Pedro មិន​ផ្ដោត​លើ​ស្បែកជើង​មាស តែចង់ឱ្យស្វាយរៀងលើក​ពាន​លីគ​កំពូល​​

  • 2020-07-01 09:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលសួរថាតើ Pedro រំពឹងឈ្នះស្បែកជើងមាស​ទេ ខណៈក្លឹបព្រះខ័នរាជស្វាយរៀង ធ្វើបានល្អនិងមិនទាន់ស្គាល់ពាក្យថា «ចាញ់» ហើយអាចនឹងលើកពានលីគកំពូលកម្ពុជា​ផងក្នុងដូវកាលនេះ?

រូបភាពព្រះខ័នរាជស្វាយរៀង

ឆ្លើយតបនឹងសំណួរនេះ ខ្សែបម្រើសញ្ជាតិប្រេស៊ីល បានអះអាងថា គេមិនសូវ​ផ្ដោតសំខាន់ប៉ុន្មានឡើយ ហើយការគិតពីរកគ្រាប់បាល់តែម្នាក់ឯង អាចជាផលពិបាកមួយសម្រាប់ក្រុមទាំងមូល។ អ្វីដែលសំខាន់គេ ចង់ឱ្យក្រុមឈ្នះពានប្រសើរជាង។

Pedro លើកឡើង​ថា ៖«ខ្ញុំសង្ឃឹមថា ខ្ញុំអាចជួយក្រុមតាមរយៈ​ការរកគ្រាប់បាល់បានច្រើន ប៉ុន្តែការចង់ក្លាយជា Top Scorer អាចជាផលវិបាកសម្រាប់ក្រុមទាំងមូល។ Yes, ក្នុងនាម​ជាកីឡាករ ពេលលេងគឺអាចសម្រចចិត្ត​បាន ប៉ុន្តែសំខាន់គឺ​ក្រុមឈ្នះជើងឯក​។ ការធ្វើការជាក្រុម ជារឿងសំខាន់បំផុត។ ខ្ញុំគិតថាក្រុមខ្ញុំនឹងឈ្នះពាន ព្រោះយើង​មាន​ក្រុម​មួយ​​ខ្លាំង និង​ប្រឹងប្រែងបំផុត»។

បើទោះ​បច្ចុប្បន្នក្លឹបព្រះខ័នរាជស្វាយរៀង ឈរនៅលេខរៀងទី២ តាមពីក្រោយភ្នំពេញក្រោនមែន ប៉ុន្តែ Pedro Augusto យល់ថាអ្វីៗអាចនឹងកើតឡើង ដ្បិតការប្រកួតនៅមានច្រើនទៀត បន្ទាប់ពីលីគត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅថ្ងៃទី០៤ និងទី០៥ ខែ​កក្កដា ឆ្នាំ​២០២០ខាងមុខនេះ។

រូបភាព CNCC

នៅជើងទី១ ការ​គិត​ពិន្ទុគឺ​បូក​បន្ត​គ្នា​ដោយ​គិត​លើ​ពិន្ទុ​សរុប​ និង​ផល​សង​គ្រាប់បាល់ ប៉ុន្តែដោយសារមានការពន្យារយៈពេលយូរនៃជំងឺកូវីដ១៩ ការប្រកួតជើងទី២ មានការប្រែប្រួលបន្តិច ពោលគឺក្រុមកំពូលទាំង៦ ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់​ថ្នាក់លេខ១ លេខ២ និង​លេខ​៣ និងគិតពិន្ទុតាមប្រព័ន្ធគឺតាមប្រព័ន្ធ Head-Head។ ចំណែក​ក្លឹប​នៅ​លំដាប់​ទី៧​ ដល់ទី ១៣ ​ប្រកួត​គ្នា​ជា​ធម្មតា​។

ចំណែក​ទីផ្សារ​ដោះដូរ​កីឡាករ ក្លឹប​នីមួយៗ​អាច​ទិញ​បាន​៥នាក់ ខ្មែរ​៣​នាក់ បរទេស​២​នាក់ ដែល​នឹង​ធ្វើ​ឡើង​ចាន់​ពី​ថ្ងៃ​ទី ៨ ខែសីហា ដល់​ថ្ងៃទី ៧ ខែកញ្ញា។

ការ​ប្ដូរ​កីឡាករ​ក្នុង​ការប្រកួត​ ក្លឹប​នីមួយៗ​អាច​ប្ដូរបាន​ចំនួន៥នាក់ ប៉ុន្តែធ្វើ​បាន​តែ​ ៣​ ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រកួត។

បច្ចុប្បន្នកីឡាករទើបលេងឱ្យព្រះខ័នរាជ​ស្វាយរៀង​​បាន៦ខែ Pedro Augusto​ ​​រកបាន​៥គ្រាប់ ជាកីឡាកររកគ្រាប់បានច្រើនលំដាប់លេខ២បណ្ដោះអាសន្ន នៅលីគកំពូលកម្ពុជារដូវកាល ២០១៩-២០២០ គិតត្រឹមសប្ដាហ៍ទី៥ តាមពីក្រោយខ្សែប្រយុទ្ធភ្នំពេញក្រោន Timothy មាន៧គ្រាប់។ ចំណែកក្លឹបរបស់គេមាន១៣ពិន្ទុស្មើនឹងក្រុមកំពូលតារាងភ្នំពេញក្រោន ឈរលេខរៀងទី២បណ្ដោះអាសន្ន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី