy Navatra និង​ទើប​តែ​ចេញ​បទ​ជាមួយ​តារា​ស្រី តន់ ច័ន្ទ​សីម៉ា ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

ចម្រៀង​មួយ​បទ​នេះ មាន​ចំណង​ជើង​ថា "សុំ​មួយ​ពេល​មក" ជា​បទ​ទី​១​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង ខេម ព្រម​ជា​បទ​ដំបូង​របស់​លោក​ជាមួយ​នឹង​តារា​ចម្រៀង​ស្រី​មាឌ​ល្អិត​មក​ពី​ខេត្ត​តាកែវ​ដែរ។ បទ​នេះ ទើប​បាន​ចេញ​នៅ​លើ​ប្រព័ន្ធ​យូធូប ប្រមាណ​១០នាទី​មុន​នេះ​ប៉ុណ្ណោះ។

នៅ​មុន​នេះ ​លោក ខេម ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា អាច​ជា​តារា​ចម្រៀង​ម្នាក់​ទៀត​ដែល​អាច​នឹង​ចេញ​ពី​ទ្រនំ​ចាស់ ផ្លាស់​ទៅ​ទ្រនំ​ថ្មី នោះ​គឺ​ផលិតកម្ម Galaxy Navatra ដែល​បាន និង​កំពុង​ពេញ​និយម។ តម្រុយ​នេះ បាន​កើត​ឡើង​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៩ មក​ម្ល៉េះ ដោយ​សារ​តែ​កាល​ណោះ ម្ចាស់​បទ "​តារា​ចម្រៀង​របស់​ថោន បាន​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​យ៉ាង​ចំហ​ជាមួយ​នឹង​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ជា​ថៅកែ​ផលិតកម្ម Galaxy Navatra រួម​ទាំង​ថ្នាក់​ដឹកនាំ​ខ្លះ​ទៀត​របស់​ផលិតកម្ម​។

ជា​ពិសេស ក្រោយ​ពី​ឧកញ៉ា​វ័យ​ក្មេង បាន​ប្រកាស​គម្រោង​ផ្សារ "កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា" កាល​ពី​ដើម​ឆ្នាំ​នេះ ខេម ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តារា​ទី​១​ដែល​បាន​ស្ម័គ្រ​ខ្លួន​ចូល​មក​ជួយ​ម្ចាស់​គម្រោង​ផ្សារ ក្នុង​ចេតនា​ឡើង​កម្ពស់​ផ្សារ ក៏​ដូច​ជា​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ផលិតផល​កសិកម្ម​ធម្មតា​ជាតិ​ដែល​ដាំ​ដុះ​ដោយ​កសិករ​ខ្មែរ។ ទាំង​នេះ គេ​ជឿ​ថា លោក ខេម នឹង​អាច​ចូល​រួម​ជាមួយ Galaxy នៅ​ថ្ងៃ​ណា​មួយ​មិន​យូរ។

យ៉ាង​ណា ភ្លាម​ៗ​ភាគី​ទាំង​សងខាង គឺ​ខាង​សាមី​ខ្លួន​តារា​ចម្រៀង និង​ខាង​ផលិតកម្ម Galaxy បាន​បដិសេធ។ ប៉ុន្តែ​ពេល​នេះ អ្វី​ត្រូវ​បាន​លាត​ត្រដាង​អស់​ហើយ។ លោក យឹម តា​ស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម បញ្ជាក់​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា ពេល​នេះ​ម្ចាស់​បទ "ស្រឡាញ់ស្រីមួយម៉ែត្រ 73” ពិត​ជា​បាន​ចូល​រួម​ជាមួយ Galaxy Navatra មែន ក្រោយ​ពី​ការ​ចរចា​លើ​លក្ខខណ្ឌ​ការងារ​បាន​ព្រម​ព្រៀង​គ្នា​ស្រេច​បាច់​អស់។

តាស្រង់ មិន​បាន​អធិប្បាយ​ក្បោះក្បាយ​ទេ តែ​លោក​ថា បន្ទាប់​ពី​បទ "សុំ​មួយ​ពេល​មក" ដែល​ទើប​ចេញ​ក្ដៅ​ៗ​ចំ​ថ្ងៃ​ទី ១ ខែ​កក្កដា​នេះ ផលិតកម្ម​នឹង​រៀប​ចំ​បទ​ចម្រៀង​សម្រាប់​តារា​ចម្រៀង​ប្រុស​រូប​នេះ​បន្ត​បន្ទាប់ ដើម្បី​បុក​ទម្លុះ​ទីផ្សារ​កាន់​តែ​ខ្លាំង។ តោះ...ឥឡូវ​មក​ស្ដាប់​បទ​ទី​១​របស់ ខេម នៅ Galaxy Navatra ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម